ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ​៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌ ទទួល​បាន​ថវិកា​ជាង៥​លាន​ដុល្លារ​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​ព្រះរាជា ណា ចក្រ​កម្ពុជា និង​ជា​គ្រូបង្វឹក​កិត្តិយស​ក្រុមបាល់ទាត់​តារា​កម្ពុជា​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​កីឡាបាល់…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃ​ព្រះរាជា ណា ចក្រ​កម្ពុជា និង​ជា​គ្រូបង្វឹក​កិត្តិយស​ក្រុមបាល់ទាត់​តារា​កម្ពុជា​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​កីឡាបាល់ ទាត់​មិត្តភាព​សប្បុរសធម៌​ក្រោម​មូលបទ «​រួម​គ្នា​ដើម្បី​សប្បុរសធម៌ និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង ញៀន​» និង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤ ទទួល​បាន​ថវិកា​ចំនួនជាង​៥​លាន​ដុល្លារ​អាមេរិក​​ពី​សប្បុរសជន​។

យោង​តាម​បណ្ដាញ​ទំនាក់​ទំ​ន​ង​សង្គម កាលពី​ល្ងាច​ថ្ងៃ​ទី០១ ខែឧសភា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ​បាន​សរសេរ​ថា បាល់ទាត់​ល្ងាច​នេះ បង្ហាញ​នូវ​សមិទ្ធផល​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ការ​អភិវឌ្ឍ ពិសេស ​បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព​ក្នុង​ចំណោម​ជនរួមជាតិ​យើង​។ អរគុណ​ក្រុមបាល់ទាត់​ទាំង​៤​ក្រុម ដែល​ចូលរួម​ប្រកួត​។ អរគុណ​សិល្បករ សិល្ប​ការិនី អ្នកចូលរួម​រៀបចំ​បម្រើ​ការ​ងារ​ទាំងអស់ ពិសេស​សាលា​រាជធានី​ភ្នំពេញ និង​កងកម្លាំង​ប្រដាប់​គ្រប់​ប្រភេទ​។ អរគុណ​អ្នកគាំទ្រ​ដែល​ចូលរួម​ទស្សនា​ទាំង​នៅ​ពហុ​កីឡដ្ឋាន​ទាំង​មើល​ការ​ផ្សាយ​ផ្ទាល់​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្ដេច​តេ​ជោ ក៏​បាន​អរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ជា​ថវិកា ដែល​គិត​ត្រឹម​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៤​នេះ មាន​ប្រាក់​រៀល ៦០៥ 000 000 រៀល ជា​ដុល្លារ ៤ ៨៥០ ០០០ ដុល្លារ​។ សរុប​គិត​ជា​ប្រាក់​ដុល្លារ​ចំនួន (៥ ០០១ ២៥០)​។ សម្ដេច​តេ​ជោ​លើក​ឡើង​ថា ដូច​បាន​ជំរាប​ជូន​៣​ថ្ងៃមុន​នេះ​ថា ថវិកា​ត្រូវ​បាន​បែងចែក​សម្រាប់​មន្ទីរពេទ្យ​កុមារ​អង្គរ ៥០០ ០០០ ដុល្លារ​, មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន ៣០០ ០០០ ដុល្លារ​, គ្រួសារ​យុទ្ធ​ជន​ពលី​២០​គ្រួសារ ២០០ ០០០ ដុល្លារ សរុប ១ ០០០ ០០០ ដុល្លារ​។

សម្រាប់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ និង​ទទួល​បាន ៤ ០០១ ២៥០ ដុល្លារ ជា​បណ្តោះអាសន្ន និង​ប្រសិនជា​ទទួល​បាន​បន្ថែម​ទៀត ក៏​នឹង​ប្រគល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំងអស់​។ លទ្ធផល​ចុង​ក្រោយ​របស់​យើង គឺ​ជីវិត​សុខភាព និង​ស្នាមញញឹម​របស់​កុមារ​។

គួរ​បញ្ជាក់​ដែរ​ថា នា​រសៀល​ថ្ងៃ​ទី ០១ ខែ ឧសភា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​គ្រូបង្វឹក​កិត្តិយស​ក្រុមបាល់ទាត់​តារា​កម្ពុជា (Cambodia football Super Stars) បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌​ក្រោម​មូលបទ «​រួម​គ្នា​ដើម្បី​សប្បុរសធម៌ និង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​» និង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។

ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌​នេះ បាន​បញ្ចប់​ដោយ​បរិយាកាស​សប្បាយ​រីករាយ​បំផុត ដែល​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​ផ្ទាល់​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ក្នុង​នោះ​លទ្ធផល​នៃ​ការ​ប្រកួត​គឺ កីឡាបាល់ទាត់​ក្រុម​តារា​កម្ពុជា (Cambodia football Super Stars) បាន​ទទួល​ជ័យជម្នះ​លើ​ក្រុមបាល់ទាត់ Kun Khmer All Stars ក្នុង​លទ្ធផល (2-0)​។

ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាព​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ឆ្លុះ​បញ្ចាំង​ពី​សាមគ្គីភាព ហើយ​ជំរុញ​ប្រជាពលរដ្ឋ​ស្រឡាញ់​កីឡា និង​ចៀស​ផុត​ពី​គ្រឿងញៀន និង​ទឹកចិត្ត​សប្បុរសធម៌ ពិសេស​ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញពី​ភាព​សប្បាយ​​រីករាយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្រោម​ម្លប់​សន្តិភាព និង​ស្រប​ទៅ​តាម​ពាក្យស្លោក «​កីឡា​រស់​ក្នុង​សន្តិភាព​»​។

ទិដ្ឋភាព​ជាក់ស្តែង​គេ​សង្កេត​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​ច្រើន​រូប ​បាន​អញ្ជើញ​ចូលរួម​ទស្សនា ​និង​អបអរសាទរ​ព្រឹត្តិការ​បាល់ទាត់​នេះ​ផង​ដែរ​៕​​

អត្ថបទសរសេរ ដោយ