ខេត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវគេកាប់ចំនួន២ដាវសាមូរ៉ៃចំចិញ្ចើមខាងស្តាំរហូត ដល់ថ្ពាល់ និងចំចិញ្ចើមដាច់ទាំងក្តោងច្រមុះ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំចម្លង លុះព្រឹកឡើងសមត្ថកិច្ចហៅឪពុកម្តាយទៅប៉ុសិ៍្តរដ្ឋបាលសម្រុះសម្រួលសងថ្លៃព្យាបាល១៥ម៉ឺនរៀល ដោយនិយាយថា របួសស្រាល គ្រាន់តែលេបថ្នាំជាហើយ មិនបាច់ទៅដេកពេទ្យទេ។
ដោយជីវភាពក្រីក្រផង គ្រាន់តែគ្រូពេទ្យរុំរបួសឱ្យរួច ក៏យកមកផ្ទះវិញ ប៉ុន្តែបានតែ៨ថ្ងៃ ស្រាប់តែហើមសាច់រលួយហូរឈាមមកដូចគេអារ.កមាន់សន្លប់បាត់ស្មារតី ទើបក្រុមគ្រួសារដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្ត និងត្រូវគ្រូពេទ្យស្តីបន្ទោសថា ជិតហួសពេលទៅហើយ។ករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២០ ឧសភា កន្លងមកវេលាម៉ោងប្រមាណជា៩យប់ នៅភូមិវាលល្ងើត ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ។
បើតាមយុវជនឈ្មោះឥន សុភីយូ អាយុ២៩ឆ្នាំ ជាជនពិការជើងទាំងពីរ ដែលត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះនិយាយទាំងស្រក់ទឹកភ្នែកថា រូបគាត់មានតែពីរនាក់បងប្អូន ជាកូនកំព្រាម្តាយ មានតែឪពុកចាស់ជរា ធ្វើការធ្ងន់មិនបាន សព្វថ្ងៃរស់រំពឹងលើប្អូនប្រុសរកស៊ីចិញ្ចើម បើប្អូនប្រុសយ៉ាងណានោះ រូបគាត់ជាជនពិការ និងឪពុកចាស់មានជំងឺប្រចាំកាយផងពុំដឹងទីពឹងអ្វីទៀតទេ ។ ប្អូនប្រុសគាត់ឈ្មោះឥន សុគន្ធកាយា អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិជាយប្ញស្សី ឃុំចម្លង មុនពេលកើតហេតុបានទៅរាំធុងបាស ក្នុងពិធីមង្គលការនៅភូមិល្ងើត លុះដល់ម៉ោង៩យប់ ក៏ដើរចេញពីវង់រាំ បំណងត្រឡប់មកផ្ទះវិញ ពេលចេញពីផ្ទះការបានប្រមាណ៥ម៉ែត្រ ស្រាប់តែត្រូវឈ្មោះដែន អាយុ២៥ឆ្នាំ នៅភូមិខាងលើស្ទាក់កាប់ចំនួន២ដាវសាមូរ៉ៃ ហើយត្រូវមិត្តភក្តិ២នាក់ទៅជាមួយឃាត់រួចគ្រាហ៍យកមកមណ្ឌលសុខភាព។ ដោយជីវភាពក្រីក្រ គ្មានលទ្ធភាពយកប្អូនទៅមន្ទីរពេទ្យខេត្ត ម្យ៉ាងប៉ូលិសប្រាប់ថា របួសស្រាលគ្រាន់តែរុំរបួសហើយលេបថ្នាំមួយអាទិត្យជា រូបគាត់ក៏យកប្អូនមកផ្ទះទិញថ្នាំឱ្យលេប ក៏ប៉ុន្តែនៅថ្ងៃទី ២៨ ឧសភា ឆ្នាំ២០១១ វេលាម៉ោង៨ព្រឹក ស្រាប់តែហូរឈាមច្រមុះតាមមាត់ប្រកាច់សន្លប់ ទើបហៅអ្នកជិតខាងឱ្យជួយដឹកពីផ្ទះមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះនិងត្រូវគ្រូពេទ្យស្តី បន្ទោសថា ទុកឱ្យរបួសក្លាយហើមសាច់ជិតហួសពេលហើយ ។ អ្វីដែលប្រជាជន ខកចិត្តនោះគឺប៉ូលិសប៉ុសិ៍្តរដ្ឋបាលឃុំចម្លងមិនបានឃើញមុខរបួសជនរងគ្រោះផងបែរជានិយាយថា «របួសស្រាល» ៕
ចែករំលែកព័តមាននេះ