ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី​នាំខ្លួន​អតី​រដ្ឋ​មន្ត្រី​ម្នាក់​ឡើង​តុលាការ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ

4 ខែ មុន

សិង្ហបុរី៖ ​ថ្ងៃ​នេះ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​សិង្ហបុរី​ លោក​អ៊ីស្វារ៉ាន (Iswaran) ​(ប្រហែល​ជា​ជាប់​សែ​ស្រឡាយ​ឥណ្ឌា) ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​ និង​ចោទប្រកាន់​ពី​បទ​​​ពុក​រលួយ​​។ នេះ​ជា​ករណី​ដ៏​កម្រ​ដែល​សិង្ហបុរី​កាត់​ទោស​មន្ត្រី​ជាន់​ខ្ពស់​ដល់​កម្រិត​រដ្ឋ​មន្ត្រី​។ លោក​​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា…

សិង្ហបុរី៖ ​ថ្ងៃ​នេះ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​សិង្ហបុរី​ លោក​អ៊ីស្វារ៉ាន (Iswaran) ​(ប្រហែល​ជា​ជាប់​សែ​ស្រឡាយ​ឥណ្ឌា) ត្រូវ​នាំ​ខ្លួន​ឡើង​តុលាការ​ និង​ចោទប្រកាន់​ពី​បទ​​​ពុក​រលួយ​​។ នេះ​ជា​ករណី​ដ៏​កម្រ​ដែល​សិង្ហបុរី​កាត់​ទោស​មន្ត្រី​ជាន់​ខ្ពស់​ដល់​កម្រិត​រដ្ឋ​មន្ត្រី​។ លោក​​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​ ហើយ​ត្រូវ​​ជាប់​​ចោទ​​ពី​បទ​ទទួល​ប្រាក់​សំណូក​ជាង​៣​សែន​ដុល្លារ​សិង្ហបុរី ឬ​ស្មើ​នឹង​ជាង​២,៨​សែន​ដុល្លារ​អាមេរិក​ពី​សេដ្ឋី​អចលន​ទ្រព្យ​ម្នាក់​ដើម្បី​ជួយ​ការ​ពារ​មុខ​របរ​រក​ស៊ី​របស់​គាត់​។​

យោ​ងតាម​ឯក​សារ​​​ដាក់​​បន្ទុក, គេ​ឃើញ​ថា​លោក​អ៊ីស្វារ៉ាន​​ទទួល​សំណូក​ជា​សំបុត្រ​មើល​បាល់​ទាត់​ជា​ច្រើន​សន្លឹក​​ ​ឧប​ករណ៍​ភ្លេង​​ ​​ការ​ធ្វើ​ដំណើរ​​​នៅ​លើ​យន្ត​ហោះ​ឯក​ជន​របស់​សេដ្ឋី​​រូប​នេះ​ និង​សំបុត្រ​ចូល​​ទស្សនា​​ការ​ប្រណាំង​រថ​យន្ត​​​ហ្វ័រ​ម្ញូឡា​វាន់​ (Formula 1)​ នៅ​សិង្ហ​បុរី​។ ​​លោក​​ត្រូវ​បាន​​​តែង​តាំង​​ជា​ទី​ប្រឹក្សា​គណៈ​កម្ម​​ការ​ប្រកួត​​ ​​នៅ​ពេល​សេដ្ឋី​រូប​នោះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​។

សម្រាប់​ពេល​នេះ លោក​អ៊ីស្វារ៉ាន​ជាប់​បណ្ដឹង​ចំនួន​២៧​ករណី​។ ក្នុង​នោះ ក៏​មាន​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ និង​​​រា​រាំង​ការ​អនុវត្ត​ច្បាប់​។​​ នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​ (ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​) ដែល​ផ្សព្វ​ផ្សាយ​ដោយ​ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី ​លោក​អ៊ីស្វារ៉ាន​​សូម​បដិសេធ​ការ​ចោទ​ប្រកាន់​ទៅ​លើ​រូប​លោក​ និង​សូម​សិទ្ធិ​ដើម្បី​លាង​សម្អាត​កិត្តិ​យស​របស់​លោក​។​ បើ​តុលាការ​រក​ឃើញ​​​កំហុស​ដូច​ការ​ចោទ​ប្រកាន់​​ លោក​អាច​​​ជាប់​ពន្ធ​នាគារ​៧​ឆ្នាំ ​និង​​​​​ពិន័យ​ជា​ប្រាក់​១​សែន​ដុល្លារ​សិង្ហ​បុរី​។​

ចំពោះ​សេដ្ឋី​ម្នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​​សូក​ប៉ាន់​​​​, ​អ្នក​សារ​ព័ត៌មាន​ព្យាយាម​ទាក់​ទង​តាម​អ៊ីមែល​ (email) ​ទៅ​ការិយា​ល័យ​របស់​គាត់​ដើម្បី​ស្នើ​សុំ​​ការ​ឆ្លើយ​បំភ្លឺ​។​ ប៉ុន្តែ​គ្មាន​​ចម្លើយ​​។ ​គាត់​​ត្រូវ​​ចាប់​ខ្លួន​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៣​​​។ ​ប៉ុន្តែ​រដ្ឋ​អាជ្ញា​មិន​ទាន់​ចោទ​ប្រកាន់​​ទៅ​តុលាការ​នៅ​ឡើយ​ទេ​។ ​​សំណុំ​រឿង​នេះ​កំពុង​ល្បី​កក្រើក​​សិង្ហ​បុរី​ដែល​ជា​ប្រទេស​តូច​មាន​ផ្ទៃ​ដី​ជាង​៧៣៤​​គីឡូម៉ែត្រ​ការ៉េ​​​​ ​ប៉ុន្តែ​ជា​ប្រទេស​ដែល​ល្បី​ថា​​មិន​សូវ​ប្រឡាក់​ប្រឡូស​នឹង​​អំពើ​​​ពុក​រលួយ​។​

អ្នក​បម្រើ​ការ​នៅ​ស្ថាប័ន​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ (​អ្នក​រដ្ឋ​ការ​) ត្រូវ​រដ្ឋ​ផ្ដល់​ប្រាក់​បៀ​វត្ស​ខ្ពស់​ៗ​ដើម្បី​កុំ​ឱ្យ​ពួកគេ​ត្អូញ​ត្អែរ​ថា​ប្រាក់​ខែ​តិច​ចាយ​មិន​គ្រប់​គ្រាន់​ ឬ​កុំ​ឱ្យ​ពួក​គេ​​ជាប់​ជំពាក់​វាក់​វិន​នឹង​​អំពើ​ពុក​រលួយ​។ ​រដ្ឋ​​មន្ត្រី​នៅ​សិង្ហ​បុរី​ទទួល​បាន​ប្រាក់​បៀ​វត្ស​​លើស​ពី​មួយ​លាន​ដុល្លារ​សិង្ហ​បុរី​ ឬ​​ជាង​៧០​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​មួយ​ឆ្នាំ​ៗ​​។ ​ដូច្នេះ ធ្វើ​ជា​រដ្ឋ​មន្ត្រី​ត្រឹម​តែ​បួន​ប្រាំ​ឆ្នាំ​អាច​សល់​លុយ​រាប់​លាន​ដុល្លារ​ទុក​ដេក​​ស៊ី​ចាយ​ពេល​ចូល​និវត្ត​។ ប៉ុន្តែ​ទំហំ​ចិត្ត​របស់​មនុស្ស​យើង​​មិន​ចេះ​ស្កប់​ស្កល់​ទេ​។​

នៅ​ក្នុង​ចំណោម​ប្រទេស​១៨០​​​​​​ដែល​វាយ​តម្លៃ​កាល​ពី​ឆ្នាំ​២០២២​ សិង្ហ​បុរី​ជាប់​ចំណាត់​ថ្នាក់​ទី​៥​​​ជា​ប្រទេស​​មិន​សូវ​មាន​អំពើ​ពុក​រលួយ​​​។ លោក​អ៊ីស្វារ៉ាន​សព្វ​ថ្ងៃ​នេះ​មាន​អាយុ​៦១​ឆ្នាំ។ ឆ្នាំ​២០០៦​​លោក​​​ចូល​រួម​ធ្វើ​ការ​នៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក​លីស៊ាន​លូង (Lee Hsien Loong) ដែល​ជា​កូន​ប្រុស​របស់​បិតា​ស្ថា​ប​និក​រដ្ឋ​សិង្ហ​បុរី​សម័យ​ទំនើប​ លោក​លីក្វាន់​យូ​​។​ កាល​នោះ លោក​កាន់​តំណែង​​នៅ​ក្នុង​ក្រសួង​ពាណិជ្ជ​កម្ម និង​ទូរ​គម​នា​គមន៍​។ បន្ទាប់​មក​​នៅ​ឆ្នាំ​២០២១​ លោក​​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន៕​​

ប្រភព៖ Reuters​
https://www.reuters.com/world/asia-pacific/singapore-transport-minister-charged-court-graft-case-local-media-2024-01-18/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ