ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​វៀតណាម​ចាញ់​ល្បែង​ ធ្វើ​អត្តឃា.ត​លោត​សម្លា.ប់ខ្លួន ​ពីលើ​អគារកាស៊ីណូ​ឆាតូ

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​បុរស​​​ជន​ជាតិ​វៀត​ណាម​​​ម្នាក់​​​បាន​លោត​សម្លា.ប់​ខ្លួន​ពីលើ​កាស៊ីណូ​​ឆាតូ ដោយ​​គេ​​អះអាង​ថា​ មកពី​ចាញ់​ល្បែង​​ តែ​សមត្ថកិច្ច​នៅតែ​​មាន​​ការសង្ស័យ​ថា​អាច​មាន​ អំពើ​​ចាប់​ជំរិត ។ ​ការ​លោត​ពីលើ​អគារ​កាស៊ីណូ​ឆាតូ​ ដែល​មាន​កម្ពស់​​​​៥​ជាន់ ដើម្បីសម្លា.ប់​ខ្លួន​នេះ​ធ្វើ​ឱ្យ​មានពាក្យ​និយាយខុសៗគ្នា​ដែល​ខ្លះ​និយាយ​​ថា មាន​ការ​​ចាប់​ជំរិត​​

ខេត្ត​ស្វាយ​រៀង ៖ ​បុរស​​​ជន​ជាតិ​វៀត​ណាម​​​ម្នាក់​​​បាន​លោត​សម្លាប់​ខ្លួន​ពីលើ​កាស៊ីណូ​​ឆាតូ ដោយ​​គេ​​អះអាង​ថា​ មកពី​ចាញ់​ល្បែង​​ តែ​សមត្ថកិច្ច​នៅតែ​​មាន​​ការសង្ស័យ​ថា​អាច​មាន​ អំពើ​​ចាប់​ជំរិត ។ ​ការ​លោត​ពីលើ​អគារ​កាស៊ីណូ​ឆាតូ​ ដែល​មាន​កម្ពស់​​​​៥​ជាន់ ដើម្បីសម្លាប់​ខ្លួន​នេះ​ធ្វើ​ឱ្យ​មានពាក្យ​និយាយខុសៗគ្នា​ដែល​ខ្លះ​និយាយ​​ថា មាន​ការ​​ចាប់​ជំរិត​​ទារប្រាក់​ អ្នក​ខ្លះ​និយាយ​ថា ជាអំពើ​ឃាត​កម្ម និង​អ្នក​ខ្លះ​និយាយ​ថា ចាញ់​ល្បែង​​​ច្រើន​ពេក ។​

ករណី​ជនជាតិ​វៀត​ណាម​លោត​ពីលើ​កាស៊ីណូ​​​នេះ​ បាន​កើត​ឡើង​​កាលពី​​អំឡុងពីម៉ោង​៤និង​៣០នាទី​​ទៅ​ម៉ោង​៥ព្រឹក​​ថ្ងៃទី​២៥ ឧសភា ។ បើ​តាម​ប៉ូលិស​​ការិយាល័យ​បច្ចេក​ទេស​​​នៃ​ស្នង​ការ​ដ្ឋាន​​ខេត្ត​បាន​ឱ្យ​ដឹងថា ជន​រងគ្រោះ​ឈ្មោះវ៉ាង ធីវ អាយុ​៤០ឆ្នាំ បាន​ធ្លាក់​​​ពី​លើ​​អគារ​​កាស៊ីណូ​ឆាតូ ស្ថិតក្នុង​​ភូមិបាវិតកណ្តាល​ សង្កាត់​បាវិត ក្រុងបាវិត ហើយ​​ត្រូវ​បុគ្គលិក​កាស៊ីណូនេះ​​​ដឹក​តាម​រថយន្ត​មក​ទុក​ចោល​​​ក្នុង​​មន្ទីរពេទ្យ​ប្រតិបត្តិ​ជីភូ តែដោយ​គ្រូពេទ្យ​ឃើញ​ថា មាន​អាការ​​ធ្ងន់​ធ្ងរ​​ក៏បញ្ជូន​​​មក​មន្ទីរពេទ្យ​​​ខេត្ត ទៀត ។ ជនរងគ្រោះ​ត្រូវ​បាន​ដឹក​​មក​​ដល់​មន្ទីរ​ពេទ្យ​​ខេត្ត​​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ តែក៏​​បាន​​ស្លាប់​នៅ​វេលា​ម៉ោង​៩​និង១០នាទី​ព្រឹក​ ​​ហើយ​ដោយ​ពុំ​មាន​សាច់​ញាតិ​​មក​ទទួល​​សព ទើប​​គ្រូពេទ្យ​សម្រេចតម្កល់​ទុកក្នុង​សាលសព ​។

នៅ​ព្រឹក​ថ្ងៃទី​២៦ ឧសភា មន្ទីរ​ពេទ្យ​ខេត្ត​​បាន​បង្កើត​គណៈកម្មការ​​ពិនិត្យ​សព​រួម​មាន​​លោក​ ចាន់ ដារ៉ា ប្រធាន​មន្ទីរពេទ្យ​ខេត្ត និង​គ្រូ​ពេទ្យ​៣រូប ព្រម​ទាំង​ក្រុម​​សមត្ថ​កិច្ច​​ការិយាល័យ​​​បច្ចេកទេសនៃ​​​ស្នង​ការ​ដ្ឋាន​​​ខេត្ត​មាន​លោក​​វរសេនីយ៍​ត្រី​ នាយ​ការិយា​ល័យ​បច្ចេកទេស​ និង​នាយរង​ការិយាល័យ​​ មន្ត្រីប៉ូលិស​៤រូប ពិនិត្យ​​​ឃើញ​​ថា​ ជនរងគ្រោះ​បាក់​ឆ្អឹងផាល​ត្រគាក បាក់​គល់​ភ្លៅ​ ជាំពង​ស្វាស​ទាំងពីរ​ ជាំគល់លិង្គ​ ជាំ​ទ្រូង​ ជាំប្រអប់​ក្លៀក​ខាងស្តាំ ជាំស្លាប​ប្រចៀវ​ខាង​ស្តាំ​ របួស​ក្រោម​ភ្នែកខាង​ឆ្វេង​ ។ ជនរង​គ្រោះ​​​ពាក់​អាវ​ដៃវែង ពណ៌​ឈាម​ជ្រូក​ ស្លៀក​ខោ​ខ្លី​កម្ញី​ ពណ៌​បៃតង​ឆ្នូត​ខៀវ ខោទ្រនាប់​ពណ៌​ខៀវត្រូវ​រហែក​បាត់​មួយ​ចំហៀង​ខាងស្តាំ ។

ពេលត្រួតពិនិត្យ​​​សពដំបូង​​ សមត្ថ​កិច្ច​សង្ស័យ​​ថា អាច​មាន​ការ​ប្រវាយ​ប្រតប់គ្នា ​រួច​មានការ​ចាប់​ច្របាច់​មួល​ពងស្វាស​និងលិង្គ​ ទើប​រហែក​ខោទ្រនាប់​​ លុះ​ពេល​សន្លប់​ក៏ហែក​កម្រាល​​ពូក​ចងរួច​លើក​ជនរង​គ្រោះ​​សម្រូត​ចុះ​មក​ក្រោម​​​កម្ពស់​៥​ជាន់​ទើប​មាន​រលាត់​ក្លៀក ​ទ្រូង​ រួច​ទម្លាក់​ចុះ​មក​ដីឱ្យ​មហាជន​​ច្រឡំ​ថា​មាន​អ្នក​ចាប់ជំរិត​​។ ក្រោយ​​ពីមាន​ហេតុ​ការណ៍​​នេះ​ កើត​ឡើង រថយន្ត​កាស៊ីណូ​ឆាតូ​ បាន​ដឹក​​ជន​រង​គ្រោះ​​មកទុក​ចោល​​ក្នុងមន្ទីរពេទ្យ​​មិនទទួល​​​ខុសត្រូវ​ មិន​​រាយការណ៍​ប្រាប់​សមត្ថ​កិច្ច​​គឺ​លាក់​រហូត​ដល់​ថ្ងៃទី​២៦ ឧសភា ទើប​ធ្លាយ​​រឿង​ ។

មន្ត្រី​សមត្ថ​កិច្ច​​និយាយ​ថា នេះជា​លើកទី២​ហើយដែលកាស៊ីណូ​ឆាតូ ​មាន​​ការ​​ចាប់​បង្ខាំង​​មនុស្ស​ជំរិត​ទារ​ប្រាក់​ ដែល​កាលពី​​ដើមឆ្នាំ​២០១១​ បាន​ចាប់​បុរស​​ម្នាក់​​ដាក់​ខ្នោះ​​បង្ខាំង​​ទុកក្នុង​បន្ទប់​រួចគំរាម​​ទារប្រាក់​ តែត្រូវ​​ប្រពន្ធ​​ជន​រងគ្រោះ​​ប្តឹង​​ប៉ូលិស​​ចាប់​ខ្លួន​បាន ។ ចំណែក​​ករណី​​ថ្មី​​នេះប៉ូលិស​​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​តែ​​ពុំ​ទាន់​​ទទួល​បាន​លទ្ធផល​នៅឡើយទេ ៕