រាជធានីភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រជុំនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ឧសភា ដើម្បីពិនិត្យលើរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១១ ។
តាមរបាយការណ៍នោះបានឱ្យដឹងថា ឆ្នាំ២០១០កន្លងទៅនេះ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនអន្តរជាតិបានបង្កើនសកម្មភាពចរាចរគ្រឿងញៀន ពីតំបន់ត្រីកោណមាស និងតំបន់ អឌ្ឍច័ន្ទមាស ធ្វើឱ្យសភាពការណ៍គ្រឿងញៀនជាសាកលកាន់តែមានលក្ខណៈស្មុគស្មាញ។ នៅតំបន់អាស៊ី ប្រទេសសមាជិកអាស៊ានបាននិងកំពុងទទួលរងការចរាចរគ្រឿងញៀនឆ្លងកាត់ ទៅរកទីផ្សារគ្រឿងញៀនដែលមានតម្លៃខ្ពស់ នៅប្រទេសជប៉ុន ចិន ហុងកុង អូស្ត្រាលី អាមេរិក និងអឺរ៉ុប ដោយក្រុមឧក្រិដ្ឋជននៃបណ្តាប្រទេសអាហ្វ្រិកខាងលិច និងកោះតៃវ៉ាន់ តាមច្រើនរូបភាព ដូចជា ការផ្តល់ប្រាក់កម្រៃ ការអូសទាញយកធ្វើជាសង្សារ ការលាក់តាមដងខ្លួន ការលេបគ្រឿងញៀនទុកក្នុងពោះ ការលាក់ក្នុងបាតស្បែកជើង ក្នុងឡេវអាវ ក្នុងគ្រឿងបន្លាស់រថយន្ត ការផ្ញើតាមបញ្ញើប្រៃសណីយ៍ ឬតាមបញ្ញើនៃក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនរហ័ស រួមទាំងការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ឬជួលមនុស្សឱ្យបើកលេខគណនីសម្រាប់សម្អាតប្រាក់ ការក្លែងអត្តសញ្ញាណប័ណ្ណក្លែងប័ណ្ណឥណទាន ក្លែងលិខិតឆ្លងដែនជាដើម ។ ទន្ទឹមនេះ បណ្តាប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភចំពោះគ្រឿងញៀនសំយោគ ATS ដែលបាននិងកំពុងមានការវិវឌ្ឍន៍ ទាំងការផលិត ការរីកដុះដាលនៃទីផ្សារខុសច្បាប់ និងបណ្តាញជួញដូរអន្តរជាតិ រួមទាំងការប្រឈមមុខថ្មីៗទៀតដូចជា ការចម្រាញ់យកសារធាតុផ្សឺដូ-អេហ្វេឌ្រីនពីក្នុងឱសថព្យាបាលជំងឺផ្តាសាយ ។
សម្រាប់កម្ពុជា ឆ្នាំ២០១០ ការបង្ក្រាបបទល្មើសគ្រឿងញៀនមានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០០៩ ប៉ុន្តែបរិមាណគ្រឿងញៀននានា ដែលរឹបអូសមានការថយចុះ (លើកលែងតែមេតំហ្វេតាមីន ICE)។ គ្រឿងញៀនបាននាំចូលមកក្នុងប្រទេស ជាទូទៅបានកត់សម្គាល់ឃើញមានបណ្តាច្រកនៃខេត្តនៅទិស|សាន និងច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ហើយនាំចេញទៅវិញតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវគោកទៅកាន់ប្រទេសវៀតណាម ប្រទេសថៃ និងតាមបញ្ញើប្រៃសណីយ៍ ។ ជាមួយនេះឈ្មួញគ្រឿងញៀននៅតែប៉ុនប៉ងយកកម្ពុជាធ្វើជាកន្លែងផលិតគ្រឿងញៀនខុសច្បាប់ និងធ្វើការកែច្នៃឱសថដែលមានផ្ទុកសារធាតុផ្សឹដូ-អេហ្វេឌ្រីន(Pseudo-Ephedrine) ពីប្រភេទគ្រាប់ទៅជាម្សៅ ដើម្បីបញ្ជូនទៅចម្រាញ់យកសារធាតុផ្សឹដូ-អេហ្វេឌ្រីន នៅក្រៅប្រទេស ។
អ្នកប្រើប្រាស់គ្រឿងញៀនភាគច្រើនប្រើមេតំហ្វេតាមីនគ្រាប់ មេតំហ្វេតាមីនICE ។ ហេរ៉ូអ៊ីន ក៏មានការប្រើប្រាស់នៅរាជធានីភ្នំពេញនិងមានការចាក់ហេរ៉ូអ៊ីនផងដែរ ។ អ្នកក្រោមឥទ្ធិពលគ្រឿងញៀនតាមស្ថិតិរបស់រាជធានី-ខេត្តនៅទូទាំងប្រទេសមានប្រហែលពី៥.០០០ទៅ៦.០០០នាក់ ក្នុងនោះយុវជនមានលើស៦០% ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន ។ តែបើតាមការពិសោធន៍នៅខេត្ត បន្ទាយមានជ័យ តួលេខរវាងអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរខេត្ត គឺខុសគ្នាប្រហែល៨០% មានន័យថា តួលេខរបស់អាជ្ញាធរទាបជាងអង្គការសង្គមស៊ីវិល៨០% ។
ជុំវិញការកាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន ក្នុងឆ្នាំ២០១០ របាយការណ៍បានឱ្យដឹងថា បានបង្ក្រាបបទល្មើសបាន៣៥០ករណី(បើប្រៀបធៀបឆ្នាំ២០០៩ ដែលបទល្មើសមាន៣០៩ករណី) គឺកើនឡើង១៣,២៦% ។ ឃាត់ខ្លួនជនល្មើស៦៨៤នាក់ (បើប្រៀបធៀបឆ្នាំ២០០៩ ដែលជនល្មើសមាន៦១៥នាក់) គឺកើនឡើង១១,២១%។ ជាមួយនេះដែរ សាលាដំបូងរាជធានី-ខេត្តចំនួន១៧ បានខិតខំជម្រះក្តីសំណុំរឿងបទល្មើសគ្រឿងញៀនបានចំនួន៣០៥ករណី កំពុងស៊ើបសួរ ១៨០ករណី តម្កល់ទុកមិនទាន់បានចាត់ការ៧ករណី(សរុបទាំងអស់មានចំនួន៤៩២ករណីរឿង) ។
យើងបានបង្កើនកិច្ចសហការជាមួយស្ថាប័នអនុវត្តច្បាប់ជាតិ និងអន្តរជាតិ ចាត់វិធានការបង្ក្រាបបទល្មើសបានទាន់ពេលវេលា ទាំងករណីផលិត ចរាចរឆ្លងកាត់ ការជួញដូរចែកចាយ និងការប្រើប្រាស់គ្រឿងញៀនជាទ្រង់ទ្រាយធំ-មធ្យម និងតូច ។ ជារួមការអនុវត្តច្បាប់គ្រឿងញៀនបាននិងកំពុងលើកកម្ពស់ ចាប់តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ។ យើងបង្ក្រាបបានចំគោលដៅ និងបានបំផ្លាញអង្គការចាត់តាំងជួញដូរគ្រឿងញៀនក្នុងប្រទេស ព្រមទាំងរកឃើញនិងបង្ក្រាបមន្ត្រីខិលខូចមួយចំនួនដែលនៅពីក្រោយការប្រព្រឹត្តបទល្មើសគ្រឿងញៀន ។
ចំណុចប្រឈមរបស់យើងគឺពួកឧក្រិដ្ឋជននៅតែមានមហិច្ឆតាបន្តប្រើប្រាស់គ្រប់ល្បិចកល គ្រប់រូបភាព ក្នុងការចរាចរជួញដូរចែកចាយ និងការផលិតកែច្នៃគុណភាពគ្រឿងញៀន ដើម្បីបម្រើឱ្យការប្រើប្រាស់នៅក្នុងស្រុក និងសម្រាប់ការនាំចេញទៅក្រៅប្រទេស ជាពិសេសការប៉ុនប៉ងតាមគ្រប់វិធីដើម្បីយកកម្ពុជាធ្វើជាកន្លែងផលិតគ្រឿងញៀន ។ ជាមួយគ្នានេះ អនុក្រឹត្យ បង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវបានដាក់ឱ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ យើងក៏មានកន្លែងសម្រាប់ព្យាបាល និងបន្សាបសារធាតុញៀន ទាំងឯកជន និងរដ្ឋចំនួន១៣កន្លែង (គ្រប់គ្រងដោយអង្គភាពរដ្ឋ១០កន្លែង និងឯកជន៣កន្លែង) ដែលតួលេខអ្នកដែលបានចូលទៅរកសេវានៅក្នុងឆ្នាំ២០១០នេះមានចំនួន២.៧៤៥នាក់ ក្នុងនោះ មណ្ឌលឯកជនមានចំនួន៥៧៦នាក់ ។ បានធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញចំនួន១.៧៤២នាក់ និងកំពុងបន្តថែទាំនៅក្នុងមណ្ឌលចំនួន៩៩៣នាក់ ៕
ចែករំលែកព័តមាននេះ