ខេត្តស្វាយរៀង ៖ ក្រោយពីមានការផ្ទុះជំងឺប៉េស្តជ្រូក ងាប់ជ្រូកជាបន្តបន្ទាប់មក លោកប្រធាននាយកដ្ឋានផលិតកម្មបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត មន្ត្រីការិយាល័យកសិកម្មស្រុក ពេទ្យសត្វឃុំ មេភូមិចុះពិនិត្យទីតាំង ភូមិ-ឃុំ ដែលមានផ្ទះជំងឺប៉េស្តជ្រូក និងផ្សព្វផ្សាយចែកថ្នាំបាញ់សម្លាប់មេរោគដល់ប្រជាពលរដ្ឋ ដែលចិញ្ចឹមជ្រូក និងបាញ់ថ្នាំសម្លា.ប់តាមទ្រុង ដែលមានសត្វជ្រូក ឆ្លងជំងឺ និងងាប់ផងដែរ ។
លោកប្រធាននាយដ្ឋាន បានចុះពិនិត្យ និងផ្សាព្វផ្សាយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រយៈពេល១ថ្ងៃ នៅភូមិកណ្តាល ភូមិខ្សែត្រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ។
បើតាមលោកប្រធានការិយាល័យកសិកម្មស្រុកកំពង់រោទ៌ បានឲ្យអ្នកសារព័ត៌មានដឹងថា មានករណីផ្ទុះជំងឺប៉េស្តជ្រូក ស្រួចស្រាវ ក្នុងឃុំចំនួន០២ គឺឃុំសំឡី និងឃុំខ្សែត្រ ហើយបានងាប់ជាបន្តបន្ទាប់ ជិត២០០ក្បាល បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង រីឯមន្ត្រីពេទ្យសត្វប្រាប់ថា ពេលសត្វជ្រូកមានជំងឺ ម្ចាស់អ្នកចិញ្ចឹមជ្រូកលាក់បាំងមិនរាយការណ៍។ លុះពេលជ្រូកងាប់អស់ទាំងទ្រុង ទើបរាយការណ៍ គឺហួសពេលទៅហើយ។ ហើយពេលមានជ្រូកងាប់ មិនព្រមយកទៅកប់ទេ គឺពួកគាត់បែរជាកាប់ប្រលះសាច់ លក់នៅតាមភូមិបណ្តាលឲ្យជ្រូកអ្នកភូមិផ្សេងទៀត ឆ្លងងាប់ជាបន្តបន្ទាប់ផងដែរ ។
លោកប្រធានការិយាល័យកសិកម្មស្រុក បានបញ្ជាក់ថា ស្រុកកំពង់រោទ៌ មាន១១ឃុំ បើតាមស្ថិតិ មានប្រជាកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារច្រើនខ្នងផ្ទះ មានជ្រូកសរុបប្រមាណ ៤២,៦៧៦ក្បាល ក្នុងនោះជ្រូកបា ៦៩ក្បាល មេពូជ ២,៨៦២ក្បាល ជ្រូកសាច់ ១៦,៦៧០ក្បាល កូនជ្រូក ២២,៩៥២ក្បាល។ ក្នុងនោះមាន២ឃុំ គឺ ឃុំសំឡី សរុប ២,៧៤៥ក្បាល ជ្រូកបា០៤ក្បាល មេពូជចំនួន១១៨ក្បាល ជ្រូកសាច់១,៦៧៩ក្បាល កូនជ្រូក៩៩៤ក្បាល។ ហើយបានផ្ទុះជំងឺប៉េស្តជ្រូកច្រើនជាងគេ និងងាប់ជាង១០០ក្បាល (មានភូមិព្រៃម្នាស់ ភូមិសំឡី និងភូមិស្វាយចេក) ។ ឃុំខ្សែត្រ ជ្រូកសរុប៤,០៩៩ក្បាល (ជ្រូកបា០៩ក្បាល មេពូជ ២៤៦ក្បាល ជ្រូកសាច់១,៨៧៦ក្បាល កូនជ្រូក១,៩៦៨ក្បាល) ងាប់៧០ក្បាល។
បើតាមអ្នកចិញ្ចឹមជ្រូក ឈ្មោះ គាត បញ្ញា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកណ្តាល ឃុំខ្សែត្រ បានប្រាប់ឲ្យដឹងថា គាត់ចិញ្ចឹមជ្រូកមេពួជ ១២ក្បាល រយៈពេល០៦ខែមកហើយ ក្នុងនោះមេពូជ ៩ក្បាល កើតកូនបានចំនួន ៣៨ក្បាល ចំណាយទុនសង់ទ្រុង ពូជជ្រូក ចំណី វ៉ាក់សាំង អស់ប្រាក់សរុបជាង ៣,០០០ដុល្លារ។ លុះមកដល់ថ្ងៃទី១ ខែមករា ឆ្នាំនេះ ស្រាប់តែមេជ្រូក ១២ក្បាល មានអាការៈក្តៅខ្លាំង ចំណែកកូនជ្រូក ៣៨ក្បាល ចេញពងបែកលើខ្នង គាត់ក៏ទៅទិញថ្នាំពេទ្យសត្វ នៅខេត្តស្វាយរៀង ចាក់ក៏ប៉ុន្តែដូចជាមិនធូរស្រាល ក៏ទៅទិញថ្នាំនៅពេទ្យសត្វស្រុកស្វាយជ្រំ យកមកចាក់ទៀត ជ្រូកស៊ីចំណីបានធម្មតា ក៏ប៉ុន្តែបាន ១អាទិត្យក្រោយមក មេជ្រូកចាប់ផ្ដើមក្តៅខ្លាំង ហើយដង្ហក់ពិបាកដកដង្ហើម ក៏ងាប់ជាបន្តបន្ទាប់ ១ថ្ងៃ ១ក្បាល ឫ២ក្បាល ងាប់អស់ ១១ក្បាល រីឯកូនជ្រូក ៣៨ក្បាល ចាប់ផ្តើមមានពងបែកលើស្បែកខ្នង ហើយក្តៅខ្លាំង ក៏ចាប់ផ្តើមងាប់ជាបន្តបន្ទាប់ដែរ ក្នុង១ថ្ងៃ ៣ក្បាលទៅ៥ក្បាល រយៈពេលតែ៧ថ្ងៃ ជ្រូកមេពូជងាប់អស់ ១១ក្បាល និងកូនជ្រូកងាប់អស់ទាំង៣៨ក្បាល សល់តែមេជ្រូកពូជ១ក្បាលគត់។
ប្រភពបន្តថា មុនដំបូង ជ្រូករបស់គាត់មានសុខភាពល្អធម្មតា មូលហេតុនាំឲ្យជ្រូកឆ្លងជំងឺ បន្ទាប់ពីគាត់ទិញសាច់ជ្រូកគេដឹកលក់តាមផ្ទះ និងទៅចូលរួមជប់លៀងឡើងផ្ទះអ្នកចិញ្ចឹមជ្រូកម្នាក់ នៅភូមិស្វាយចេកឃុំសំឡី គេកាប់ជ្រូក ០៩ក្បាល ធ្វើម្ហូបជប់លៀង ក្រោយមកទើបដឹងថា ក្នុងឃុំសំឡី មានផ្ទុះជំងឺប៉េស្តជ្រូក ហើយម្ចាស់ជ្រូកគេចាប់លក់ និងកាប់សាច់លក់តាមភូមិ និងមានយកទៅលក់ឲ្យអ្នកលក់បន្តដែរ ។
បើតាមប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក នៅភូមិកណ្តាលឃុំខ្សែត្រ បានសំណូមពរសុំឲ្យមន្ត្រីជំនាញ ជាពិសេសលោករដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មេត្តាជួយផ្តល់វ៉ាក់សាំងការពារជំងឺសត្វជ្រូក និងថ្នាំព្យាបាលសត្វជ្រូកផង។ បច្ចុប្បន្នប្រជាពលរដ្ឋ អ្នកចិញ្ចឹមជ្រូកឃុំខ្សែត្រ កំពុងផ្ទុះជំងឺធ្ងន់ធ្ងរ និងងាប់ជាច្រើនក្បាលដែរ ។
ទាក់ទិនករណីខាងលើនេះដែរ មន្ត្រីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៌ បានប្រាប់អ្នកសារព័ត៌មានថា ម្ចាស់អ្នកចិញ្ចឹមជ្រូក កន្លងមក សត្វជ្រូកមានជំងឺប៉េស្ត គាត់ពុំបានរាយការណ៍ ជូនមន្ត្រីពេទ្យសត្វភូមិឃុំទេ គាត់ព្យាបាលដោយខ្លួនឯង ក្រោយមក មានផ្ទុះជំងឺប៉េស្តជ្រូកងាប់ច្រើន គ្រួសារខ្លះងាប់អស់ពីទ្រុង ទើបរាយការណ៍ជូនពេទ្យសត្វ ឲ្យចុះទៅពិនិត្យទើបដឹងថា ការផ្ទុះជំងឺប៉េស្តជ្រូកនេះកើតឡើងតាំងពីថ្ងៃទី១ ខែមករា ២០២៤មកម្ល៉េះ និងមានសភាពធ្ងន់ធ្ងរ ឈានទៅងាប់ជាច្រើនក្បាលទៀត។
មន្ត្រីពេទ្យសត្វស្រុករូបនេះ បានបន្តថា តាមការអង្កេតវិភាគបឋម មានចំនួនករណី គឺ ៖ ទី១,សង្ស័យជាជំងឺប៉េស្តជ្រូកធម្មតា និងទី២-សង្ស័យជាជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលជំងឺកាចសាហាវបំផុត បង្កឡើងដោយពពួកវីរុសម្យ៉ាង ស្របពេលបច្ចុប្បន្នពុំទាន់មានវ៉ាក់សាំងការពារ និងព្យាបាលទេ។
ប្រភពបន្តទៀតថា ក្រោយការពិនិត្យអង្កេតជាបឋមបែបនេះ មន្ត្រីជំនាញពេទ្យសត្វឃុំស្រុក បានចុះធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក ឲ្យពួកគាត់យល់ដឹង ដូចជា ៖
ទី១. ត្រូវចាក់វ៉ាក់សាំងការពារតាមប្រតិទិន្ន
ទី២. បាញ់ថ្នាំសម្លាប់មេរោគ ក្នុងទ្រុងនិងជំវិញទ្រុង ៧ថ្ងៃម្តង ឬ១៤ថ្ងៃម្តង តាមលទ្ធភាពជាក់ស្តែង
ទី៣. ត្រូវធ្វើអនាម័យជាប្រចាំ
និងទី៤. ពេលសត្វមានជំងឺ ត្រូវរាយការណ៍ទៅពេទ្យសត្វឃុំ និងអាជ្ញាធរភូមិឃុំ ដើម្បីជួយអន្តរាគមន៍ ។
មន្ត្រីពេទ្យសត្វបានលើកឡើងទៀតថា បញ្ហាប្រឈម គឺពេលសត្វជ្រូកឈឺងាប់ ពួកគាត់មិនព្រមកប់ចោល គឺពួកគាត់កាប់សាច់លក់នៅតាមមូលដ្ឋាន បណ្តាលឲ្យឆ្លងជំងឺដល់សត្វជ្រូកគ្រប់ទីកន្លែង។ ពេលសត្វជ្រូក មានជំងឺ កសិករអ្នកចិញ្ចឹមជ្រូក បានព្យាបាលខ្លួនឯង មិនព្រមរាយការណ៍ ផ្តល់ព័ត៌មានឲ្យមន្ត្រីពេទ្យសត្វឃុំទេ ។
ពាក់ព័ន្ធករណីនេះដែរ លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់កោះសន្តិភាពនៅល្ងាចថ្ងៃទី១៤ ខែមករានេះថា មន្ត្រីពេទ្យសត្វខេត្ត បានចុះទៅបូមឈាមយកសំណាក ទៅមន្ទីរពិសោធ នៅរាជធានីភ្នំពេញ លទ្ធផល គឺគ្មានមេរោគទេ។ ដោយមេជ្រូក ដែលយកសំណាកនោះ ត្រូវបានម្ចាស់ព្យាបាលជាហើយ ទើបយកសំណាកទៅពិនិត្យនោះ គឹរកមិនឃើញមេរោគទេ។
លោកមេភូមិកណ្តាល បានលើកឡើងថា ឃុំខ្សែត្រ និងឃុំសំឡី គឺនៅជិតព្រំដែនវៀតណាម គឺឃុំខាន់ទ្រី ស្រុកកៀងទឿង ខេត្តឡុងអាន ហើយនៅឆ្នាំ២០២៣ នៅប្រទេសវៀតណាម មានផ្ទុះជំងឺជ្រូកអាហ្វ្រិក ចំពោះប្រជាជនវៀតណាម ដែលរស់នៅជាប់ព្រំដែន គឺតែងតែដឹកសាច់ជ្រូក មកលក់ឲ្យប្រជាពលរដ្ឋខ្មែរ ទិញបរិភោគរាល់ថ្ងៃ នេះក៏ជាបញ្ហាដែរ ។
លោកបន្តថា បច្ចុប្បន្ន គ្មានវ៉ាក់សាំង ការពារសត្វជ្រូក និងសត្វមាន់ទេ ក្រសួងបានផ្តល់វ៉ាក់សាំង គោក្របី ចំនួន១០ម៉ឺនកម្រិត ស្មើ១០ម៉ឺនក្បាល។ កន្លងមក ពេទ្យសត្វ បានចុះចាក់វ៉ាក់សាំងគោក្របី បានចំនួន៧០%ហើយ ទូទាំង០៨ក្រុងស្រុក នៃខេត្តស្វាយរៀង ដោយចែកជូនតាមបណ្តាឃុំ ឲ្យមន្ត្រីពេទ្យសត្វ ឃុំចុះចាក់វ៉ាក់សាំង គោក្របី បាញ់ថ្នាំសម្លា.ប់មេរោគ និងព្យាបាលផងដែរ ៕
«ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅស្រុកកំពង់រោទិ៍ ជ្រូកងា.ប់ជាច្រើនក្បាលគួរឱ្យព្រួយបារម្ភ»










ចែករំលែកព័តមាននេះ