រាជធានីភ្នំពេញ ៖ មកដល់ពេលនេះបក្សប្រឆាំងនៅសល់តែបក្សភ្លើងទៀនដែលប្តូរឈ្មោះមកពីគណបក្សសម រង្ស៊ី ។ តែក៏បានដើរដល់ផ្លូវទាល់ ហើយបានបែកខ្ញែកជាពីរទៀត ។ ម្ខាងក្រុមថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទៅដឹកនាំគណបក្សឆន្ទៈខ្មែរ ដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ចំណែកមួយក្រុមទៀតដឹកនាំដោយអតីតជំនួយការផ្ទាល់លោកសម រង្ស៊ី ២នាក់ គឺលោក ស៊ុន ចន្ធី និងលោក អឿ សំអុល ទៅបង្កើតគណបក្សកម្លាំងជាតិ ។

សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ បានចុះឈ្មោះដាក់បេក្ខជនចូលរួមប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្ស ២ទៀត គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច ។
ការបោះឆ្នោតព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកលដែលមានតែអ្នកតំណាងរាស្ត្រ ក្នុងតំណែងចំនួន១២៥រូប និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែងចំនួន១១៦២២រូប ជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ដែលមានចំនួនសរុប៦២រូប (៥៨រូបជ្រើសតាំងតាមរយៈការបោះឆ្នោត២រូប ជ្រើសតាំងពីរដ្ឋសភា និង២រូបចាត់តាំងដោយព្រះមហាក្សត្រ) ។
លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បង្ហាញថា មានគណបក្ស៩ បានជាប់ឆ្នោត ដែលមានសមាសភាពសរុប១១៦២២រូប ។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតច្រើនជាងគេ ជាង ៨០ភាគរយ ដោយមានសមាសភាព ជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៩៣៧៦រូប ។ គណបក្សភ្លើងទៀន មាន២១៩៨រូប ។ គណបក្សហ្វ៊ុនស៊ិនប៉ិច១៩រូប ។ គណបក្សរួបរួមជាតិ១៣រូប ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៦រូប ។ គណបក្សខ្មែរស្រឡាញ់ជាតិ៥រូប ។ គណបក្សយុវជនកម្ពុជា៣រូប ។ គណបក្សកម្ពុជានិយម១រូប ។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ១រូប ។
ដោយឡែក លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គឺក្នុងចំណោមអាសនៈរដ្ឋសភា សរុប១២៥រូប មានគណបក្សប្រជាជនកម្ពុជា១២០រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច៥រូប ។
ផ្អែកតាមលទ្ធផលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិពឹងតែលើអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សភ្លើងទៀនចំនួន២១៩៨រូប ក្នុងការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។

អំឡុងពេលនេះ គណបក្សទាំងពីរក្លាយជាបក្សប្រឆាំងបងប្អូនឯង ដើម្បីដណ្តើមសំឡេងឆ្នោតជាង២០០០សំឡេងនេះ ។ គណបក្សកម្លាំងជាតិ ដែលមានលោក ស៊ុន ចន្ធី ជាប្រធាន លោក អឿ សំអុល អគ្គលេខាធិការ ហើយចូលរួមដោយលោក រ៉ុង ឈុន និងលោក ជា មុនី ផង បានស្វែងរកការចរចាជាមួយគណបក្សឆន្ទៈខ្មែរ ដើម្បីបែងចែកមណ្ឌលឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា គឺចែកអាសនៈតាមសំឡេងឆ្នោតរបស់ក្រុម ប្រឹក្សាឃុំសង្កាត់ ។
ប៉ុន្តែទំនងជាសេណារីយ៉ូ បែងចែកអាសនៈនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាជាមួយគណបក្សឆន្ទៈខ្មែរមិនអាចទៅរួចទើបគណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកទង្វើផ្តាច់ការរបស់ក្រុមមេដឹកនាំគណបក្សភ្លើងទៀន ក្នុងការបណ្តេញសកម្មជនតស៊ូចាស់ៗបង្កភាពអយុត្តិធម៌ និងការឈឺចាប់យ៉ាងធ្ងន់ធ្ងរបំផុតដល់សមាជិកនៅទូទាំងប្រទេស ។
ក្នុងសេចក្ដីថ្លែងការណ៍ គណបក្សកម្លាំងជាតិបានអំពាវនាវដល់ក្រសួងមហាផ្ទៃ កុំឱ្យទទួលចាត់ការនូវរាល់សំណុំឯកសារនៃការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលស្នើឡើង ដោយក្រុមមេដឹកនាំគណបក្សភ្លើងទៀន ដោយអះអាងថា ជាទង្វើរំលោ.ភច្បាប់ រំលោ.ភសិទ្ធិមនុស្ស រំលោ.ភសិទ្ធិនយោបាយ និងរំលោ.ភសិទ្ធិពលរដ្ឋម្ចាស់ឆ្នោតដែលបានបោះឆ្នោតជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋានឃុំ សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។
ការស្នើសុំផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអ្នកបោះឆ្នោតព្រឹទ្ធសភាបានកើតឡើងរួចមកហើយ នៅក្នុងបក្សប្រឆាំង ។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះ ងាកចេញពីគោលនយោបាយគណបក្សប្រឆាំងទើបគណបក្សស្នើសុំផ្លាស់ប្តូរ ។ តែការស្នើសុំប្តូរនោះ គឺមិនបានសម្រេចទេ ព្រោះគៀកនឹងថ្ងៃបោះឆ្នោតដែលក្រសួងមហាផ្ទៃមិនអាចរៀបចំទាន់ឡើយ ។ នៅពេលនេះ ក៏នឹងមិនខុសពីលើកមុនៗទេ ។ ម្តងនេះ ជាជម្លោះរវាងគណបក្សប្រឆាំងដែលបែកជាពីរ ។ ដូច្នេះការប្រទាញប្រទង់សំឡេងឆ្នោតពីក្រុមប្រឹក្សាឃុំសង្កាត់នឹងបន្តកើតឡើងក្នុងរង្វង់បក្សភ្លើងទៀន ។
មេរៀននយោបាយនៅប្រទេសយើងបានកើតរួចមកហើយ នៅពេលគណបក្សនយោបាយមួយបែកបាក់ ។ ផ្តើមដំបូង គឺគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ ហើយបន្តបន្ទាប់មកទៀតរហូតដល់ហ្វ៊ុនស៊ិនប៉ិច និងគណបក្សបំបែកខ្លួនថយសំឡេង ហើយបាត់សំឡេងពីរដ្ឋសភាទាំងស្រុង ។ ទើបតែនៅអាណត្តិទី៧ ដែលហ្វ៊ុនស៊ិនប៉ិចទទួលបាន៥អាសនៈនៅរដ្ឋសភា ។


ក្រៅពីហ្វ៊ុនស៊ិនប៉ិច គណបក្សប្រឆាំងធំ២ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ក៏បានរួមគ្នាក្នុងគណបក្សសង្គ្រោះជាតិបានកើនអាសនៈដល់៥៥អាសនៈ នៅរដ្ឋសភា ក្នុងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៣ ខណៈគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ។
ប៉ុន្តែដោយសារតែបែកបាក់ផ្ទៃក្នុងផង និងផ្លូវច្បាប់ផងបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ និងបែកបាក់ ។ ក្រុមអ្នកនយោបាយក្នុងបក្សប្រឆាំងក៏លែងចាប់ដៃគ្នា ហើយប្រឹងប្រឆាំងគ្នារៀងខ្លួនរហូតចេញទៅបើកគណបក្សថ្មី ដើម្បីបានចូលរួមការបោះឆ្នោតនៅអាណត្តិក្រោយ ។ តែលទ្ធផល គឺដូចពាក្យចាស់លោកថា «សាមគ្គីរស់បែកបាក់ស្លា.ប់» ឬក៏«ចង្កឹះមួយបាច់ កាច់មិនបាក់ តែបើចង្កឹះ១ ងាយនឹងកាច់បាក់» ជាដើម ។
ក្នុងស្ថានភាពបក្សប្រឆាំងឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ នាពេលនេះ ក៏មិនខុសពីដានប្រវត្តិសាស្ត្របក្សនយោបាយនៅក្រៅរដ្ឋាភិបាលមុនៗនោះទេ ។ ក្នុងសំឡេងឆ្នោតជាង២០០០នាក់របស់បក្សភ្លើងទៀននឹងត្រូវបែងចែកទៅខាងបក្សឆន្ទៈខ្មែរ និងបក្សកម្លាំងជាតិ ហើយក៏អាចនឹងបាត់សំឡេងថែមទៀតទៅគណបក្សនយោបាយដទៃ ។ ការបោះឆ្នោតព្រឹទ្ធសភា ទោះបីជាការបោះឆ្នោតអសកល តែក៏ត្រូវធ្វើឡើងជាសម្ងាត់ និងដោយសេរីផងដែរ ។ ពោល គឺមិនអាចមាននរណាដឹងថា អ្នកបោះឆ្នោតបានបោះឆ្នោតឱ្យគណបក្សណាឡើយ ៕
ចែករំលែកព័តមាននេះ