«អំពើពុ.ករលួ.យ» ជាដើមចមនាំឱ្យក្រុមបាល់ទាត់ជម្រើសជាតិចិនបរាជ័យបន្តបន្ទាប់
ចិន ៖ ប្រជាជនចិន ជាពិសេសអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ បានផ្ទុះការខឹងសម្បារយ៉ាងខ្លាំង
ចិន ៖ ប្រជាជនចិន ជាពិសេសអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ បានផ្ទុះការខឹងសម្បារយ៉ាងខ្លាំង
ចិន ៖ ប្រជាជនចិន ជាពិសេសអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ បានផ្ទុះការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីក្រុមជម្រើសជាតិប្រទេសពួកគេធ្វើមិនបានល្អទាល់តែសោះ និងធ្លាក់ចេញពីការប្រកួតពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០២៣ នៅប្រទេសកាតា ត្រឹមវគ្គចែកពូល។
ការចាញ់ក្រុមម្ចាស់ផ្ទះកាតាលទ្ធផល ១-០ ការប្រកួតចុងក្រោយវគ្គចែកពូល កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានធ្វើឱ្យចិនបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ពូល A ឆ្លងកាត់៣ប្រកួត ស្មើ២ និងចាញ់១ ជាមួយស្ថិតិដ៏អាក្រក់ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទី និងរបូត១គ្រាប់។ អ្នកគាំទ្រចិនផ្ទុះការខឹងសម្បារលាយឡំជាមួយអារម្មណ៍នឿយហត់នឹងការបរាជ័យដដែលៗជាច្រើនឆ្នាំកន្លងមកនេះ ដ្បិតប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ធ្លាប់បាននិយាយថា លោកចង់ឱ្យប្រទេសចិនឈ្នះពានរង្វាន់ World Cup យ៉ាងណាក៏ដោយ។
អ្នកគាំទ្រចិននៅក្នុងកីឡដ្ឋានបាននាំគ្នាស្រែកថា «អ្នកគួរខ្មាសខ្លួនឯង» ហើយបានបន្តស្រែកយ៉ាងហួសចិត្តទៀតថា «សួស្ដីឆ្នាំថ្មី» ទៅកាន់កីឡាករនៅបញ្ចប់ការប្រកួត នឹងមុនពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសចិន។
លោក Wang Jianxiang អ្នកវិភាគកីឡាបានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមចិន Weibo ថា «ដើម្បីកសាងក្រុមឡើងវិញបន្ទាប់ពីបរាជ័យនេះ យើងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សក្នុងការផ្លាស់ប្តូរគ្រូបង្វឹក ដើម្បីទទួលបានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ និងបញ្ឈប់អំពើពុករលួយ»។
អ្នកវិភាគម្នាក់ទៀតគឺលោក Ji Yuyang បានបង្ហោះសារផងដែរថា «ការប្រកួត Asian Cup បានធ្វើឱ្យយើងមើលឃើញយ៉ាងច្បាស់ថា តើមានប្រទេសប៉ុន្មានក្នុងទ្វីបអាស៊ីកំពុងកែលម្អកម្រិតបាល់ទាត់ពួកគេ។ ប្រទេសចិនមិនមែនគ្រាន់តែឈរស្ងៀមនោះទេ យើងកំពុងដំណើរការឡើងវិញទាំងស្រុង»។
ដោយឡែក លោក Zhao Yu ដែលជាអ្នកវិភាគកីឡាម្នាក់ផងដែរនោះ ត្រូវបានស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «វាជារឿងគួរឱ្យអាម៉ាស់ណាស់ ដែលយើងលេង៣ប្រកួតដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទី ឬជ័យជម្នះ»។
អ្នកគាំទ្របាល់ទាត់ចិន ក៏ផ្ទុះការខឹងសម្បារលើបណ្តាញសង្គមយក្សចិន Weibo បានចង្អុលបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយយ៉ាងស៊ីជម្រៅលើការប្រកួតក្នុងស្រុក ទើបនាំឱ្យក្រុមជម្រើសជាតិគ្មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រកួតប្រជែង។ទូរទស្សន៍រដ្ឋ CCTV ក្នុងខែនេះ បានចាក់ផ្សាយភាពយន្តឯកសារដែលអតីតគ្រូបង្វឹកជម្រើសជាតិចិន លោក Li Tie បានសារភាពថា គាត់បានសូកប៉ាន់ប្រាក់រាប់សែនដុល្លារ ដើម្បីទទួលបានតំណែងនេះ និងជាប់ពាក់ព័ន្ធនឹងការកំណត់លទ្ធផលប្រកួត។
ការបង្ក្រាបអំពើពុករលួយក៏បានចាប់មន្ត្រីសមាគមបាល់ទាត់ចិនមួយចំនួនផងដែរ។ អ្នកនិយមលេងបណ្ដាញសង្គមម្នាក់បានសរសេរថា «បន្ទាប់ពីមានអំពើពុករលួយជាច្រើនឆ្នាំមក វាគ្មានអ្វីចម្លែកនោះទេ ដែលយើងគ្មានកីឡាករមានទេពកោសល្យលើទីលាន»។
គួរបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ ម្ចាស់ផ្ទះកាតា ជប៉ុន អូស្ត្រាលី តាហ្ស៊ីគីស្ថា អារ៉ាប់រួម អ៊ីរ៉ាក់ អ៊ូសបេគីស្ថាន អ៊ីរ៉ង់ និង ស៊ីរី បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣៕ (ប្រភព ៖ VnExpress)
ចែករំលែកព័តមាននេះ