ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​​​ចុង​ក្រោយ​​​របស់​អ្នក​យកព័ត៌មាន​វិលមុខ​ដួលដាច់​សរសៃ​ឈាមក្នុង​ខួរក្បាល​លោក ​វ៉ា ដាណេ ​ជាអ្នក​រាយការណ៍​ព័ត៌មាន​ដ៏ល្អប្រពៃ​មួយរូប​សម្រាប់​កោះសន្តិភាព

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក​វ៉ា ដាណេ ​អ្នក​​យក​ព័ត៌​​មាន​កោះ​សន្តិ​ភាព​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទំងន់ ដែលពេល​នេះ​លោក​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ បន្ទាប់​ពី​​ត្រូវ​បាន​បញ្ជូន​​មក​ពី​មន្ទីរពេទ្យ​ចឺរៃ ​ប្រទេស​វៀតណាម ​វិញ កាល​ពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​២៦ ឧសភា ។ តាម​​គ្រូ​ពេទ្យ​និយាយ​ថា ​​លោក​ដាច់​​សរ​សៃ​ឈាម​នៅ​​ខួរ​ក្បាល​​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត

រាជធានីភ្នំពេញ ៖ លោក​វ៉ា ដាណេ ​អ្នក​​យក​ព័ត៌​​មាន​កោះ​សន្តិ​ភាព​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទំងន់ ដែលពេល​នេះ​លោក​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ បន្ទាប់​ពី​​ត្រូវ​បាន​បញ្ជូន​​មក​ពី​មន្ទីរពេទ្យ​ចឺរៃ ​ប្រទេស​វៀតណាម ​វិញ កាល​ពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​២៦ ឧសភា ។ តាម​​គ្រូ​ពេទ្យ​និយាយ​ថា ​​លោក​ដាច់​​សរ​សៃ​ឈាម​នៅ​​ខួរ​ក្បាល​​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត ​ទើប​បញ្ជូន​​​មក​លំ​នៅ​ឋាន​វិញ ។

ដោយ​សារ​ការ​​យក​ចិត្ត​ទុក​ដាក់ និង​ការ​អាណិត​ស្រឡាញ់​ពី​លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង ​និង​លោក​ជំទាវ​ឧកញ៉ា យិន ផាន្នី អគ្គ​​​នាយក​កោះ​សន្តិភាព​​រួម​ទាំង​សហ​ការី​កោះ​សន្តិ​ភាព​​ទាំង​អស់​កាល​ពីព្រឹក​​ថ្ងៃ​ទី​២៧ ឧសភា លោក​និង​លោក​ជំទាវ​ឧកញ៉ា ​​បាន​ធ្វើដំណើរ​​ចុះ​សាក​សួរ​សុខ​ទុក្ខ​ និង​ពិនិត្យ​​ស្ថាន​ភាព​​ជំងឺ​​ដល់​លំនៅឋាន ព្រម​ទាំង​នាំ​ថវិកា​​ចំនួន​២.៥៥៣​ដុល្លារ​ និង​លុយ​ខ្មែរ​​ចំនួន​៥៣​ម៉ឺន​រៀល ​យក​ទៅ​ឧបត្ថម្ភ​​ដល់​ក្រុម​គ្រួសារ​​លោក​វ៉ា ដាណេ ​ក្នុង​ទឹក​ចិត្ត​​ស្រងូត​ស្រងាត់​​បំផុត ។ ទឹក​ប្រាក់​​​អំណោយ​​ដែល​នាំទៅ​ឧបត្ថម្ភ​​នៅ​ក្នុង​ឱកាស​នោះ គឺ​បាន​មក​ពី​ការ​រួម​សាមគ្គី​​របស់ថ្នាក់​ដឹក​នាំ និង​សហ​ការី​​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ទាំង​អស់​ រួម​ទាំង​សប្បុរស​ជន​ដែល​​មាន​កា​រអាណិត​អាសូរ​ និង​ស្រឡាញ់​​រាប់​អាន​កោះ​សន្តិ​ភាព ។

លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង និង​លោក​ជំទាវ​​​ឧកញ៉ា ​ឧបត្ថម្ភ​​ចំនួន​១.០០០​​ដុល្លារ ​សហ​ការី​កោះ​សន្តិ​ភាព​ចំនួន​២៥៣​ដុល្លារ ​និង​៥៣​ម៉ឺន​​រៀល, លោក​ជំទាវ​ ជា​ ខេង ស៊ុយ សែម ចំនួន​៩០០​ដុល្លារ ​និង​លោក​ជំទាវ​ឧកញ៉ា ភាព ហៀក ប្រធាន​ក្រុម​ហ៊ុន​ជីប​ម៉ុងគ្រុប​ចំនួន​៤០០​​ដុល្លារ។ ជានិច្ច​កាល​ឱ្យ​តែ​មាន​​សហ​ការី​កោះ​ស​ន្តិ​ភាព​បាន​ជួប​នូវ​គ្រោះថ្នាក់​​ ឬ​មាន​ជំងឺ​​ផ្សេងៗ​លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង និង​លោក​ជំទាវតែង​តែ​​ជួយ​ជ្រោម​ជ្រែង​​ទាំង​កម្លាំង​កាយ​ចិត្ត និង​ថវិកា ​រួម​ជា​មួយ​សទ្ធា​មួយ​ចំនួន​របស់​សហ​ការី​​កោះ​សន្តិ​ភាពដែល​រួម​គ្នា​​​ជួយ​ឧបត្ថម្ភ​គ្នា​ទៅវិញ​ទៅ​មក​ ដែល​ទង្វើ​​​នេះ​ជា​ទឹក​ចិត្ត​ មិន​អាច​កាត់​ថ្លៃ​បាន​របស់​មហា​គ្រួសារ​​កោះ​សន្តិភាព ។

លោក​វ៉ា ដាណេ មាន​អាយុ​៤០​ឆ្នាំ ​ជា​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព មាន​លំនៅ​​លេខ​៣៣២ ភូមិ​​​មិត្ត​ភាព សង្កាត់​ឫស្សី​កែវ ​ខណ្ឌ​ឫស្សី​កែវ មាន​ប្រពន្ធ​ឈ្មោះ​​នូ សុផា អាយុ​៣៩​​ឆ្នាំ រៀប​​​ការ​នៅ​ឆ្នាំ​១៩៩៩ ​មាន​កូន​ចំនួន​៣​នាក់ ប្រុស​ម្នាក់ និង​ស្រី​២​នាក់ កូន​ប្រុស​ច្បង​អាយុ​១០​ឆ្នាំ ​និង​កូន​ស្រីពៅ​​អាយុ​៧ឆ្នាំ ។

លោកជា​កូន​ពៅ​ទី៥ ក្នុង​ចំណោម​​បង​ប្អូន​៥​នាក់ ដែល​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ចាស់​ជរា​ឈ្មោះ​អ៊ួន យ៉ុង អាយុ​៧០​ឆ្នាំ ​ដែល​ប្តី​បាន​ស្លាប់​ចោល​តាំងពី​ឆ្នាំ​១៩៧៥ មក​ម៉្លេះ ។ ​លោក​វ៉ា ដាណេ ​មាន​ស្រុក​កំណើត​​នៅ​ភូមិ​​ស្វាយ​ភ្លើង​ ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ។ ​បន្ទាប់​ពី​សិក្សា​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ​នៅ​វិទ្យា​ល័យ​បល័្លង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ លោក​មក​បន្ត​ការ​សិក្សា​នៅភ្នំពេញ ដោយ​ស្នាក់​នៅ​ក្នុង​វត្ត​សារា​វ័ន ​ស្ថិត​នៅ​ខណ្ឌ​ដូន​ពេញ ។ ​ដោយ​សារ​តែ​ការស្រឡាញ់​​វិជ្ជា​ជីវៈ​​សារ​ព័ត៌​មាន​នៅ​ឆ្នាំ​១៩៩៥ ​លោក​ចូលបម្រើ​ការ​នៅ​ក្នុង​សម្ព័ន្ធ​​សារ​ព័ត៌​មាន​កម្ពុជា និង​ធ្លាប់​បម្រើ​ការ​នៅ ​កា​សែត​ភ្នំពេញ ព្រម​ទាំង​​កាសែត​​កម្ពុជាថ្មីផង​ដែរ ។ ​ដោយ​សារ​តែ​មាន​ការ​តស៊ូ​ក្នុង​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន ​​នៅ​ឆ្នាំ​២០០៧ លោក​វ៉ា ដាណេ ​ត្រូវបាន​លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង និង​លោក​ជំទាវឧកញ៉ា យិន ផាន្នី មាន​ការ​អាណិត​អាសូរ​ទទួល​យក​បម្រើ​ការ​នៅ​ក្នុង​អង្គ ​ភាព​កោះ​សន្តិ​ភាព​​ជា​អ្នក​យក​ព័ត៌​មាន​​កីឡា ការ​ងារ​ទេស​ចរណ៍​ និង​អត្ថ​បទ​ព័ត៌​មាន​ពាណិជ្ជ​កម្ម​នានា ។

លោកវ៉ា ដាណេ គឺជា​អ្នក​រាយ​ការណ៍​ព័ត៌​មាន​​មួយ​រូប ​​មាន​សីល​ធម៌​ល្អប្រកប​​ដោយ​​វិជ្ជា​ជីវៈ និង​ជា​បុគ្គ​ល​ដ៏​ល្អ​ម្នាក់​ដែល​យក​ចិត្ត​​ទុក​​ដាក់​ក្នុង​ការ​ងារ ។ ​លោក​​បានទទួល​ការ​ស្រឡាញ់​រាប់​អាន​ពី​មិត្តភក្តិ​​គ្រប់​គ្នា​ ព្រោះ​រូប​លោក​​ជា​ជន​សុភាព​រាប​សា និងគួរ​សម​ណាស់​ ជា​មួយ​អ្នក​ដទៃ​គ្រប់មជ្ឈដ្ឋាន ។ ​និយាយ​រួម​ទាំង​នៅ​ក្នុង​អង្គ​ភាព​ ទាំងនៅ​មជ្ឈ​ដ្ឋាន​ខាង​ក្រៅ លោក​ទទួល​បាន​តែ​ការ​ស្រឡាញ់​រាប់​អាន​ពី​មនុស្ស​គ្រប់​គ្នា តាម​រយៈ​ចរិត​​លក្ខណៈ​​សុភាពថ្លៃ​ថ្នូរ​របស់​ខ្លួន ។ ​ដោយ​ឡែក​សម្រាប់​ភារ​កិច្ច​លោក​បំពេញ​​បាន​យ៉ាង​ល្អ​​សម្រាប់​អង្គ​ភាព​ និង​​មិន​បង្ក​ការ​​លំបាក​ដល់​នរណា​ម្នាក់​ឡើយ ។ 

ជា​អកុសល​​​នៅ​វេលា​ម៉ោង​​៩​ព្រឹក​​ថ្ងៃទី​២១ ឧសភា ​លោក​វ៉ា ដាណេ ​បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ជំងឺ​​លើស​​ឈាម​វិល​មុខ​ដួល ហើយបាន​នាំ​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពហុ​ព្យា​បាល​​វិសាល​សុខ។ ក្រោយ​មក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។​ដោយ​សារ​ស្ថាន​ភាព​កាន់តែ​​ដុន​ដាប​​នៅវេលា​រសៀល​ថ្ងៃ​ដដែល​​​លោកត្រូវបញ្ជូន​ទៅ​ព្យា​បាល​​នៅ​ប្រទេស​វៀត​ណាម ដោយ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ចឺ​រៃ ​ហើយ​ត្រូវ​គ្រូពេទ្យ​យក​ចិត្ត​ទុក​​ដាក់​ពិនិត្យ​តាម​ដានភ្លាមៗ​ឥត​បង្អង់ ។ ស្ថាន​ភាព​ជំងឺ​នេះ​​កាន់តែ​អាក្រក់​ទៅ​ៗ​ ដោយ​សារ​​ដាច់​​សរ​សៃ​ឈាម​បណ្តាល​ឱ្យឈាម​រត់​​ចូល​ក្នុង​ខួរ​ក្បាល​​ ​ដែល​គ្រូ​​ពេទ្យ​​វៀត​ណាម​ប្រាប់​ថា ​គ្មាន​សង្ឃឹម​ទេ ទើប​នៅ​រាត្រី​​​ថ្ងៃទី​២៦ ឧសភា ​​ក្រុម​គ្រួសារ​បញ្ជូន​​​មក​កាន់​លំនៅ​ឋាន​វិញ និង​កំពុង​បន្ត​នូវ​ជំនួយ​អុក​ស៊ី​ហ្សែនក្នុង​ជីវិត​ចុង​ក្រោយ​ ។

នៅក្នុង​ដំណើរ​ចុះ​សាក​សួរ​សុខ​ទុក្ខ​​លោក​ឧកញ៉ា ថុង អ៊ុយ​ប៉ាង ​និង​លោក​ជំទាវមាន​ក្តី​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ និង​បាន​ណែ​នាំ​ឱ្យ​ក្រុម​គ្រួសារ​​កាត់​ចិត្ត​ ព្រោះ​មនុស្ស​គ្រប់​គ្នា​​ដែល​កើត​មក​តែង​ស្លាប់​ដោយ​ប្រការ​ផ្សេងៗ​​​ចៀស​មិន​ផុត​ឡើយ ។

លោកឧកញ៉ា​​ថុង ​អ៊ុយ​ប៉ាង ​​បាន​វាយ​​តម្លៃ​ថា ​​ការ​បាត់​បង់​​លោក​វ៉ា ដាណេ ​គឺជា​ការ​បាត់​បង់​​ធន​ធាន​មនុស្ស​​មួយ​រូប​របស់​កោះ​សន្តិភាព​​ និង​ជាការបាត់​បង់​មួយគួរ​ឱ្យ​​សោកស្តាយ​បំផុត។ លោក​ឧកញ៉ា និង​លោក​ជំទាវ​បាន​ណែ​នាំ​​​កូន​តូចៗ​ទាំង​៣​នាក់​របស់​លោក​វ៉ា ដាណេ ឱ្យ​ខិត​ខំ​រៀន​សូត្រ​ដើម្បី​អនាគត ពេល​អត់​ពី​ឪពុក​ទៅ ។ ក្រៅ​ពី​នាំ​ថវិកា​​ឧបត្ថម្ភ​​ដល់​គ្រួសារ​លោក​វ៉ា ដាណេ ក្នុង​ជំហាន​ដំបូង​នេះ លោក​​ជំទាវ​ឧកញ៉ា យិន ផាន្នី ក៏​បាន​ឧបត្ថម្ភ​​ដល់​លោក​យាយ​​​អ៊ួន យ៉ុង ​ជា​ម្តាយ​​លោកវ៉ា ដាណេ នូវ​ទឹក​ប្រាក់​ចំនួន​៥០ដុល្លារ​ផង​ដែរ ៕