ចិននិងឥណ្ឌាដែលជាប្រទេសដែលមានប្រជាពលរដ្ឋលំដាប់ពាន់លាននាក់ដូចគ្នា បានក្លាយជាគោលដៅដែលកម្ពុជាប្រុងអូសទាញអ្នកទេសចរចូលស្រុកតាមរយៈការកំណត់គោលដៅមួយចំនួន ប៉ុន្តែតាមទំនងការអូសទាញភ្ញៀវទេសចរឥណ្ឌាប្រហែលជាយ៉ាប់ជាងចិនឆ្ងាយ ណាស់នៅពេលនេះ ។ បើកម្ពុជាអាចទាក់ទាញអ្នកទេសចរមកពីប្រទេសទាំងពីបានតែមួយភាគរយយើងនឹងអាចទាក់ទាញបានអ្នកទេសចរដល់ទៅជាង២០លាននាក់ទៅហើយ ។ ដូច្នេះ យើងនឹងរកលុយបានច្រើនណាស់ពីវិស័យទេសចរណ៍នេះ ។…
ចិននិងឥណ្ឌាដែលជាប្រទេសដែលមានប្រជាពលរដ្ឋលំដាប់ពាន់លាននាក់ដូចគ្នា បានក្លាយជាគោលដៅដែលកម្ពុជាប្រុងអូសទាញអ្នកទេសចរចូលស្រុកតាមរយៈការកំណត់គោលដៅមួយចំនួន ប៉ុន្តែតាមទំនងការអូសទាញភ្ញៀវទេសចរឥណ្ឌាប្រហែលជាយ៉ាប់ជាងចិនឆ្ងាយ ណាស់នៅពេលនេះ ។
បើកម្ពុជាអាចទាក់ទាញអ្នកទេសចរមកពីប្រទេសទាំងពីបានតែមួយភាគរយយើងនឹងអាចទាក់ទាញបានអ្នកទេសចរដល់ទៅជាង២០លាននាក់ទៅហើយ ។ ដូច្នេះ យើងនឹងរកលុយបានច្រើនណាស់ពីវិស័យទេសចរណ៍នេះ ។
គម្រោងការនេះត្រូវបានគេដឹង នៅពេលដែលលោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំអគ្គនាយកដ្ឋានកាលពីសប្តាហ៍មុន ។ នៅក្នុងកិច្ចប្រជុំនោះ គឺគេបានដឹងថា មានការជជែកពិភាក្សាគ្នាដោយផ្តោតលើ ប្រធានបទសំខាន់ៗមួយចំនួន ប៉ុន្តែគេដឹងថា មានព្រឹត្តិការណ៍សំខាន់ពីរដែលកម្ពុជានឹងរៀបចំធ្វើដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកទាំងពីរ ។
ព្រឹត្តិការណ៍ទាំងនោះ គឺរួមមានការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤» និង«ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ។
នៅលើគោលដៅនេះរាល់គម្រោងការ និងកម្មវិធីដែលទាក់ទងនឹងចិនដែលមានប្រជាជនប្រមាណជា១,៤ពាន់លាននាក់នេះ ប្រហែលជាអាចនឹងសម្រេចបានតាមក្តីប្រាថ្នារបស់កម្ពុជា ដើម្បីជំរុញភ្ញៀវទេសចរចិនអោយវិលកម្ពុជាវិញកាន់តែច្រើនទោះបីជាឆ្នាំនេះចិនបានធ្លាក់ចុះ ដល់ លេខរៀងទី៣ក៏ដោយ ។
នៅឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានទាក់ទាញចិនបានត្រឹមតែជាង ៥៤ម៉ឺននាក់ប៉ុណ្ណោះមែន ដោយនៅក្រោមថៃ និងវៀតណាម ប៉ុន្តែកុំភ្លេចថា មូលដ្ឋានទេសចរណ៍ចិននៅកម្ពុជារឹងមាំ និងងាយស្រួលនៅក្នុងការជំរុញកំណើនជាងឥណ្ឌា ។ ចិនមានមូលដ្ឋានវិនិយោគនៅកម្ពុជារឹងមាំបំផុតដោយចិន គឺជាអ្នកដែលបានមកបណ្តាក់ទុននៅកម្ពុជាច្រើនជាងគេបង្អស់ ដោយមានមូលដ្ឋានគ្រប់វិស័យទាំងធនាគារ សណ្ឋាគារផ្សារទំនើប ហេដ្ឋារចនាសម្ព័ន រាប់តាំងពីសេវាកម្មលក់រាយផ្សេងៗផងដែរ ។
ក្រៅពីនេះ នៅមុនពេលកូវីដ១៩ រីករាលដាលកម្ពុជាក៏ជាទីផ្សារ ទេសចរដ៏ធំរបស់ចិនដោយនៅឆ្នាំ ២០១៩ ភ្ញៀវទេសចរចិនបានមកលេងនៅកម្ពុជាមានរហូតដល់ទៅ២,៣ លាននាក់ឯណោះ ។ ម្យ៉ាងវិញទៀតការតភ្ជាប់ជើងហោះហើរពីចិនមកកម្ពុជាក៏មានច្រើនគោលដៅ ដែលរួមមានមកតាំងពីទីក្រុងប៉េកាំង រដ្ឋធានីរបស់ចិនឡើងទៅ ។
សម្រាប់ឥណ្ឌាវិញទោះបីជាប្រទេសនេះមានប្រជាជនច្រើនបំផុតលំដាប់ទី១ នៅលើពិភពលោក ក៏អ្នកទេសចរឥណ្ឌាមកកាន់កម្ពុជាតិចមែនទែន ។ កាលពីឆ្នាំ២០២៣ ស្ថិតិបានបង្ហាញថា ទេសចរឥណ្ឌាមកកាន់កម្ពុជា គឺមានចំនួនត្រឹមតែជាង៦៨.០០០ នាក់ប៉ុណ្ណោះ ហើយបើ និយាយអំពីកាលពីមុនពេលរីករាលដាលដោយកូវីដ១៩ ពោល គឺនៅឆ្នាំ២០១៩ គឺមានត្រឹមតែជាង ៧៥.០០០នាក់ ។
កាលពីចុងឆ្នាំ២០២៣កន្លងទៅ មានការផ្សព្វផ្សាយព្រោងព្រាតថា ឥណ្ឌានឹងធ្វើការភ្ជាប់ជើងហោះហើរមកកម្ពុជាដោយផ្ទាល់ ប៉ុន្តែមកដល់ពេលនេះ គឺស្ងាត់ឈឹង ដូច្នេះហើយដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា គឺកម្ពុជាត្រូវខិតខំបន្ថែមទៀត ខណៈដែលភ្ញៀវទេសចរឥណ្ឌា មកអាស៊ីអាគ្នេយ៍ដូចជា សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ក៏មានតួរលេខខ្ទង់លាននាក់ផងដែរ ។
សរុបមកវិញ នៅក្នុងនាមជាប្រទេសមួយដែលអនុវត្តខ្លួនជាអ្នកផ្តល់សេវាកម្មទេសចរណ៍មួយគ្រប់ភ្ញៀវទេសចរទាំងអស់យើងត្រូវតែស្វាគមន៍ និងផ្តល់ភាពកក់ក្តៅដល់ពួកគេគ្រប់ៗរូបគ្រាន់តែថា យើងនឹងហត់ហើយប្រឹងប្រែងខ្លាំងទ្វេដង នៅពេលដែលគោលដៅមួយនៅមិនទាន់មានមូលដ្ឋានជំរុញខ្លាំងនោះ ។ ក្រៅពីនោះយើងក៏ត្រូវប្រកាន់ខ្លួនថា ចិនក្តី ឥណ្ឌាក្តី ឬក៏ជាតិសាសន៍ណាក្តីអោយតែគេជាអ្នកដែលមកដល់ស្រុកយើង គឺត្រូវតែយកចិត្តទុកដាក់ឲ្យល្អលើកលែងតែគេជាភេវរជនឬក្រុមឧក្រិ.ដ្ឋជនដែលមកយកកម្ពុជា ដើម្បីធ្វើសកម្មភាព ខុសច្បាប់ ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ