ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​ចាប់តាំងពី​ការ​បោះ​ឆ្នោត ឆ្នាំ​១៩៩៣ មក​ដល់​បច្ចុប្បន្ន អត្រាកំណើត​គ្រួសារ​ខ្មែរ​យើង គឺ​ចាប់ផ្តើម​យក​កូន​តិច​ៗ មិន​ដូច​ជំនាន់​ឪពុក​ម្តាយ​របស់​យើង កាលពី​ជំនាន់​មុន​ឡើយ…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពិសេស​ចាប់តាំងពី​ការ​បោះ​ឆ្នោត ឆ្នាំ​១៩៩៣ មក​ដល់​បច្ចុប្បន្ន អត្រាកំណើត​គ្រួសារ​ខ្មែរ​យើង គឺ​ចាប់ផ្តើម​យក​កូន​តិច​ៗ មិន​ដូច​ជំនាន់​ឪពុក​ម្តាយ​របស់​យើង កាលពី​ជំនាន់​មុន​ឡើយ ។ ជំនាន់​ឪពុក​ម្តាយ​យើង​ពី​មុន ១​គ្រួសារ​ៗ​មានកូន​មិន​តិច​ជាង​៥ ទៅ​១០​នាក់​ទេ​ជា​មធ្យម ។

នៅ​ក្នុង​សង្គម​ជាក់ស្តែង អ្នក​កើត​ក្រោយ​រំដោះ​ពី​របប​ខ្មែរក្រហម ឆ្នាំ​១៩៧៩ ឬ​ក៏​អ្នក​រៀប​ការ​នៅ​ក្រោយ​ឆ្នាំ​១៩៩៣ ស្ទើរតែ​ទាំងអស់ គឺ​មានកូន​ច្រើន​បំផុត ៣ ឬ​៤​នាក់​ប៉ុណ្ណោះ ។ ចំណែក​គ្រួសារ​វៀតណាម ខ្មែរឥស្លាម ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា​យើង គឺ​មានកូន​មិន​តិច​ជាង​៤​នាក់​ទេ ។ ទោះបីជា​កូន​វៀតណាម កូន​ខ្មែរឥស្លាម កើត​លើ​ទឹកដី​របស់​យើង មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ក៏​ពិតមែន តែ​ក៏​ជា​ការ​ព្រួយបារម្ភ​មួយ​សម្រាប់ ក្រុម​អ្នក​សិក្សា​សង្គម​ទៅ​ថ្ងៃ​អនាគត ដោយ​មិន​រហូត​ដល់​បាត់បង់​ទឹកដី ខ្មែរ​យើង​ទេ តែ​អាច​នឹង​ជះ​ឥទ្ធិពល​លំបាក​ដោយ​ប្រការ​ណាមួយ ។

មែនទែន​ទៅ គ្រួសារ​ខ្មែរ​យើង​លែង​មានកូន​ច្រើន អាច​មក​កត្តា​ជា​ច្រើន ។ ក្នុង​នោះ មាន​និន្នាការ​តាម​គ្នា ហើយ​លក្ខខណ្ឌ​រស់នៅ​ពិបាក​ជាង​មុន ហើយ​ជីវភាព​ក៏​លំបាក ដោយ​ត្រូវ​ធ្វើការ និង​រកស៊ី​ចិញ្ចឹម​គ្រួសារ​ផង ហើយ​បើ​មានកូន​ច្រើន​អាច​នឹង​ពិបាក​ចិញ្ចឹម ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី កម្ពុជា​ត្រូវ​ចាបផ្តើម​គិត​អំពី​បញ្ហា​នេះ មុន​ពេល ដែល​កម្ពុជា​អាច​នឹង​ក្លាយ​សង្គមមនុស្ស​ចាស់​ដូច​ប្រទេស​ជឿនលឿន​ខ្លះ​ដែល​ប្រឈម​នឹង​ការ​ខ្វះ​មនុស្ស​ពេញកម្លាំង​ធ្វើការ និង​រកស៊ី ។ អ្នក​ដែល​មាន​លទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​គួរតែ​គិតគូរ​ដល់​ការ​មានកូន​ច្រើន​នេះ ដើម្បី​គិតដល់​អនាគត​វែង​ឆ្ងាយ​របស់​កម្ពុជា ។

Happy Asian family hugging together at home living room.

មួយវិញទៀត លំហូរ​ប្រជាជន​ពី​ជនបទ​មក​ទីក្រុង ដើម្បី​ធ្វើការ ឬ​ក៏​ចំណាកស្រុក​ទៅ​ធ្វើការ​ក្រៅប្រទេស ហើយ​បើ​មានកូន​ច្រើន​នាំ​ឱ្យ​ពិបាក​ចិញ្ចឹម ។ ពេល​ខ្លះ​ប្រពន្ធ​នៅ​ស្រុក តែ​ប្តី​ត្រូវ​មក​ធ្វើការ​នៅ​ភ្នំពេញ ឬ​ក៏​ទៅ​ធ្វើការ​នៅ​ថៃ ឬ​នៅ​កូរ៉េ ជាដើម ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

កំណើន​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ក៏​មាន​កាន់តែ​ច្រើន​មិន​ថា ស្រី ឬ​ប្រុស​នោះ​ទេ ។ បើជា​ស្ត្រី​វិញ​ជាប់​រៀនសូត្រ មិន​ប្រញាប់​ការ​ប្តី ហើយ​រៀន​យូរ​ៗ​ទៅ​ពិបាក​នឹង​រក​ដៃគូ ។ ទម្រាំ​រៀន​ចប់ វ័យ​រាង​ជ្រេ នាំ​ឱ្យ​ស្ត្រី​រៀប​ការ​ហើយ ក៏​មិន​អាច​មានកូន​ច្រើន​បាន​ឡើយ ។ កត្តា​វ័យចាស់​ផង ហើយ​មួយទៀត ស្ត្រី​រូប​នោះ​ក៏​រវល់​នឹង​ការងារ ឬ​មុខរបរ​រកស៊ី​ផង ។

ក្នុង​សង្គម​យើង​សព្វថ្ងៃ​ក៏​ពិបាក​ជាង​មុន ។ ពី​មុន​បន្លែ​ត្រី​សាច់ បើ​នៅ​ស្រុកស្រែ ស្រុក ចម្ការ​វិញ គឺ​នៅ​ជុំវិញ​ផ្ទះ​នៅ​តាម​អូរ ស្រះ​ត្រពាំង មិន​ខ្វះ​បន្លែ និង​ត្រី​ទេ ។ ជំនាន់​ឪពុក​ម្តាយ​យើង អាច​បេះបោច​ដំណាំ​បន្លែ​ក្រោយ​ផ្ទះ ហើយ​រក​ត្រី​សាច់​ដោយ​ខ្លួនឯង​មិន​ចាំបាច់​ចំណាយ​ច្រើន ក្នុង​ការ​ចិញ្ចឹម​កូន​នោះ​ទេ ។

ចំណែក​គ្រួសារ​ខ្មែរ ដែល​មិនមែន​ជាដើម​កំណើត​ខ្មែរ​ដូច​ជា គ្រួសារ​វៀតណាម ឬ​ខ្មែរឥស្លាម​ជាដើម គឺ​មានកូន​ច្រើន​មិន​តិច​ជាង ៤​នាក់​ទេ ក្នុង ១​គ្រួសារ​ៗ ។ មិន​ថា វៀតណាម​ទេ ខ្មែរឥស្លាម​ឯណោះ​វិញ​តាម​ច្បាប់​សាសនា​ឥ​ស្លា​ម បុរស​ឥ​ស្លា​ម​អាច​យកប្រពន្ធ​ច្រើន ដូច្នេះ​មាន​លទ្ធភាព​បង្កើតកូន​បាន​ច្រើន​គ្រួសារ ។ នេះ​យើង​មិន​ទាន់​គិតដល់​ជនបរទេស​ដទៃ​ទៀត រួម​ទាំង​ចិន ដែល​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​លើ​ទឹកដី​កម្ពុជា​យើង​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ​លំហូរ និង​កំណើន​ជនបរទេស​មិន​ថា វៀតណាម ខ្មែរឥស្លាម ឬ​ចិន​នោះ​ទេ រួម​ទាំង​អត្រាកំណើត​ផង​មិន​ថា កម្ពុជា​យើង ឬ​នៅ​លើ​ពិភពលោក​នោះ​ទេ គឺ​មិន​អាច​ហាមឃាត់​ឡើយ ។ ម្យ៉ាង​យើង​ក៏​មិន​អាច​ហាមឃាត់​មិន​ឱ្យ​គេ​យក​កូន​ច្រើន ឬ​ក៏​ឱ្យ​គ្រួសារ​ខ្មែរ​យើង​ត្រូវ​តែ​មានកូន​ច្រើន​ក៏​មិន​អាច​ដែរ ព្រោះ​ប្រទេស​យើង​មិន​មានច្បាប់​កំណត់​អត្រាកំណើត​ទេ ។

នៅ​ប្រទេស​រីក​ចម្រើន​ជា​ច្រើន ដូច​ជា នៅ​អា​មេ​រិ​ក បារាំង និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ក៏​មាន​ចម្រុះ​ជាតិ​សាសន៍ ហើយ​រហូត​ដល់​មាន​បរទេស​ចូលសញ្ជាតិ​ឡើង​ដឹកនាំ​ប្រទេស​ថែម​ទៀត​ដូច​ជា នៅ​អង់គ្លេស មាន​នាយក​រដ្ឋមន្ត្រី​ថ្មី មាន​ដើម​កំណើត​ជា​ជនជាតិ​ឥណ្ឌា ហើយ​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក ក៏​មាន​ដើម​កំណើត​ឥណ្ឌា​ផង​ដែរ ។

ដូច្នេះ​ទៅ​មុខ​ទៀត ក្នុង​សង្គម​យើង​អាច​នឹង​ខ្មែរ​ថយ​ចុះ តែ​វៀតណាម និង​ខ្មែរឥស្លាម​កើនឡើង ខណៈ​ដែល​ប្រទេស​យើង ប្រើ​ប្រព័ន្ធ​ប្រជាធិបតី​សេរី ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ នៅ​ឃុំ​សង្កាត់ និង​នៅ​រដ្ឋសភា ជាដើម ។ គ្រាន់តែ​ថា ខ្មែរ​ដែល​មិន​មាន​ដើម​កំណើត​ខ្មែរ អាច​ជ្រៀតចូល​ក្នុង​ការ​ដឹកនាំ​ប្រទេស​បាន​ដោយ​ងាយ ។

ប៉ុន្តែ​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នេះ គឺជា​ការ​អនុវត្ត​ល្អ​បំផុត​សម្រាប់​កម្ពុជា​យើង ។ យើង​ក៏​មិន​អាច​ប្តូរ​ប្រព័ន្ធ​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​បាន​ទេ ។ សំខាន់​មួយទៀត ប្រទេស​យើង​ត្រូវ​តែ​បង្កើន​នីតិរដ្ឋ រួម​ទាំង​ការ​គោរព​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់ ។

ក្នុង​នោះ ការ​កំណត់​ឱ្យ​ថ្នាក់ដឹកនាំ​ជាតិ​សំខាន់​ៗ ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​តែ​មួយ​ក៏​ជា​ការ​ចូលរួម​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​របស់​អ្នក​មិនមែន​ជា​ខ្មែរ​ពី​កំណើត​ចូល​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ផង​ដែរ ។

កូន​ខ្មែរ​ជំនាន់​ក្រោយ ក៏​ត្រូវ​ប្រឹងប្រែង​ដោយសារ​តែ​ប្រទេស​យើង​តូច ខ្សត់ខ្សោយ ហើយ​ក៏​ស្ថិត​នៅ​ចំណុច​បណ្តា​ភូមិសាស្ត្រ ដែល​មាន​ប្រទេស​ជិតខាង​យើង ចិញ្ចឹម​មហិច្ឆតា​យក​ទឹកដី​យើង​តាំងពី​ជំនាន់​ដើម ។ យើង​ត្រូវ​ប្រឹងរៀន​សូត្រ ខំប្រឹង​ធ្វើការ និង​រួម​គ្នា​កសាង​ប្រទេស​ឱ្យ​ក្លាយជា​ប្រទេស​កាំប្រមា ដែល​សូ​ម្បី​តែ​ខ្លា​ក៏​មិន​អាច​ធ្វើ​អ្វី​សត្វ​កាំប្រមា បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ