ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ដល់​ពេល​នេះ ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​ធំ​បាន​ប្រសើរ​ជាង​មុន​ច្រើន​ហើយ​លើ​បញ្ហា​សំរាម ។ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ទុកដាក់​សំរាម​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​សមត្ថកិច្ច ក៏​បាន​ដាក់​ពង្រាយ​ធុងសំរាម និង​រៀបចំ​កម្លាំង​បោសសម្អាត​ប្រមូល ព្រមទាំង​ដឹក​ជញ្ជូន​សំរាម…

រាជធានី​ភ្នំពេញ ៖ មក​ដល់​ពេល​នេះ ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយ​ចំនួន​ធំ​បាន​ប្រសើរ​ជាង​មុន​ច្រើន​ហើយ​លើ​បញ្ហា​សំរាម ។ ប្រជាពលរដ្ឋ​ភាគច្រើន​បាន​ទុកដាក់​សំរាម​ត្រឹមត្រូវ ហើយ​អាជ្ញាធរ​សមត្ថកិច្ច ក៏​បាន​ដាក់​ពង្រាយ​ធុងសំរាម និង​រៀបចំ​កម្លាំង​បោសសម្អាត​ប្រមូល ព្រមទាំង​ដឹក​ជញ្ជូន​សំរាម បាន​ប្រសើរ​ច្រើន​ជាង​មុន​ផង​ដែរ ។ ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​តូច​បាន​នៅ​តែ​ចោល​សំរាម​ផ្តេសផ្តាស ។

ក៏​ប៉ុន្តែ​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច ដែល​មិន​ទាន់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​ក្នុង​ការ​ទុកដាក់​សំរាម និង​កាក​សំណល់​ចំណីអាហារ​ក្នុង​ធុង ហើយ​ពិសេស​នៅ​ពេល​ទទួលទាន​តាម​ទី​សាធារណៈ​តាម​សួនច្បារ នៅ​មាត់ទន្លេ និង​នៅ​មាត់សមុទ្រ ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​នេះ​មិន​បាន​ប្រមូល​កាក​សំណល់​ចំណីអាហារ និង​សំរាម​របស់​ខ្លួន​វេច​ខ្ចប់​ដាក់​ធុងសំរាម​នៅឡើយ ។ ក្នុង​នោះ ក៏​អាច​មក​ពី​មិន​មាន​ធុងសំរាម​នៅ​ជិត​ៗ​ពួក​គាត់​ទើប​ពួក​គាត់ មិនដឹង​បោះចោល​សំរាម និង​កាក​សំណល់​នោះ​ឯណា​មាន​តែ​ទុក​ចោល​តែ​ម្តង ។ ខ្វះ​ធុងសំរាម​ក៏​អាច​ជា​មូលហេតុ​មួយ​ផង​ដែរ ។

កន្លង​មក ក្រោយ​ពិធី​ជួបជុំ ឬ​បុណ្យ​ទាន ដែល​មាន​មនុស្ស​ច្រើន​ម្តង​ៗ នៅ​កន្លែង​ជួបជុំ​នោះ​តែងតែមាន កាក​សំណល់ និង​សំរាម​នៅ​ពាស​វាល​ពាស​កាល​ជា​មិន​ខាន ។ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ ២០២៤ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​បាន​បង្ហោះ​សារ និង​រូប​នៅ​មាត់សមុទ្រ​ដែល​ពោរពេញ​ដោយ​សំរាម និង​កាក​សំណល់​ចំណីអាហារ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា​«​ឱ​សំរាម អើយ​សំរាម​! តើ​ឯង​បង្ក​ការ​ឈឺក្បាល អោយ​ខ្ញុំ​ដល់​ពេល​ណា? ទីលាន​តេ​ជោ សុំ​ខ្ញុំ​ប្រើ​ដូច​ជា​ងាយស្រួល​! តែ​ត្រូវ​មានការ​ទទួលខុសត្រូវ ប្រើ​ផង សម្អាត​ផង ដូច​ជា​លំបាក​ណាស់ ។ ល្ងាច​មិ​ញ ខ្ញុំ​ជិះ​កាត់​ស្ទើរតែ​ស្រក់​ទឹកភ្នែក​!»​។

ជាមួយ​គ្នា​នោះ នៅ​មាត់សមុទ្រ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ដដែល​ក៏​មានការ​ភ្ញាក់ផ្អើល និង​រិះគន់​យ៉ាង​ខ្លាំង ក្រោយ​ចូល​ឆ្នាំ​សកល បាន​៣​ថ្ងៃ ក៏​ស្រាប់តែ​មាន​បុរស​ស្ត្រី​២​នាក់ មិន​ស្តាប់​តាម​ការ​អំពាវនាវ​របស់​អាជ្ញាធរ​សមត្ថកិច្ច​នោះ​ឡើយ ព្រោះតែ​ទម្លាប់​ញ៉ាំ​កន្លែង​ណា​ចោល​សំរាម និង​កាក​សំណល់​កន្លែង​នោះ ។ ករណី​នោះ ត្រូវ​បាន​គេ​ថត​បង្ហោះ​ពេញ​ហ្វេ​ស​ប៊ុ​ក ។

ទម្លាប់​មិនល្អ​របស់​ជនរួមជាតិ​យើង​មួយ​ចំនួន​លើ​បញ្ហា​សំរាម​នេះ ត្រូវ​បាន​មហាជន​រិះគន់ និង​ក្លាយជា​គំរូ​មិនល្អ សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ ។ តែ​ក្នុង​សង្គម​យើង​កន្លង​មក និង​បន្ត​ដល់​ពេល​នេះ​ក៏​មាន​ដែរ ពលរដ្ឋ​ល្អ ដែល​មិន​ត្រឹមតែ​មិន​បោះចោល​សម្រាម​របស់​ខ្លួន​ពាស​វាស​ពាស​កាល​ទេ តែ​ថែម​ទាំង​ចូលរួម​បោសសម្អាត និង​ដើរ​រើស​កាក​សំណល់​សំរាម​តាម​ផ្លូវ​តាម​សួនច្បារ តាម​មាត់ទន្លេ និង​តាម​មាត់សមុទ្រ​ថែម​ទៀត ។ ទម្លាប់​ល្អ​នេះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ៗ ពិសេស​យុវជន​ដែល​មានការ​សិក្សា​យល់​ដឹង ហើយ​ស័ក្តិ​សមជា​គំរូ​សម្រាប់​សង្គម​យើង​។

ក្នុង​ពេល​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន ដែល​មាន​ទម្លាប់​មិនល្អ​លើ​បញ្ហា​សំរាម​នេះ អាជ្ញាធរ​សមត្ថកិច្ច ក៏​ត្រូវ​តែ​បន្ត អំពាវនាវ​ផង​ណែនាំ​ផង អប់រំ​ផង និង​ផាកពិន័យ​ផង ។ ក្នុង​នោះ អាជ្ញាធរ​សមត្ថកិច្ច​ក៏​ត្រូវ​តែ​ចាត់​កម្លាំង​សហការ ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​ផ្តល់​សេវា​ខាង​សំរាម​បោសសម្អាត​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​តាម​ទី​សាធារណៈ និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទៀងទាត់ និង​ជា​ប្រចាំ​រៀងរាល់ថ្ងៃ ។

សំខាន់​ជាងគេ គឺ​អាជ្ញាធរ​សមត្ថកិច្ច ក៏​ត្រូវ​តែ​បន្ត​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ទទួល​បន្ទុក​ខាង​សំរាម ត្រូវ​ដាក់​ពង្រាយ​ធុងសំរាម​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​តាម​ទី​សាធារណៈ ពិសេស​ដូច​នៅ​មាត់សមុទ្រ នៅ​ឆ្នេរ អូរ​ឈើទាល គឺ​១០​ម៉ែត្រ ទៅ​២០​ម៉ែត្រ មាន​ធុងសំរាម​មួយ ។ តែ​ពេល​ខ្លះ​នៅ​មាត់សមុទ្រ​នោះ ក៏​មាន​សំរាម​ពេញ​ហៀរហូរ ក្នុង​ពេល​ប្រជាពលរដ្ឋ​យើង​ទៅ​លេង​ច្រើន នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ និង​នៅ​ថ្ងៃ​បុណ្យ​ទាន ជាដើម ។

នៅ​ភ្នំពេញ ក៏​ល្អ​ច្រើន​ដែរ​សព្វថ្ងៃ​លើ​បញ្ហា​សំរាម ។ តាម​ផ្លូវ​ធំ​ៗ​មួយ​ចំនួន ពិសេស​ពី​ផ្សារ​ដេប៉ូ ទៅ​អាង​ទឹកអូរ​ឡាំ​ពិ​ក គឺ​ធុងសំរាម​ត្រូវ​បាន​ដាក់​ពង្រាយ​១០​ម៉ែត្រ ទៅ​២០​ម៉ែត្រ​ធុងសំរាម​មួយ ហើយ​តាម​ផ្លូវ​ក៏​ស្អាត​ល្អ ។ នៅ​សួនច្បារ​មាត់ទន្លេ​នៅ​ភ្នំពេញ​ក៏​ដូច​គ្នា មាន​ធុងសំរាម​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​សួនច្បារ និង​តាម​ផ្លូវ ។ អ្នក​បោសសម្អាត​ផ្លូវ និង​តាម​សួនច្បារ​ក៏​ត្រូវ​បាន​ចាត់ចែង​បាន​ល្អ ហើយ​ការ​ដឹក​ជញ្ជូន​សំរាម ក៏​ធ្វើ​ឡើង​ទៀងទាត់​មិន​បង្ក​ការ​កកស្ទះ​សំរាម​ឡើយ​ឥឡូវនេះ ។

មួយវិញទៀត ប្រទេស​យើង មានច្បាប់​រួច​ហើយ ក្នុង​ការ​ផាកពិន័យ​លើ​អ្នក​បោះចោល​សំរាម​ពាស​វាល​ពាស​កាល ។ តែ​ការ​អនុវត្ត​មិន​ទាន់​បាន​នៅឡើយ ។ មាត្រា​៤២ នៃ​អនុក្រឹត្យ​លេខ​១១៣ ស្តី​ពី​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​ទីប្រជុំជន​បាន​ចែង​ថា​«​បុគ្គល​ណា​ដែល​បាន​ចោល​សំរាម​សំណល់​រឹង នៅ​តាម​ដងផ្លូវ​ទី​សាធារណៈ ទីវាល​ដី​កម្មសិទ្ធិ ត្រូវ​ទទួល​ការ​ផាកពិន័យ​អន្តរការណ៍ ចាប់ពី​២​ម៉ឺន​រៀល រហូត​ដល់​៤០​ម៉ឺន​រៀល ។ ក្នុង​ករណី​មិន​រាងចាល ត្រូវ​ទទួល​ការ​ផាកពិន័យ​អន្តរការណ៍​ជា​ប្រាក់​ទ្វេ​ដង​»​។

ដូច្នេះ​បញ្ហា​សំរាម ក្រៅពី​វិធានការ​របស់​អាជ្ញាធរ​សមត្ថកិច្ច ប្រជាពលរដ្ឋ​យើង​ម្នាក់​ក៏​ត្រូវ​បន្ត​ភ្ញាក់រលឹក​ចូលរួម ។ នោះ គឺ​មិន​ចាំបាច់​ដល់​ចំណាយពេល​ដើរ​រើស​សំរាម ឬ​បោសសម្អាត​តាម​ផ្លូវ និង​តាម​ទី​សាធារណៈ​ទេ គឺ​ត្រឹមតែ​មិន​បោះចោល​សំរាម​កាក​សំណល់​ចំណី​របស់​ខ្លួន​ពាស​វាល​ពាស​កាល​ក៏​ចាត់​ទុក​ថា អ្នក​បាន​ចូលរួម​ទុកដាក់​សំរាម​ត្រឹមត្រូវ និង​សម្អាត​បរិស្ថាន​ក្នុង​សង្គម​យើង​ហើយ ។ បើ​មិន​ចង់អោយ​គេ​ហៅ​ថា មនុស្ស​សំរាម​ទេ ចូរ​នាំ​គ្នា​ចេះ​ចោល​សំរាម​នៅ​តាម​ធុងសំរាម​អោយ​បាន​ត្រឹមត្រូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ