AI ដែលចេញមកពីពាក្យ Artificial Intelligence ដែលមានន័យជាខ្មែរថា បញ្ញាសិប្បនិម្មិតកំពុងតែធ្វើឲ្យពិភពបញ្ញាជនអ្នកដឹកនាំ និងអ្នកជំនាញធំៗព្រួយបារម្ភខ្លាំងនោះ មិនមែនជាពាក្យថ្មី ហើយក៏មិនមែនជាបច្ចេកវិទ្យាថ្មីសម្រាប់អ្នកស្រាវជ្រាវដែរ ។…
AI ដែលចេញមកពីពាក្យ Artificial Intelligence ដែលមានន័យជាខ្មែរថា បញ្ញាសិប្បនិម្មិតកំពុងតែធ្វើឲ្យពិភពបញ្ញាជនអ្នកដឹកនាំ និងអ្នកជំនាញធំៗព្រួយបារម្ភខ្លាំងនោះ មិនមែនជាពាក្យថ្មី ហើយក៏មិនមែនជាបច្ចេកវិទ្យាថ្មីសម្រាប់អ្នកស្រាវជ្រាវដែរ ។
បច្ចេកវិទ្យានេះចាស់ជាងអ្វីដែលអ្នកគិតទៅទៀត តែAI វាកំពុងតែបញ្ជ្រាបចូលក្នុងជីវិតក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងដោយមិនដឹងខ្លួន ខណៈដែលជនសាមញ្ញជាច្រើនមិន ចាប់អារម្មណ៍ ហើយក៏មិនខ្វល់នឹងវាក៏ដោយនៅពេលនេះ ។

ដើម្បីជាចំណេះដឹងទូទៅ ថ្ងៃនេះកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព សូមចែករំលែកចំណេះដឹងខ្លះអំពីព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៅក្នុងប្រវត្តិសាស្ត្ររបស់ AI ដែលបាន វិវត្តន៍រហូតដល់ការមានអភិវឌ្ឍន៍ហើយបង្កការភ័យខ្លាចរហូតមកដល់បច្ចុប្បន្ន ។
AI អាចកើតឡើងនៅដើមឆ្នាំទស្សវត្សរ៍នៃឆ្នាំ ១៩៥០ ដោយលោក ចន វុន ណឺមែន ( John Von Neumann) និងអាឡេន ទូរិន ( Alan Turing) ប៉ុន្តែពេលនោះ អ្នកទាំងពីរ មិនបានហៅវាថា ជា AI នៅឡើយទេ ។ អ្នកស្រាវជ្រាវទាំងពីរបានបង្កើតជាផ្លូវការនូវស្ថាបត្យកម្មនៃម៉ាស៊ីន បុរាណមួយដែលមានសមត្ថភាពអាចប្រតិបត្តិនូវអ្វីដែលត្រូវបានសរសេរកម្មវិធី ។

ក្រោយមកពាក្យ «AI» នេះអាចត្រូវបានសន្មតថា ជាការបង្កើតឡើងរបស់លោក ចន ម៉ាកកាធី ( John McCarthy ) អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Massachusetts Institute of Technology ហើយក៏អាចមានចំណែករបស់លោក ម៉ាកវិន មីនស្គី ( Marvin Minsky) ដែលជាអ្នកវិទ្យាសាស្ត្រវិទូអាមេរិក ដែលបានបង្កើតនូវកម្មវិធី កុំព្យូទ័រដែលមនុស្សកំពុងតែប្រើប្រាស់ដោយសារតែពួកគេបានអភិវឌ្ឈន៍ចេញនូវអង្គចងចាំនៅក្នុងម៉ាស៊ីន ហើយដែលបច្ចុប្បន្ននេះ គឺហៅថា AI នេះតែម្តង ។
ចេញពីការរកឃើញនេះ នៅក្នុងឆ្នាំ ១៩៦១ មនុស្សយន្តឧស្សាហកម្មដំបូងគេ ដែលមាន ឈ្មោះថា Unimate បានចាប់ផ្តើមធ្វើការលើខ្សែរសង្វាក់ នៅក្រុមហ៊ុន General Motors ក្នុងរដ្ឋ New Jersey ។

ក្រោយមកទៀត AI ក៏ត្រូវបានអ្នកប្រាជ្ញអភិវឌ្ឈជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៩៧៩ សមាគម បញ្ញាសិប្បនិមិត្តរបស់អាមេរិកត្រូវបានបង្កើតឡើង ហើយអ្នកវិទ្យាសាស្ត្រក៏ចេះតែប្រើប្រាស់ បច្ចេកវិទ្យានេះជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០០០ សាស្ត្រាចារ្យ Cynthia Breazeal បានបង្កើតមនុស្សយន្តដំបូងគេដែលអាចក្លែងបន្លំអារម្មណ៍របស់មនុស្សជាមួយនឹងមុខរបស់វា ដែលរួមមានភ្នែក ចិញ្ចើម ត្រចៀក និងមាត់ ។ ក្រោយមកទៀតនៅឆ្នាំ២០០៦ ក្រុមហ៊ុន បណ្តាញសង្គមដូចជា Twitter, Facebook, និង Netflix បានចាប់ផ្តើមប្រើប្រាស់ AI ជាផ្នែកមួយនៃការផ្សាយពាណិជ្ជកម្ម និងពង្រឹងអាជីវកម្មក៏ដូចជាលើកកម្ពស់ការប្រកួតប្រជែង និងការទាក់ទាញ ។
ក្រោយមកនៅឆ្នាំ២០១៦ លោក ហេនសុន រ៉ូបូទិច ( Hanson Robotics )បានបង្កើតមនុស្សយន្ត ដែលមានឈ្មោះថា Sophia ដែលត្រូវបានគេស្គាល់ថាជា «មនុស្សយន្ត» ដំបូងគេ ដែលត្រូវបានបង្កើតឡើងជាមួយនឹងរូបរាងមនុស្សជាក់ស្តែង និងសមត្ថភាពក្នុងការមើលឃើញ និងចម្លងអារម្មណ៍ ក៏ដូចជាទំនាក់ទំនងផងដែរ ។

ចាប់តាំងពីពេលនោះមកដល់ពេលនេះ AI កាន់តែវិវត្តន៍ទៅមុខរហូតដល់ឆ្នាំ២០២៤ នៅក្នុង កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកដែលបានបញ្ចប់ទៅថ្មីៗនេះ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ អ្នកដឹកនាំ និងពាណិជ្ជករ គឺសុទ្ធតែបង្ហាញនូវការព្រួយបារម្ភថា ក្រៅពីបម្រើមនុស្សជាតិ AI កំពុងតែអាចបង្កបញ្ហាជាច្រើនដល់មនុស្សដូចជា បញ្ហាខ្វះការងារ បញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ហាជាច្រើនទៀត ៕ដោយៈ ស ផាត់
ចែករំលែកព័តមាននេះ