- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មនុស្សស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាប្រធានបទពិភាក្សាខ្លាំងក្លានៅតាមបណ្តាញសង្គម ដោយសារតែកាន់តែញឹកញាប់ និងសាហាវ ។ ជាការផ្តួចផ្តើមដ៏ល្អមួយ សម្ដេចក្រឡាហោម ស ខេង…
រាជធានីភ្នំពេញ ៖ មនុស្សស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាប្រធានបទពិភាក្សាខ្លាំងក្លានៅតាមបណ្តាញសង្គម ដោយសារតែកាន់តែញឹកញាប់ និងសាហាវ ។ ជាការផ្តួចផ្តើមដ៏ល្អមួយ សម្ដេចក្រឡាហោម ស ខេង…
រាជធានីភ្នំពេញ ៖ មនុស្សស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាប្រធានបទពិភាក្សាខ្លាំងក្លានៅតាមបណ្តាញសង្គម ដោយសារតែកាន់តែញឹកញាប់ និងសាហាវ ។
ជាការផ្តួចផ្តើមដ៏ល្អមួយ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបងដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេសបានប្រកាសណែនាំឲ្យបិទផ្លាកសញ្ញាចរាចរណ៍ផ្លូវគោកនៅតាមសាលាបឋម និងចាប់ផ្តើមបង្រៀនច្បាប់ចរាចរណ៍ដល់សិស្សសាលា ដើម្បីឲ្យក្មេងៗស្វែងយល់អំពីចរាចរណ៍ ។ សម្ដេចក្រឡាហោម ស ខេង បានប្រកាសដូច្នេះ ក្នុងពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាខ្នងមាន៣បន្ទប់ និងសមិទ្ធផលនានានៅសាលាបឋមសិក្សារំជៃ ស្ថិតនៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចក្រឡាហោម ស ខេង ដែលបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកអស់ច្រើនឆ្នាំកន្លងមកក៏បានណែនាំដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ ។
ទន្ទឹមនឹងនេះ សម្ដេច ក៏បានណែនាំឲ្យបង្រៀនច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សតាំងពីសាលាបឋមឡើងទៅ ជាពិសេសត្រូវបិទផ្លាកសញ្ញាចរាចរណ៍ឱ្យបានច្រើន នៅតាមសាលារៀនផងដែរ ។ ការយកសញ្ញាចរាចរណ៍មកបិទនៅតាមសាលាបឋម ដើម្បីឲ្យក្មេងដឹងថា ខាងណាស្ដាំ ខាងណាឆ្វេង ហើយគេធ្វើដំណើរយ៉ាងម៉េច? ឆ្លងកាត់យ៉ាងម៉េច? អាហ្នឹង គឺបណ្ដុះតាំងពីហ្នឹងទៅ ព្រោះយើងឥឡូវអភិវឌ្ឍផ្លូវហេដ្ឋារចនាសម្ព័ន្ធល្អ បែរជាកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន ។ កាលពីផ្លូវគមនាគមន៍នៅអាក្រក់មិនសូវគ្រោះថ្នាក់ទេ ព្រោះមិនមានឡាន បើកលឿនទេ ។
សម្ដេច ស ខេង បន្ដថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង ដោយសារអ្នកប្រើប្រាស់ផ្លូវ។ ដូច្នេះត្រូវរួបរួម និងត្រូវគោរពច្បាប់ចរាចរណ៍ ។ខាងលើនេះ គឺជាការសម្លឹងឃើញបញ្ហាមួយ ក្នុងដំណោះស្រាយលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាយើង ។ ចំណុចនេះ ទាមទារឱ្យរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកការណែនាំរបស់ថ្នាក់ដឹកនាំនេះទៅអនុវត្ត និងពង្រីកបន្ថែម ដោយដាក់បញ្ចូលច្បាប់ចរាចរណ៍ជាមេរៀនក្នុងកម្មវិធីសិក្សាសម្រាប់កុមារ សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ នៅទូទាំងប្រទេសតែម្តង ។
កាលណា ម្នាក់ៗយល់ដឹងពីចរាចរណ៍ក៏អាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានមួយកម្រិត ។ គ្រោះថ្នាក់ចរាចរណ៍ជាមធ្យមនៅក្នុងសង្គមកម្ពុជាយើងនៅទូទាំងប្រទេស បានកើតឡើងរាល់ថ្ងៃ ហើយបានសម្លា.ប់មនុស្សមិនតិចជាង៤នាក់ និងរបួសជាង១០នាក់ ក្នុង១ថ្ងៃៗ ។ ក្នុងនោះ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍នៅប៉ុន្មានករណីចុងក្រោយ នៅភ្នំពេញ ចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តដល់ខែមករា ឆ្នាំ២០២៤ គឺគ្រោះថ្នាក់ចរាចរណ៍ មានលក្ខណៈសាហា.វ ដែលបង្កឡើងដោយអ្នកបើកបរឡាន ស្រវឹងស្រា បណ្តាលឱ្យស្លា.ប់ធនធានមនុស្សដ៏សំខាន់របស់យើង ។
ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដូចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់រួចហើយ នៅក្នុងពិធីសន្និបាតក្រសួងព័ត៌មាន កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ គឺទាំងជនល្មើសជាអ្នកបើកបរយានយន្ត រួមទាំងជនរងគ្រោះ សុទ្ធតែមិនចង់ឱ្យហេតុការណ៍សោកនា.ដកម្មនោះកើតឡើងទេ ។ កាលណាមានគ្រោះថ្នាក់កើតឡើង ក្រៅតែពីបណ្តាលឱ្យមានអ្នករបួស និងស្លា.ប់ ខូចខាតទ្រព្យសម្បត្តិ គឺយើងត្រូវបាត់បង់ធនធានមនុស្ស ។ តួយ៉ាងដូចករណីអ្នកបើកឡាន Jeep បុកស្លា.ប់បុរសម្នាក់ គឺជនល្មើសជាយុវជនទើបរៀនចប់បរិញ្ញាបត្រជាន់ខ្ពស់មកពីអាមេរិក ខណៈដែលជនរងគ្រោះក៏ជាយុវជនដែលជាកីឡាករឆ្នើមខាងវា.យសីថែមទៀត ។
ថ្មីៗចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្ពានឬស្សីកែវ ក្នុងរាជធានីភ្នំពេញ កាលពីព្រលប់ ថ្ងៃទី២០ មករា ឆ្នាំ២០២៤ បង្កឡើងដោយមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្រវឹងស្រា បើកឡានបុកពីក្រោយលើអ្នកឈប់នៅភ្លើងស្តុប បណ្តាលឱ្យស្លា.ប់៤នាក់ និងរបួសធ្ងន់៤នាក់ ។ អ្នកស្លា.ប់ទាំង៤នាក់នោះ សុទ្ធតែជាធនធានរបស់កម្ពុជាយើង ដែលជាយុវនិស្សិតរៀននៅថ្នាក់មហាវិទ្យាល័យ ។ ពួកគាត់ ខំប្រឹងតស៊ូចាកចេញពីស្រុកកំណើតនៅតាមខេត្តមកបន្តការសិក្សារៀនសូត្រនៅភ្នំពេញ ហើយក៏ជួបរឿងអកុសលដូច្នេះ ។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍ស្ទើរតែទាំងអស់ នាពេលសព្វថ្ងៃនេះកើតឡើងដោយសារតែកត្តាមនុស្ស ហើយភាគច្រើនដោយសារតែអ្នកបើកបរយានយន្ត ផឹកស្រា ស្រវឹងហើយបើកបរ ។ អ៊ីចឹង បើម្នាក់ៗភ្ញាក់រលឹក ក៏មិនទាន់ហួសពេលទេ ។
ដូច្នេះទន្ទឹមនឹងការតាំងបង្ហាញស្លាកសញ្ញាចរាចរណ៍ នៅតាមសាលារៀនដល់កុមារតូចៗ នៅថ្នាក់សាលាបឋម ក៏គួរតែបញ្ចូលមេរៀនចរាចរណ៍ជាមេរៀនសំខាន់នៅក្នុងកម្មវិធីសក្សា តាមពីថ្នាក់បឋមរហូតដល់ថ្នាក់មធ្យមសិក្សា និងនៅសាលាវិទ្យាល័យ។ ក្នុងនោះ ការរឹតបន្តឹងលើអ្នកបើកបរយានយន្តក៏ជារឿងសំខាន់ ដែលប៉ូលិស ត្រូវអនុវត្ត ដោយគ្មានការលើកលែង ហើយរដ្ឋសភាក៏ត្រូវកែច្បាប់ចរាចរណ៍ផ្លូវគោកសព្វថ្ងៃ ។ ច្បាប់ចរាចរណ៍ថ្មី ត្រូវតែបន្ថែមទោសជាប់ពន្ធនាគារច្រើនឆ្នាំជាងសព្វថ្ងៃ និងផាកពិន័យជនល្មើស ឱ្យធ្ងន់ធ្ងរជាងសព្វថ្ងៃ រួមទាំងការហាមឃាត់អ្នកស្រវឹង បើកបរយានយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នាំឱ្យស្លា.ប់មនុស្ស គឺលែងឱ្យកាន់ដៃចង្កូតបើកបរយានយន្តអស់មួយជីវិត ។
ការលើកឡើងទាំងអស់ខាងលើនេះ ក៏មិនអាចខ្វះបាននូវការចូលរួមពីប្រជាពលរដ្ឋ និងបុគ្គលម្នាក់ៗបានទេ ។ ម្នាក់ៗត្រូវតែយល់ដឹងពីច្បាប់ចរាចរណ៍ហើយត្រូវចេះបើកបរយានយន្ត ដោយមានគ្រូបង្រៀន ឆ្លងកាត់សាលា បើកបរត្រឹមត្រូវរាប់ចាប់ពីដើរជិះកង់ បើកបរម៉ូតូ និងបើកបរឡាន ។ បន្ទាប់ពីចេះច្បាប់ និងចេះបើកបរត្រឹមត្រូវហើយម្នាក់ៗក៏ត្រូវគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន ។ ពោល គឺកុំខ្លាចប៉ូលិសចាប់តែត្រូវខ្លាចច្បាប់ ។ មូលហេតុ ដើម្បីសុវត្ថិភាពខ្លួនឯងផង សុវត្ថិភាពក្រុមគ្រួសារផង និងដើម្បីសុវត្ថិភាពអ្នកដទៃលើដងផ្លូវផង។
ចូរចងចាំនូវការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវដែលបានពោលថា «បើចង់ដឹងពីសង្គម មានសុខសុវត្ថិភាពកម្រិតណា សូមមើលពីរបងផ្ទះរបស់ប្រជាពលរដ្ឋ ។ បើចង់ដឹងពីចំណេះដឹងរបស់ប្រជាពលរដ្ឋក្នុងសង្គមមួយ យើងត្រូវមើលពីការបើកបររបស់ប្រជាពលរដ្ឋ»៕
ចែករំលែកព័តមាននេះ