ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វ៉ា ដាណេ ​​អ្នក​យក​​ព័ត៌​មាន​​​កោះ​សន្តិ​ភាព​​ទទួល​​​មរណ​ភាព​ ក្រោយ​ពេល​​វិល​​ត្រឡប់​​ពី​ការ​ព្យា​​បាល​នៅ​​ប្រទេស​​វៀតណាម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោកវ៉ា ដាណេ ​អ្នក​យក​ព័ត៌​មាន​​កោះស​ន្តិ​ភាព​ដែល​ជួប​ឧបទ្ទវ​ហេតុ​ដាច់​សរសៃ​​ឈាម​ខួរ​ក្បាល​​ធ្លាក់​ខ្លួន​ឈឺ​មួយ​រយៈ​ពេល​​​ខ្លី​នោះ​ បាន​ទទួល​មរណ​ភាព​ហើយ​កាល​ពី​វេលាម៉ោង​៧​និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​២៧ ឧសភា ​នៅ​លំនៅ​ឋាន​ផ្ទះ​លេខ​៣៣២ ភូមិ​មិត្ត​ភាព សង្កាត់​​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ក្នុង​ជន្មា​យុ​៣៩​ឆ្នាំ

រាជធានីភ្នំពេញ ៖ ​លោកវ៉ា ដាណេ ​អ្នក​យក​ព័ត៌​មាន​​កោះស​ន្តិ​ភាព​ដែល​ជួប​ឧបទ្ទវ​ហេតុ​ដាច់​សរសៃ​​ឈាម​ខួរ​ក្បាល​​ធ្លាក់​ខ្លួន​ឈឺ​មួយ​រយៈ​ពេល​​​ខ្លី​នោះ​ បាន​ទទួល​មរណ​ភាព​ហើយ​កាល​ពី​វេលាម៉ោង​៧​និង​១៥​នាទី​យប់ ​ថ្ងៃ​ទី​២៧ ឧសភា ​នៅ​លំនៅ​ឋាន​ផ្ទះ​លេខ​៣៣២ ភូមិ​មិត្ត​ភាព សង្កាត់​​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ក្នុង​ជន្មា​យុ​៣៩​ឆ្នាំ ។

​ការ​​លាចាក​លោក​​របស់​លោក​វ៉ា ដាណេ ​​​បាន​ធ្វើ​ឱ្យ​លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង ​និង​លោក​ជំទាវ​ឧកញ៉ា យិន ផាន្នី ​អគ្គ​នាយក និង​សហ​ការី​​ទាំងអស់​​ចាត់​ទុក​ថា ​ជា​ការ​បាត់​បង់​​ធន​ធាន​មនុស្ស​មួយ​រូប​របស់​កោះ​សន្តិ​ភាព​ និង​ជា​ការ​​​​បាត់​​បង់​មួយ​គួរ​ឱ្យ​សោក​​ស្តាយ​​​បំផុត ។ ​លោក​វ៉ា ដាណេ គឺជា​​អ្នក​រាយ​ការណ៍​ព័ត៌​មាន​​មួយ​រូប​ ​មាន​សីល​ធម៌​ល្អ​​ប្រកប​ដោយ​​វិជ្ជា​ជីវៈ​ និង​ជា​បុគ្គល​​ម្នាក់​ដែល​​យក​​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ងារ​របស់​ខ្លួន​ ។ លោក​ទទួល​នូវការ​ស្រឡាញ់​រាប់​អាន​​ពី​​មិត្ត​ភក្តិ​​គ្រប់គ្នា​​ទាំង​នៅ​ក្នុង​អង្គ​ភាព និង​មជ្ឈ​ដ្ឋាន​​ខាង​ក្រៅ​តាមរយៈ​​ចរិត​​សុភាព​រាប​សា និង​ថ្លៃ​ថ្នូរ​របស់​លោក ។ ​

ជា​អកុសល​ លោកវ៉ា ដាណេ ​​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ជំងឺ​លើស​ឈាម​វិល​មុខ​ដួល​កាល​ពីវេលា​ម៉ោង​​៩​ព្រឹក ថ្ងៃ​ទី​២១ ឧសភា ​ហើយ​​ត្រូវ​បាន​​ប​ញ្ជូន​ទៅ​កាន់​មន្ទីរ​ពហុ​ព្យា​បាល​​វិសាល​សុខ​ និង​បញ្ជូន​បន្ត​​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ​ដោយ​សារ​ស្ថាន​ភាព​ធ្ងន់​​ធ្ងរ​​នៅ​រសៀល​ថ្ងៃ​ដដែល ​ក៏បញ្ជូន​​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ចឺរ៉ៃ ​ប្រទេស​វៀតណាម​ទៀត ​ប៉ុន្តែ​ស្ថាន​ភាព​មិន​បាន​ធូរ​ស្រាល​​ឡើយ ហើយ​នៅវេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​២៦ ឧសភា ​​ក្រុម​​គ្រួសារ​ក៏​​បញ្ជូន​មក​កាន់​លំនៅ​ឋាន​វិញ​ ដែល​នៅ​សល់​តែ​ជីវិត​​ចុង​ក្រោយ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ ​ដោយ​សារ​មាន​ការ​យកចិត្តទុក​ដាក់​​ពី​លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង ​និង​លោក​ជំទាវ​​ឧកញ៉ា ​យិន ផាន្នី​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា ​លោក​ឧកញ៉ា និង​លោក​ជំទាវ​ឧកញ៉ា ក៏​បាន​ចុះទៅ​សាក​សួរ​សុខ​ទុក្ខ​​ដល់​​លំនៅ​ឋាន និង​នាំ​ថវិកា​​ទៅ​ជួយ​​ឧបត្ថម្ភ​​ដល់​ក្រុម​គ្រួសារ​​​នៅ​ក្នុង​​ដង្ហើម​​​ចុង​ក្រោយ​​ និងបាន​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​​រាប់​អាន​រវាង​ថ្នាក់ដឹក​នាំ​កោះ​សន្តិភាព​​​ចំពោះ​កូន​ចៅ​។

ទោះ​បី​មាន​ការ​​អាណិតស្រឡាញ់​​ពី​ថ្នាក់​ដឹក​នាំ​​កោះ​សន្តិ​ភាព ព្រម​ទាំង​​​សហ​ការី​ទាំង​អស់​ និង​ក្រុម​គ្រួសារ​​ មិត្តភក្តិ​ មិន​ចង់​ឱ្យ​លោក​ឃ្លាត​ឆ្ងាយ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​​ស្ថាន​ភាព​ជំងឺ ​មិន​អាច​សង្គ្រោះ​បាន​ ​ហើយមច្ចុ​រាជ​បាន​ឆក់​យក​ជីវិត​​លោក​ទាំង​វ័យ​ក្មេង កាល​ពី​វេលា​ម៉ោង​​៧និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ ឧសភា ​ក្នុង​ជន្មាយុ​​៣៩​ឆ្នាំ ដោយ​​បន្សល់​ទុក​កូន​ប្រុស​​ស្រី​៣​នាក់ ។ ​សព​របស់​លោក​ត្រូវ​បាន​ដង្ហែ​​​ទៅ​បញ្ចុះ​​នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ដោយ​ក្តី​វិយោគ​​ក្រៃ​លែង។ ក្រោយ​ពេល​ទទួល​ដំណឹង​ភ្លាម លោក​ឧត្តម​សេនីយ៍​​​ តែម ម៉ឺន ប្រធាន​សហ​ព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា និង​គណៈ​កម្ម​ការ​​បាន​ចូល​រួម​បុណ្យ​សព​​ចំនួន​១០០​ដុល្លារ។ ប្រធាន និង​អនុ​ប្រធាន​អនុ​គណៈ​កម្ម​ការ​​​ទ្រទ្រង់​សហ​ព័ន្ធ​កីឡា​ប្រដាល់​​ លោក​ស្រី​ សែត សាម៉េត ចំនួន​៤​ម៉ឺន​រៀល ​លោក​ហូ គឹម​សៀន ចំនួន​៤​ម៉ឺន​រៀល ​លោក​​តាំង ណាំ​ស្រ៊ុន ចំនួន​៤​ម៉ឺន​រៀល និង​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​២០​ដុល្លារ ។ ​សូម​បញ្ជាក់ថា ​នៅ​មាន​ជំនួយ​ឧបត្ថម្ភ​​​​មួយ​ចំនួន​ទៀត​​ដែល​កោះ​សន្តិ​ភាព​ នឹង​ប្រគល់​ជូន​ភរិយា​របស់​លោក​វ៉ា ដាណេ ​បន្ទាប់​ពី​​ពិធី​បញ្ចុះ​​សព​រួចរាល់ ៕