ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដល់​៥​ខែ​ផង នៅ​ក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អា​មេ​រិ​ក ចិន អឺ​រុ​ប ឥណ្ឌូ​ណេ​ស៊ី វៀតណាម…

មិន​ដល់​៥​ខែ​ផង នៅ​ក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អា​មេ​រិ​ក ចិន អឺ​រុ​ប ឥណ្ឌូ​ណេ​ស៊ី វៀតណាម និង​ជប៉ុន​ជាដើម ។ ដើម​អាណត្តិ​ទី​៧​នេះ កម្ពុជា​បាន​ក្រាល​ព្រំ​ទទួល​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ជា​មិត្ត​ជាប់​របង​កម្ពុជា​ដ៏​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​ផង​ដែរ ។

តាម​រយៈ​សកម្មភាព និង​បេសកកម្ម​ខាងលើ​នេះ កម្ពុជា​បាន​កំពុង​ពង្រឹង​វិស័យ​ការទូត​ជាមួយ​សកលលោក​នោះ​ត្រឹម​វិស័យ​ការទូត​នយោបាយ​ទេ តែ​បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​នៅ​វិស័យ​ការទូត​សេដ្ឋកិច្ច​ផង​ដែរ ។ សេដ្ឋកិច្ច​ជា​គន្លឹះ ដើម្បី​កម្ពុជា​ពង្រឹង​ឯករាជ្យ​ភាព មាន​ធិ​បត​យ្យេ​ភាព ពលរដ្ឋ​រស់នៅ​ក្នុង​ភាព​រុងរឿង​មាន​សេដ្ឋកិច្ច​ខ្ពស់​មាន​ចំណូល​ល្អ​គ្រប់​ៗ​គ្នា ។ ការ​ក្លាយជា​អ្នកមាន​ជា​ក្តី​រំពឹង​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ។

គេ​នៅ​ចាំ​បាន​ថា អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​នោះ សម្តេច ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅ​ក្រៅប្រទេស​ដូច​ជា​អា​មេ​រិ​ក​ជាដើម​នោះ មិនមែន​ធ្វើ​ឡើង​តែ​ដើម្បី​វិស័យ​ការទូត​ដែល​សំដៅ​ដល់​ការទូត នយោបាយ​នោះ​ទេ គឺ​សម្តេច​ធ្វើ​ការទូត​សេដ្ឋកិច្ច គឺ​ទាក់​ម៉ូយ​មក​វិនិយោគ​នៅ​កម្ពុជា​ដែរ ។

«​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ការទូត​នយោបាយ ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​ពី​ការ​ដើរ​ទាក់​ម៉ូយ​នោះ​ទេ ទោះបីជា​ទៅ​ចិន ឥណ្ឌូ​នេ​ស៊ី និង​អា​មេ​រិ​ក​ក៏​ដូច​គ្នា​ដែរ ។ ខ្ញុំ​ចុះ​ដល់​អា​មេ​រិ​ក ខ្ញុំ​បាន​ជួប​ជា មួយ​តំណាង​ក្រុមហ៊ុន​ចំនួន​៥៨​នៅ​ក្នុង​វិស័យ​នានា​» នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច នាយក​រដ្ឋមន្ត្រី នៅ​ក្រោយ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ។

រហូត​មក​ដល់​ពេល​នេះ អាច​អះអាង​បាន​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ប្រឹងប្រែង​ទាក់​ម៉ូយ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា គឺ​បាន​សឹង​គ្រប់​ជ្រុង​សំខាន់​ៗ​នៃ​ប៉ូ​ល​សេដ្ឋកិច្ច​របស់​ពិភពលោក​ហើយ​ប្រទេស​ដែល​សម្តេច​បាន​ជួប​នោះ​សុទ្ធ​សឹង​ជា​មហាអំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​សកលលោក និង​តំបន់​ដូច​ជា អា​មេ​រិ​ក អឺរ៉ុប ជប៉ុន និង​ចិន ជា​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក ។ ដូច្នេះ​ប្រសិនជា​បណ្តា​ប្រទេស​ទាំងនោះ​បន្ថែម​ការ​វិនិយោគ​ថ្មី​ៗ​ទម្លាក់​ក្រុមហ៊ុន​របស់​ខ្លួន បន្ថែម​មក​រកស៊ី​នៅ​កម្ពុជា​នោះ ។ កម្ពុជា ដែល​មាន​ពលរដ្ឋ​ប្រមាណ​១៧​លាន​នាក់​នោះ ប្រាកដជា​រីក​ចម្រើន​ហើយ​ពលរដ្ឋ​ប្រាកដជា​គ្មាន​អ្នក​អត់​ការងារ​នោះ​ទេ ។

ក្រៅពី​ស្តេច​សេដ្ឋកិច្ច​នៅ​លើ​លោក ប្រទេស​វៀតណាម និង​ថៃ ដែល​ប្រមុខ​ដឹកនាំ​កម្ពុជា បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ និង​អ្នក​ធុរកិច្ច​របស់​គេ​ហើយ​ដែរ​នោះ ក៏​មិន ធម្មតា​ដែរ ។ ប្រ​សិន​ក្រុមហ៊ុន មក​ពី​ប្រទេស​ទាំង​ពីរ​នេះ​សុខចិត្ត​បោះទុន​នៅ​កម្ពុជា បន្ថែម ទៀត​នោះ ទាំង​សេដ្ឋកិច្ច ទាំង​ចំនួន​ពលរដ្ឋ​ខ្មែរ​មានការ​ងារ​ធ្វើ​នឹង​ហត់​ឡើងជា​មិន​ខាន ឡើយ ។

សរុប​មក​វិញ​រហូត​មក​ដល់​ពេក​នេះ គេ​អាច​និយាយ​ថា ថ្នាក់ដឹកនាំ​កម្ពុជ បាន​ធ្វើ​នូវ​អ្វី​ដែល គួរ​ធ្វើ​អស់ហើយ គឺ​គេ​នៅ​រង់​ចាំតែ​ការ​សម្រេចចិត្ត​ពី​អ្នក​វិនិយោគ​នៅ​បណ្តា​ប្រទេស​ទាំង នោះ​ប៉ុណ្ណោះ ។ កត្តា​សុខ​សន្តិភាព ស្ថិរភាព​សង្គម រួម​នឹង​ច្បាប់​វិនិយោគ​ថ្មី ដែល​បាន​ធានា​ការពារ​ច្បាស់លាស់​ដល់​ផលប្រយោជន៍​អ្នក​វិនិយោគទុន​នៅ​កម្ពុជា រួម​នេះ​គោលនយោបាយ​អនុគ្រោះ​នានា ដែល​រដ្ឋាភិបាល​សម្រេច​បាន​ដាក់​ចេញ​ជា​លក្ខណៈសម្បត្តិ​របស់​កម្ពុជា សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ ។ ប៉ុន្តែ​មានការ​មើលឃើញ​ថា ក្រៅពី​កត្តា​ទាំង​អស់នេះ​កម្ពុជា​គួរ​មាន​វិធានការ​មួយ​ចំនួន​ទៀត ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​វិនិយោគ​របស់​បរទេស ។ កត្តា​ទាំងនោះ​មាន​ដូច​ជា ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​បញ្ចុះតម្លៃ​សេវាកម្ម​នានា ដែល​ជា​វត្ថុធាតុដើម​ក្នុង​ការ​វិនិយោគ​ដូច​ជា​អគ្គិសនី ថ្លៃ​ដឹក​ជ​ញ្ជួ​ន រួម​ទាំង​លក្ខ​ណ្ឌ​ការងារ​របស់​កម្មករ​ផង​ដែរ ។ លក្ខខណ្ឌ​ការងារ ដែល​ក្រុមហ៊ុន​ខ្លះ ពិសេស​នៅ​ប៉ែក​អឺរ៉ុប និង​អា​មេ​រិ​ក​គេ​តម្រូវ​តែ​ម្តង ពីព្រោះ​ជា​ការ​ចង់បាន​របស់​ទីផ្សារ ។

ពេញ​មួយ​ឆ្នាំ​២០២៣ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​បាន​សរុប​ចំនួន​២៦៨ ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ជិត​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានឱ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​នៅ​ឆ្នាំ​កន្លង​ទៅ​នោះ​មាន​គម្រោង​ថ្មី​ចំនួន​២៤៧ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន​២១ ។ រំហូរ​ទុន​វិនិយោគ​ក្នុង​ឆ្នាំ ២០២៣ ភាគច្រើន មាន​ប្រភព​មក​ពី​ប្រទេស​ចិន និង​ក្នុងស្រុក ដោយ​បាន​រួមចំណែក​ជិត​៩០% នៃ​ទុន​វិនិយោគ​សរុប បន្ទាប់​មាន​ទុន​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បូ​រី ។

មិន​ថា ការ​វិនិយោគ​មក​ពី​អា​មេ​រិ​ក ចិន អឺ​រុ​ប វៀតណាម និង​ជប៉ុន​នោះ​ទេ ពលរដ្ឋ​កម្ពុជា និយាយ​ជា​រួម គឺ​កម្ពុជា​តែ​ម្តង​បាន​កំពុង​រង់ចាំ ។ ការ​វិនិយោគ​ពី​បណ្តា​ប្រទេស​ទាំង​អស់នោះ​នឹង​នាំ​មក​នូវ​កំណើនសេដ្ឋកិច្ច និង​ទីផ្សារ​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ។ ការ​វិនិយោគ​ពី​បណ្តា​ប្រទេស​ទាំងអស់​លើ​លោក​នឹង​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្លាយជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​អ្នកមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ