ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​អគារ​ខ្ពស់​ៗ បាន​រីក​ព្រោងព្រាត​ដូច​ផ្សិត​គួរ​ជាទី​មោទកភាព​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា ជា​ពិសេស​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ អគារ​ខ្ពស់​ៗ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដូច​ជា ទីផ្សារ ការិយាល័យ​ធ្វើការ កន្លែង​ស្នាក់​នៅ ហាង​ទំនិញ…

សំណង់​អគារ​ខ្ពស់​ៗ បាន​រីក​ព្រោងព្រាត​ដូច​ផ្សិត​គួរ​ជាទី​មោទកភាព​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា ជា​ពិសេស​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ អគារ​ខ្ពស់​ៗ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដូច​ជា ទីផ្សារ ការិយាល័យ​ធ្វើការ កន្លែង​ស្នាក់​នៅ ហាង​ទំនិញ កន្លែង​កម្សាន្ត​សប្បាយ​នានា សម្រាប់​មនុស្ស​ធំ និង​សម្រាប់​កុមារ​ជាដើម ។

វត្តមាន​អគារ​ខ្ពស់​ៗ គឺ​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​។ ប៉ុន្តែ​វត្តមាន អគារ​ខ្ពស់​ៗ នៅ​ភ្នំពេញ ក៏​ដូច​ជា នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​គេ​មើលឃើញ​ថា មិន​ទាន់​បាន​ប្រើប្រាស់​ឱ្យ​អស់ លទ្ធភាព​នៅឡើយ​ទេ ។ អគារ​ដែល​បាន​សាងសង់​រួចរាល់ និង​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​មាន​កន្លែង​ទំនេរ​ជា​ច្រើន ទៀត ត្រូវការ​ការ​វិនិយោគ​បន្ថែម​ដូច​ជា ត្រូវការ​អ្នក​ជួល​បើក​អាជីវកម្ម ស្រប​តាម​ទីតាំង និង​សំណង់​របស់​ខ្លួន ។ ជាមួយ​គ្នា​នេះ នៅ​មាន​អគារ​មួយ​ចំនួន​ទៀត​សាងសង់​មិន​ទាន់ រួច​ក៏​ទុក​ចោល​សិន ។ អគារ​ខ្លះ​ទៀត​សាងសង់​រួច​តែ​មិន​ទាន់​បាន​បើក​ដំណើរការ​នៅឡើយ ។ មានការ​មើលឃើញ​ថា ប្រសិនជា​អគារ​ដែល​បាន​សាងសង់​ហើយ​បាន​ប្រើប្រាស់​ឱ្យ​អស់​សក្តានុពល​នោះ ទំនងជា​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រស់​រវើក​ឡើង ។ ដូច​បាន​លើក​ឡើង​អ៊ីចឹង គឺ​អគារ​ខ្ពស់​ៗ ត្រូវ​គេ​សាងសង់​សម្រាប់​ជា​ការិយាល័យ​ធ្វើការ​ជា​កន្លែង​ស្នាក់​នៅ និង​ជា​មណ្ឌល​ពាណិជ្ជកម្ម ។

ដើម្បី​ប្រើប្រាស់​ឱ្យ​អស់​សក្តានុពល​ដល់​ការ​វិនិយោគ​សាងសង់​អគារ​ខ្ពស់​ៗ​ទាំង​អស់នោះ គេ​ត្រូវ​ទាក់ទាញ​អ្នក​វិនិយោគ ក្រុមហ៊ុន អង្គការ អ្នកទេសចរ ដែល​ត្រូវ​ស្នាក់​នៅ​ក្នុង​រយៈពេល​វែង​ឱ្យ​ចូល​មក​កម្ពុជា​បាន​ច្រើន​បន្ថែម​ទៀត ។ ការ​ហូរ​ចូល​ក្រុមហ៊ុន​ធំ​ៗ មិន​ត្រឹម​ជា​ការ​ទម្លាក់​ទុន​មក​កម្ពុជា​ប៉ុណ្ណោះ​ទេ ។ ក្រុមហ៊ុន​ធំ​ៗ ដែល​ត្រូវការ​ការិយាល័យ​ធំ​ទំនើប​មាន​គ្រប់​សេវាកម្ម​នៅ​កន្លែង​តែ​មួយ​នោះ គឺជា​ប្រភព​ចំណូល​ដល់​ពលរដ្ឋ​ផង​ដែរ ។

ក្រុមហ៊ុន​ធំ​ៗ គេ​ត្រូវការ​ជួប​ប្រជុំ​សមាជិក​សាខា​របស់​គេ ។ ជួនកាល​គេ​អាច​រៀបចំ​សិក្ខា​កិច្ចប្រជុំ ជា​អន្តរជាតិ ដែល​អាច​ទាក់ទាញ​វត្តមាន​ធុរកិច្ច​សំខាន់​ៗ​មក​ពី​គ្រប់​ជ្រុង​ក្នុង​ពិភពលោក មក​កម្ពុជា ។ ក្រុមហ៊ុន​ធំ​ៗ​គេ​ត្រូវការ​អគារ​ស្នាក់​នៅ​ដែល​មាន​សុវត្ថិភាព​ដល់​បុគ្គលិក បរទេស​របស់​គេ ។

ក្រៅពី​ក្រុមហ៊ុន​ឯកជន អង្គការ​អន្តរជាតិ​ធំ​ៗ​ក៏​ជាទី​ផ្សារ​របស់​អគារ​ទំនើប​ៗ​នោះ​ដែរ ។ គេ​បានដឹង​ថា នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ អគារ​ធំ​ៗ​បាន​ក្លាយជា​ទីស្នាក់ការ ឬ​ជា​សាខា​សំខាន់ របស់​អង្គការ​អន្តរជាតិ​ធំ​ៗ ។ តាម​រយៈ​វត្តមាន​ស្ថាប័ន​ទាំងនោះ​បាន​ប្រើប្រាស់​អគារ​ការិយាល័យ អគារ​សា្ន​ក់​នៅ របស់​ប្រទេស​ថៃ​មិន​តិច​ឡើយ ហើយ​ក៏​ជា​ឱកាស​ផ្តល់​ការងារ និង​ការ​រក​ចំណូល​នានា​របស់​ពលរដ្ឋ​ថៃ​ដែរ​។ អគារ​ខ្ពស់​ៗ វត្តមាន​បុគ្គលិក ក្រុមហ៊ុន​ធំ​ៗ អង្គការ​អន្តរជាតិ រាប់រយ​បាន​ធ្វើ​ឱ្យ​ក្រុង​បាងកក មមាញឹក​ទាំងថ្ងៃទាំងយប់ ។
នៅ​ពេល​អគារ​ធំ​ៗ ខ្ពស់​ៗ​ទំនើប​ប្រើប្រាស់​អស់​លទ្ធភាព គឺជា​ការ​បង្ហាញ​នូវ​ចរន្ត​សេដ្ឋកិច្ច ដ៏​រស់​រវើក​នៅ​ក្នុង​សង្គម​កម្ពុជា ។

នៅ​ក្នុង​ទិស​ដៅ​ជំរុញ​ឱ្យ​ការ​ប្រើប្រាស់​អគារ​ខ្ពស់​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះ​សីហ​នុ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​បញ្ជាក់​ថា រាជរដ្ឋាភិបាល​នឹង​ផ្តល់​ទិដ្ឋាការ​ពិសេស​រយៈពេល​៣​ឆ្នាំ សម្រាប់​វិនិយោគិន​ដែល​ទិញ ឬ​ជួល​អចលនទ្រព្យ​រយៈពេល​វែង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​តម្លៃលើស​ពី​១០០០០០​ដុល្លារ ដោយ​ប្រភេទ​នៃ​ទិដ្ឋាការ​ពិសេស​នេះ​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ដោយឡែក ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាងដូច​នេះ នា​ព្រឹក​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤​នេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​កម្មវិធី​ពិសេស ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ឆ្នាំ​២០២៤»​។

ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី បានអោយ​ដឹង​ថា រដ្ឋាភិបាល​ដាក់​ចេញ​នូវ​វិធានការ​ជា​ច្រើន ដើម្បី​ទាក់ទាញ​វិនិយោគ​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ ។ ក្នុង​នោះ​មានការ​លើកលែង​ពន្ធ​ការ​សម្រួល​និ​តិ​វិធី​ធុរកិច្ច និង​វិនិយោគ​ព្រមទាំង​ការ​ពង្រឹង​សន្តិសុខ​នៅ​ខេត្ត​នេះ​ផង​ដែរ ។ ដូច្នេះ​មិនយូរ​ទេ គេ​រំពឹង​ថា​អគារ​ធំ​ខ្ពស់​ៗ នៅ​កម្ពុជា​នឹង​ប្រើប្រាស់​អស់​លទ្ធភាព ហើយ​នៅ​ពេល​នោះ​សេដ្ឋកិច្ចជាតិ និង​ចំណូល​ពលរដ្ឋ​កើនឡើង​ដែរ​៕ ដោយ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ