ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាមម្នាក់ដែលលោតពីលើអគារកាស៊ីណូឆាតូ ប៉ូលិសរកឃើញថា ជាអំពើឃាតកម្ម។ នេះជាការអះអាងរបស់សមត្ថកិច្ចជាជំហានដំបូងដែលមិនមែនជាការធ្វើអត្តឃាតនោះទេ។ មកដល់ថ្ងៃទី២៧ ឧសភា សមត្ថកិច្ចបានសន្និដ្ឋានថា គឺជាអំពើឃាតកម្មដ៏ស្មុគ្រស្មាញដែលត្រូវស្រាវជ្រាវបន្ត និងតម្រូវឱ្យមានអន្តរាគមន៍ពីក្រសួងមហាផ្ទៃផងដែរទើបមានប្រសិទ្ធភាព។
គួររំលឹកថា ជនជាតិវៀតណាមម្នាក់ឈ្មោះវ៉ាង ធីវ អាយុ៤០ឆ្នាំ ត្រូវបានគេសង្ស័យថាមានការចាប់ជំរិតទារប្រាក់ ហើយបានហែកកម្រាលពូកក្នុងកាស៊ីណូឆាតូ ជាន់ទី៥ ដើម្បីសម្រូតចុះមកដី ហើយបានដាច់ខ្សែធ្លាក់មកដីកាលពីថ្ងៃទី២៥ ឧសភា វេលាម៉ោងប្រមាណជា៤និង៣០នាទីទៀបភ្លឺ ឬម៉ោង៥ព្រឹក ហើយត្រូវបុគ្គលិកកាស៊ីណូឆាតូដឹកតាមរថយន្តរបស់កាស៊ីណូឆាតូមកដាក់ចោលនៅមន្ទីរពេទ្យប្រតិបត្តិជីភូ វេលាម៉ោង៨និង៣០នាទីព្រឹក ហើយត្រូវគ្រូពេទ្យបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្តនៅវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៦ ឧសភា ហើយបានស្លាប់នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃដដែល ក៏បានធ្លាយរឿងដល់ក្រុមសមត្ថកិច្ចទៅពិនិត្យឃើញថា ជនរងគ្រោះមានរបួសបាក់ឆ្អឹងត្រគាក ភ្លៅខាងស្តាំ ជាំពងស្វាទាំង២ ជាំគល់លិង្គ រលាត់ទ្រូង 60cm គុណ 100cm ជាំឃ្លៀកស្តាំទាំងមូល ជាំស្លាបប្រចៀវស្តាំ សង្ស័យថា ជាអំពើឃាតកម្ម។
រីឯសមត្ថកិច្ចត្រួតពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា ជាអំពើឃាតកម្ម ដោយក្រុមសមត្ថកិច្ចបង្ហើបឱ្យដឹងថា ការពិនិត្យនៅកន្លែងកើតហេតុបន្សល់ទុកនៅខ្សែដែលមនុស្សបានហែកកម្រាលពូកនៅជាន់ទី៥ ប៉ុនបាតដៃចងតភ្ជាប់គ្នាពីជាន់ទី៥ មកដល់ជាន់ទី៤ ក៏ចងនឹងជើងតុម៉ាស៊ីនត្រជាក់មកដល់ពាក់កណ្តាលជាន់ទី៣ ក៏ដាច់ធ្លាក់មកលើដំបូលស័ង្កសីជាន់ទី២ នៃអគារស្នាក់នៅរបស់បុគ្គលិក។ ប៉ុន្តែអ្នកស្នាក់នៅក្នុងបន្ទប់ជាប់កន្លែងកើតហេតុបែរជាគ្មានអ្នកណាដឹង។ ពេលសមត្ថកិច្ចសាកសួរអ្នកបើកបររថយន្តដឹកជនរងគ្រោះទៅចោលនៅមន្ទីរពេទ្យស្រុកប្រតិបត្តិជីភូ គេឆ្លើយថា ឃើញជនរងគ្រោះមកដេកសន្លប់ប្រមាណជាង៦០ម៉ែត្រពីកន្លែងកើតហេតុ។ រីឯសមត្ថកិច្ចនិយាយថា គេឃើញជនរងគ្រោះមកដេកសន្លប់ជិតរបងខាងមុខផ្លូវជាតិលេខ១ «ហាយវ៉េ» ទើបហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចមានចម្ងល់ថា ចុះបើជនរងគ្រោះធ្លាក់នៅម៉ោង៥ព្រឹក ហេតុអ្វីម៉ោង៨ជាងទើបដឹកទៅមន្ទីរពេទ្យ ហើយទុកចោលមិនទទួលខុសត្រូវ មិនរាយការណ៍ប្រាប់សមត្ថកិច្ចក្រសួងមហាផ្ទៃប្រចាំការនៅទីនោះ។ លោកអគ្គនាយករងកាស៊ីណូឆាតូបាននិយាយថា បន្ទប់ដែលមនុស្សហែកកម្រាលពូកនោះ គឺបានជួលឱ្យបុគ្គលិករ៉ូលីងស្នាក់នៅ ក៏ប៉ុន្តែបុគ្គលិករូបនោះបានសុំច្បាប់ទៅការបងប្អូននៅប្រទេសវៀតណាមបាត់ទៅហើយ មិនដឹងថា ជនរងគ្រោះញៀនថ្នាំលោតសម្លាប់ខ្លួន ឬយ៉ាងណានោះទេ។
មកដល់ថ្ងៃទី២៧ ឧសភា វេលាម៉ោង៩ព្រឹក ក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្ត និងសមត្ថកិច្ចបានដឹកសាកសពជនរងគ្រោះទៅបញ្ចុះនៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ដោយកាស៊ីណូឆាតូ ផ្តល់ថវិកាចាក់ថ្នាំមិនឱ្យឆាប់ជះក្លិន។ សមត្ថកិច្ចបានបង្ហើបទៀតថា នេះជាលើកទី២ ហើយនៅកាស៊ីណូក្រុងបាវិត ដែលកាលពីចុងឆ្នាំ២០១០ មានសពក្មេងស្រីម្នាក់ត្រូវបានគេសម្លាប់រួចច្រកក្នុងបាវយកមកទម្លាក់ចោលក្នុងស្រះទឹករហូតហើមរលួយទើបដឹង តែពុំទាន់រកឃើញមុខសញ្ញាជនល្មើសនៅឡើយ។ មកដល់ដើមឆ្នាំ២០១១ក៏មានការចាប់ជំរិតទារប្រាក់ពីបុគ្គលិករ៉ូលីងកាស៊ីណូឆាតូ ដោយគំរាមកាត់ម្រាមដៃ និងកាត់ក្បាលបើមិនយកប្រាក់មកលោះ តែត្រូវប្រពន្ធជនរងគ្រោះប្តឹងប៉ូលិសក៏ចាប់ខ្លួនជនល្មើសបាន២នាក់។ មកដល់ថ្ងៃទី២៥ ឧសភា ក៏មានអំពើឃាតកម្មលើកទី២ នៅកាស៊ីណូឆាតូក្រុងបាវិត ដែលជាអំពើឃាតកម្មដ៏ស្មុគ្រស្មាញ ត្រូវធ្វើការស្រាវជ្រាវ។
សមត្ថកិច្ចបានបន្តទៀតថា ករណីឃាតកម្មនៅតាមកាស៊ីណូ ធ្វើឱ្យប៉ូលិសថ្នាក់ខេត្ត និងក្រុងពិបាកក្នុងការចូលទៅស្រាវជ្រាវខ្លាំងណាស់។ ដូច្នេះសូមសំណូមពរឱ្យក្រសួងមហាផ្ទៃចុះមកទើបមានប្រសិទ្ធភាព បើមិនដូច្នេះទេជនដៃដល់ពិតជាគេចផុតពីសំណាញ់ច្បាប់មិនខាន ហើយមិនដឹងថា មានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវចាប់ជំរិត ឬសម្លាប់ឡើយ៕ «បុរសវៀតណាមចាញ់ល្បែង ធ្វើអត្តឃាតលោតសម្លាប់ខ្លួន ពីលើអគារកាស៊ីណូឆាតូ
»
ចែករំលែកព័តមាននេះ