ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​ចិន​២​​នាក់​ដែល​ទម្លាក់​ក្មេង​ពី​ជាន់​ទី១៥​ត្រូវ​ប្រ.ហារ​ជីវិត​ថ្ងៃ​នេះ

3 ខែ មុន

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ​សមត្ថ​កិច្ច​ចិន​​ប្រហារ​ជីវិត​បុរស​-ស្ត្រី​ពីរ​នាក់​ជា​គូ​ស្នេហ៍​​ដែល​​បោះ​ទម្លាក់​កូន​ក្មេង​ៗ​តូច​ៗ​​ពី​លើ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​តាម​​បង្អួច​។ ទង្វើ​របស់​ពួកគេ​ត្រូវ​ប្រជា​ជន​ចិន​មាន​កំហឹង​យ៉ាង​ខ្លាំង​។ ទណ្ឌិត​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះសាង​ប៉ូ (Zhang Bo) និង​ម្នាក់​ទៀត​ឈ្មោះ​យេឆឹងឈឹន (Ye…

ទី​ក្រុង​ប៉េកាំង៖ ថ្ងៃ​នេះ ​សមត្ថ​កិច្ច​ចិន​​ប្រហារ​ជីវិត​បុរស​-ស្ត្រី​ពីរ​នាក់​ជា​គូ​ស្នេហ៍​​ដែល​​បោះ​ទម្លាក់​កូន​ក្មេង​ៗ​តូច​ៗ​​ពី​លើ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​តាម​​បង្អួច​។ ទង្វើ​របស់​ពួកគេ​ត្រូវ​ប្រជា​ជន​ចិន​មាន​កំហឹង​យ៉ាង​ខ្លាំង​។ ទណ្ឌិត​ទាំង​ពីរ​នាក់​ ម្នាក់​ឈ្មោះសាង​ប៉ូ (Zhang Bo) និង​ម្នាក់​ទៀត​ឈ្មោះ​យេឆឹងឈឹន (Ye Chengchen) ​​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ពី​បទ​បោះ​ទម្លាក់​​​កុមារី​​​​អាយុ​​​២​ឆ្នាំ​ និង​កុមារា​អាយុ​១​ឆ្នាំ​តាម​បង្អួច​ចេញ​​ពី​​​ជាន់​ទី​១៥​​​នៃ​អគារ​ខុន​ដូ​នៅ​ខេត្ត​ឆុង​ឈីង (Chongqing)។

សូម​រំលឹក​ប្រវត្តិ​សាវ​តារ​ និង​ដំណើរ​ដើម​ទង​ដែល​នាំ​ទៅ​ដល់​ការ​ប្រព្រឹត្ត​អំពើ​ឃោរ​ឃៅ​របស់​ពួក​គេ​។​ ​សាង​​ជា​បុរស​ដែល​កំពុងស្ថិត​នៅ​ក្នុង​ចំណង​អាពាហ៍​ពិ​ពាហ៍​ជា​មួយ​​នារី​ម្នាក់​ទៀត​ដោយ​មាន​កូន​ពីរ​នាក់​ (ដែល​ជា​ជន​រង​គ្រោះ​) ជា​ចំណង​ដៃ​​​។ នៅ​ពេល​កំពុង​មាន​ប្រពន្ធ​ បុរស​ឈ្មោះ​សាង​ទៅ​លួច​ទាក់​ទង​នារី​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​យេឆឹង​ឈឹន​ដោយ​កុហក​ថា​ខ្លួន​នៅ​លីវ​។ ចំណុច​កុហក​ហ្នឹង​ហើយ​ជា​បញ្ហា​។ ​មុន​ពេល​ស្រឡាញ់​គ្នា​ នារី​​ឈ្មោះ​យេ​​ពុំ​បាន​ដឹង​ថា​គាត់​មាន​ប្រពន្ធ​ និង​មាន​កូន​ទេ​។​

នៅ​ពេល​ដឹង​ការ​ពិត​នេះ នារី​ឈ្មោះ​យេ​ដាក់​លក្ខ​ខណ្ឌ​ឱ្យ​គាត់​លែង​ប្រពន្ធ​ចោល​, សម្លាប់​កូន​ទាំង​២​នាក់​ចោល​ និង​រៀប​ការ​ជា​មួយ​គ្នា​ប្រៀប​ដូច​កំលោះ-​ក្រមុំ​ឡើង​វិញ​ទើប​នាង​យល់​ព្រម​។​ នារី​ឈ្មោះ​យេ​ចាត់​ទុក​ក្មេង​ទាំង​២​ជា​បន្លា​នៅ​ក្នុង​កែវ​ភ្នែក​​​ដែល​ត្រូវ​តែ​កម្ចាត់​ចោល​​។ តាម​ពិត​បើ​ត្រឹម​តែ​បញ្ជូន​គ្នា​ឱ្យ​ទៅ​​រស់​នៅ​ជា​មួយ​អ្នក​ផ្សេង​ក៏​មិន​ធ្ងន់​ធ្ងរ​ពេក​ដែរ​។ ប៉ុន្តែ​នារី​នេះ​មាន​មហិច្ឆតា​ទុច្ច​រិត​ជ្រុល​ពេក​ ហើយ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​បង្វិល​ក្បាល​អ្នក​ដទៃ​ឱ្យ​ធ្វើ​អ្វី​តាម​ខ្លួន​ (manipulate)។

តាម​ពិត​ មនុស្ស​យើង​អាត្មា​និយម​គ្មាន​អ្វី​ខុស​ឆ្គង​ទេ​ (selfish) កុំ​ឱ្យ​ប៉ះ​ពាល់​ផល​ប្រយោជន៍​អ្នក​ដទៃ​។ ប៉ុន្តែ​នារី​នេះ​​ប្រហែល​ជា​​ហួស​ពី​អាត្មា​និយម​​ទៅ​ទៀត​។​ ​ចូល​លក្ខណៈ​លើក​តម្លៃ​ខ្លួន​​ឯងជ្រុល​ពេក​​​ ​ឬ​ពិភព​លោក​ស្ថិត​នៅ​ក្នុង​កែវ​ភ្នែក​របស់​ខ្លួន ​(narcissism)​។​

តុលាការ​រក​ឃើញ​ថា​​​នារី​ឈ្មោះ​យេ​​​និយាយ​ដុក​ឱ្យ​បុរស​ឈ្មោះ​សាង​​សម្លាប់​កូន​ខ្លួន​ឯង​​ចោល​ឱ្យ​ស្រឡះ​ទៅ​ព្រោះ​នាង​ចាត់​ទុក​ក្មេង​ៗ​ទាំង​នេះ​ជា​ឧប​សគ្គ​​ធ្វើ​​ឱ្យ​ពួក​គេ​​រៀប​ការ​មិន​​​​កើត​។ ម៉្យាង​ទៀត ​បើ​ទុក​ពួក​គេទៅ​​​​នាំ​​តែ​​ពិបាក​ចិញ្ចឹម​។ ​​​ពួក​គេ​ក៏​​​រៀប​ផែន​ការ​​សម្លាប់​ក្មេង​ៗ​​ទាំង​ពីរ​​ដោយ​ក្លែង​បន្លំ​ជា​ថា​​ពួក​គេ​ (ក្មេង​ៗ) ​​​​រអិល​ជើង​ធ្លាក់​​ពី​ជាន់​ទី​១៥​។ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ ​​ជា​ពេល​ដែល​បុរស​នេះ​ជិត​ដល់​ដំណាក់​កាល​លែង​លះ​គ្នា​ជា​មួយ​ប្រពន្ធ​របស់​គាត់​។ ឆ្លៀត​ពេល​ដែល​ប្រពន្ធ​ចេញ​ទៅ​ក្រៅ​បាត់​, គាត់​ក៏​​ចាប់​កូន​គ្រវែង​យក​ៗ​​​ដូច​គេ​​​​​បោះ​ថង់​សំរាម​ចោល​តាម​បង្អួច​ដូច្នេះ​ដែរ​។​​ ខែ​ធ្នូ ឆ្នាំ​២០២១ ​តុលាការ​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត។​

​កន្លង​ផុត​ទៅ​​ជាង​២​ឆ្នាំ សមត្ថ​កិច្ច​ក៏​ប្រហារ​ជីវិត​ពួក​គេ​​នៅ​ថ្ងៃ​នេះ​​តែ​ម្ដង​។ ​​នៅ​ថ្ងៃ​នេះ​ដែរ​​ក៏​មាន​ការ​ប្រហារ​ជីវិត​​​​មួយ​ករណី​ទៀត​នៅ​ប្រទេស​ចិន​ដដែល ហើយ​​​ពាក់​ព័ន្ធ​នឹង​ការ​​សម្លាប់​សាច់​ឈាម​របស់​ខ្លួន​ឯង​បង្កើត​ដដែល​​។​​ ​តុលាការ​ខេត្ត​ហ៊្វូជៀន​ (Fujian) ​រក​ឃើញ​ថា​បុរស​ឈ្មោះ​​អ៊ូស៊ីយូ (Wu Xieyu) ​​មាន​ទោស​ពី​បទ​សម្លាប់​ម្ដាយ​ខ្លួន​ឯង​បង្កើត​ដោយ​វាយ​សំពង​គាត់​នឹង​ដុំ​ដែក​អាល់​ទែ​កាល​ពី​​ឆ្នាំ​២០១៥​។ ​​ជា​និច្ចកាល​ ប្រទេស​ចិន​មិន​ផ្សព្វ​ផ្សាយ​អំពី​តួលេខ​ប្រហារ​ជីវិត​ប៉ុន្មាន​នាក់​​ក្នុង​មួយ​ឆ្នាំ​ទេ​។ ​​ប៉ុន្តែ​ប្រភព​ខ្លះ​វាយ​តម្លៃ​ថា​ប្រទេស​ចិន​នៅ​តែ​បន្ត​គ្រប់​គ្រង​តំណែង​ជើង​ឯកខាង​​​ប្រហារ​ជីវិត​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​។​

​ករណី​បុរស​ឈ្មោះ​សាង និង​នារី​ឈ្មោះ​យេ​ដែល​ឃុប​ឃិត​គ្នា​បោះ​កូន​ក្មេង​​​តាម​បង្អួច​ ហើយ​ប្រព្រឹត្ត​ឡើង​ដោយ​ឪ​ពុក​បង្កើត​បែប​នេះ​ហាក់​ដូច​ជា​ហួស​ហេតុ​ពេក​ហើយ​ ហើយ​បង្ក​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ប្រទេស​ចិន​។ អីចឹង​ហើយ​​បាន​ជា​អាជ្ញាធរ​ចិន​ផ្សព្វ​ផ្សាយ​រឿង​នេះ​ជា​សាធារណៈ​​ដើម្បី​​រសាយ​​​កំហឹង​របស់​មហា​ជន​។ ពួក​គេនឹង​​​គិត​ថា​​​នៅ​​ទី​បំផុត យុត្តិ​ធម៌​ពិត​ជា​មាន​សម្រាប់​ជន​រង​គ្រោះ​​។

បុរស​ឈ្មោះ​សាង​ធ្វើ​សម្ដែង​ហាក់​ដូច​ជា​សោក​ស្ដាយ​ការ​បាត់​បង់​ជីវិត​របស់​កូន​ខ្លួន​ឯង​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​គាត់​ចាប់​គ្រវែង​ពួក​គេ​សម្លាប់​ចោល​ពី​អគារ​ជាន់​ទី​១៥​។​ គាត់​ធ្វើ​ជា​រត់​ត្រហេប​ត្រហប​ចុះ​មក​ជាន់​ផ្ទាល់​ដី​ដើម្បី​មើល​សព​របស់​កូន​។​

​​ថ្ងៃ​នេះ រឿង​ដែល​ផ្ទុះ​ខ្លាំង​បំផុត​នៅ​លើ​បណ្ដាញ​វេបូ​ (Weibo) គឺ​​​ព័ត៌​មាន​ប្រហារ​ជីវិត​​ប្រុស​-​ស្រី​ទាំង​ពីរ​នាក់​​​។​ គ្រាន់​តែ​បង្ហោះ​ព័ត៌​មាន​មិន​​បាន​ប៉ុន្មាន​ម៉ោង​ផង​​​​​ទទួល​បាន​ចំនួន​ចូល​មើល​​​ជិត​២​រយ​លាន​វ្យូ (view)។ ប្រិយ​មិត្ត​ម្នាក់​​បញ្ចេញ​មតិ​​ថា​​ ​«​ថ្ងៃ​នេះ​ពិត​ជា​ថ្ងៃទន្សា​​ (​សម្រាប់​ជន​ដៃ​ដល់​)​។ ប្រិយ​មិត្ត​ម្នាក់​ទៀត​សរ​សេរ​ថា​​ទាល់​តែ​កាត់​ទោស​បែប​​ហ្នឹង​​ទើប​​សម​នឹង​​អំពើ​ឧក្រិដ្ឋ​របស់​ពួក​គេ​​៕​

ប្រភព៖ AFP​​
https://www.malaymail.com/news/world/2024/01/31/china-executes-couple-for-double-child-murder-that-sparked-outrage-nationwide/115557

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ