ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បាត់ប្រាក់​ក្នុង​ប័ណ្ណ​សមធម៌​មួយ​ចំនួន​ធំ​! ពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់​ផ្ទុះ​ការ​តវ៉ា (​វី​ដេ​អូ)

3 ខែ មុន
  • សៀមរាប

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​ផ្ទុះ​ការ​តវ៉ា​នៅ​បរិវេណ​ផ្សារ​រុន​តា​ឯក ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ធម្មជាតិ ក្រុង​រុន​តា​ឯក ខេត្តសៀមរាប ពាក់ព័ន្ធ​ក្នុង​ករណី​បាត់បង់​សាច់ប្រាក់​ក្នុង​ប័ណ្ណ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​) អស់​មួយ​ចំនួន​ធំ ដោយនៅ​សល់​តែ​មួយ​គ្រួសារ​ចំនួន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៤​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់​ប្រមូលផ្តុំ​គ្នា​ផ្ទុះ​ការ​តវ៉ា​នៅ​បរិវេណ​ផ្សារ​រុន​តា​ឯក ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ធម្មជាតិ ក្រុង​រុន​តា​ឯក ខេត្តសៀមរាប ពាក់ព័ន្ធ​ក្នុង​ករណី​បាត់បង់​សាច់ប្រាក់​ក្នុង​ប័ណ្ណ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​) អស់​មួយ​ចំនួន​ធំ ដោយនៅ​សល់​តែ​មួយ​គ្រួសារ​ចំនួន​១២០០០០​រៀល​តែ​ប៉ុណ្ណោះ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បងប្អូន​ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ​ស្នើ​សុំ​ឱ្យ​រាជរដ្ឋាភិបាល ដែរ​ថា
ទី​១- សុំ​រក្សា​លុយ​ក្នុង​ប័ណ្ណ​សមធម៌​ឱ្យ​នៅ​ចំនួន​ដដែល
ទី​២- ស្នើ​សុំ​អំណោយ និង​ប្លង់​រឹង ដែល​រដ្ឋាភិបាល​ចែក​ជូន​កន្លង​មក​ថ្មី​ៗ​នេះ ដោយសារ​គ្រួសារ​ខ្លះ​មិន​ទាន់​បាន​នៅឡើយ​។

ខណៈ​ពេល​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តំណាង​ឱ្យ​ក្រសួង​សង្គមកិច្ច តំណាង​អាជ្ញាធរ ក្រុង ខេត្ត ស្រុក ដើម្បី​សម្របសម្រួល ប៉ុន្តែ​ជា​លទ្ធផល​គ្មាន​បាន​អ្វី​ទាំងអស់​។ ក្នុង​នោះ​ផង​ដែរ តំណាង​ឱ្យ​ក្រសួង​សង្គមកិច្ច ក៏​បាន​សន្យា​ថា «​នឹង​នាំពាក្យ​នេះ​ជូន​ទៅ​រាជរដ្ឋាភិបាល ហើយ​ថ្ងៃ​ច័ន្ទ​នេះ នឹង​ជូនដំណឹង​ដល់​បងប្អូន​វិញ​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៤ ប្រជាពលរដ្ឋ​ផ្ទះ​ការ​តវ៉ា​ម្ដង​ហើយ ស្ថិត​នៅ​ចំណុច​ផ្សារ​រុន​តា​ឯក ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក សង្កាត់​រុន​តា​ឯក ក្រុង​រុន​តា​ឯក​តេ​ជោ​សែន ខេត្តសៀមរាប ដោយ​មាន​ពលរដ្ឋ​ប្រមាណ​ជាង​១​ពាន់​នាក់ ដែល​បាន​ស្ម័គ្រចិត្ត​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ធ្លាប់​តាំងនៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ប្ដូរ​ទៅ​រស់នៅ​ក្នុង​ក្រុង​ថ្មី ដែល​មានឈ្មោះ​ថា «​ក្រុង​រុន​តា​ឯក តេ​ជោ​សែន​»​។

ហើយ​ក៏​បាន​លើកគ្នា​តវ៉ា​រឿង​ប័ណ្ណ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​)​នេះ បន្ទាប់​ពី​ទទួល​បាន​អនុក្រឹត្យ​ថ្មី លេខ​៣៧១ អន​ក្រ​.​កប ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​មហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ការ​កែសម្រួល​អនុក្រឹត្យ​លេខ​៨៨ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ ស្តី​ពី​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ពី​ការ​ផ្សព្វផ្សាយ​របស់​លោក​មេឃុំ​។

ប្រជាពលរដ្ឋ​ដែល​បាន​មក​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទាំង​ខាងលើ​នេះ បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា «​កាលពី​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​បាន​សន្យា​ផ្ដល់​ប័ណ្ណ​ក្រីក្រ ប័ណ្ណ​សមធម៌ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​តាម​ការ​ស្នើ​សុំ​របស់​រាជរដ្ឋាភិបាល ស្មោះស្ម័គ្រ​ចាក​ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ មក​តាំង​ទីលំនៅ​ថ្មី ស្ថិត​ក្នុង​ទឹកដី​ឃុំ​រុន​តា​ឯក នៅ​ប័ណ្ណ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​) រយៈពេល​១០​ឆ្នាំ​»​។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា «​ដល់​ឥឡូវនេះ កាត់​ខ្ទេច​កាត់​ខ្ទី ដោយ​ពលរដ្ឋ​ភាគច្រើន​ពុំ​បានដឹង ឬ​យល់​ព័ត៌មាន​ណាមួយ​ដ៏​ជាក់លាក់​ឡើយ និង​ទូលំទូលាយ​ក្នុង​ការ​ផ្សព្វផ្សាយ​ពិស្តារ​ជា​មុន​។ ហើយ​អ្នកក្រ​ខ្សត់ គ្នា​រំពឹង​ទៅ​លើ​លុយ​នេះ ដែល​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ជីវភាព​ខ្លះ​ៗ លុះដល់​ឥឡូវនេះ តើ​ឱ្យ​គ្នា​សង្ឃឹម​ស្អី​ទៀត? ធ្វើ​ឱ្យ​ពួក​គាត់​បាក់ទឹកចិត្ត​អស់ហើយ​»​។

ចំណែកឯ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត មក​ពី​ឃុំ​ពាក់​ស្មែង ស្រុក​អង្គរធំ ក៏​បាន​លើក​ឡើង​ដែរ​ថា «​សម្រាប់​ខ្ញុំ​យល់​ហើយ នៅឡើយ​តែ​ពលរដ្ឋ​ដែល​ខ្វះ​ការ​យល់​ដឹង ហើយ​ពួក​គាត់​នៅ​មាន​កម្រិត ទាប ទើប​ធ្វើ​ឱ្យ​មានការ​ទាមទារ​ឱ្យ​មន្ត្រី​ជំនាញ​ពន្យល់​គាត់​បន្ថែម​។ បើ​ចេញ​តែ​សេចក្តី​ប្រកាស​ឱ្យ​ពួក​គាត់​អាន ម៉េច​នឹង​យល់​បាន​។ មាន​ន័យ​ថា ពលរដ្ឋ​ដែល​មិន​មាន​ចែង​ក្នុង​លេខ​រៀង​ចាប់ពី​លេខ​២ រហូត​ដល់​លេខ​៥ បាន​តែ​តម្លៃ​ក្បាល​ប័ណ្ណ​១២​ម៉ឺន​រៀល​ហ្នឹងឯង​…» ។

ប្រជាពលរដ្ឋ​ដែល​លើកគ្នា​មក​តវ៉ា​នោះ បាន​បញ្ជាក់​ថា «​មូលហេតុ​មក​ពី​មានការ​ប្រែប្រួល​ប្រាក់​ឧបត្ថម្ភ ក្នុង​អំឡុង​៣​ខែ​ចុង​ក្រោយ​នេះ គឺ​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២៤ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​គោលការណ៍​រាជរដ្ឋាភិបាល​។ ហើយ​ការ​ចែក​ខិត្តប័ណ្ណ​របស់​មេឃុំ​-​ចៅសង្កាត់ មេ​ភូមិ ដល់​ប្រជាពលរដ្ឋ​តាម​ផ្ទះ​រួច​មក ប្រជាពលរដ្ឋ​យល់​ឃើញ​ថា ប្រាក់​ដែល​គាត់​ទទួល​បាន គឺជា​ការ​ដោះ​ដូរ​លំនៅ​ដ្ឋា​ន​ពី​តំបន់​អង្គរ ទៅ​រុន​តា​ឯក ហើយ​អត្ថប្រយោជន៍​ដែល​គាត់​ត្រូវ​ទទួល​បានការ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​១០​ឆ្នាំ ដោយ​មិនមែន​គិត​ថា ទទួល​ពី​កម្មវិធី​កូ​វី​ដ​-១៩ និង​សុពលភាព​ប័ណ្ណ​សមធម៌​នោះ​ទេ​»​។

ក្រុម​ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ និង​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ឧបត្ថម្ភ​ជា​បន្ត​ទៀត​ទៅ​តាម​ប្រាក់​ដែល​គាត់​ទទួល​បាន​ដូច​ប្រចាំខែ​កន្លង​មក​នៅ​ដដែល ពីព្រោះ​ពួក​គាត់​មានការ​លំបាក​ក្នុង​ការ​ប្រកប​អាជីវកម្ម​នានា នៅ​ក្នុង​ទីក្រុង​ថ្មី​មួយ​នេះ ជា​ពិសេស​ពួក​គាត់​នៅ​ជាប់បំណុល​ធនាគារ ដែល​សង្ឃឹមថា ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល នឹង​ជួយ​ពួក​គាត់​បាន​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ​ដែរ នា​ថ្ងៃ​ទី​២៦ ខែមករា លោក ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ចាត់​ឱ្យ​តំណាង​លោក សុខ ថុ​ល អភិបាលរង​ខេត្តសៀមរាប និង​ក្រុមការងារ​ចុះ ដើម្បី​ដោះស្រាយ និង​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ជា​លទ្ធផល​ផ្លែផ្កា​នោះ លោក​សុខ ថុ​ល បាន​មាន​ប្រសាសន៍​ថា «​ប្រជាជន​សុំ​រំសាយ​សិន​ទៅ​»​។

បន្ទាប់​មក លោក សុខ ថុ​ល ក៏​បាន​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លើកគ្នា​មក​ធ្វើការ​តវ៉ា​ទាំងនោះ​ថា «​សូម​បងប្អូន អ្នក​រុន​តា​ឯក ចាំ​ថ្ងៃស្អែក​វេលា​ម៉ោង​៨​ព្រឹក ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៤ ជួប​គ្នា​នៅ​ផ្សារ​រុន​តា​ឯក ដោយ​មាន​ក្រសួង​ពាក់ព័ន្ធ​នឹង​ចូលរួម​ផង​ដែរ បើ​បងប្អូន​មាន​បញ្ហា​អ្វី​អាច​សួរ​ផ្ទាល់​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ