ប្រសិនបើយើងចង់ការពារ និងអភិរក្សក៏ដូចជា អភិវឌ្ឈន៍អក្សរសាស្ត្រជាតិឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត សូមចូលរួមកម្មវិធីប្រឡងប្រណាំងស្នាដៃតែងនិពន្ធប្រលោមលោក ដែលកំពុងតែរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យបានច្រើន ។ ទន្ទឹមនោះ យើងនាំគ្នាអានសៀវភៅអោយបានច្រើន ហើយឈប់ចំណាយពេលអត់ប្រយោជន៍លេងបណ្តាញសង្គម…
ប្រសិនបើយើងចង់ការពារ និងអភិរក្សក៏ដូចជា អភិវឌ្ឈន៍អក្សរសាស្ត្រជាតិឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត សូមចូលរួមកម្មវិធីប្រឡងប្រណាំងស្នាដៃតែងនិពន្ធប្រលោមលោក ដែលកំពុងតែរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យបានច្រើន ។ ទន្ទឹមនោះ យើងនាំគ្នាអានសៀវភៅអោយបានច្រើន ហើយឈប់ចំណាយពេលអត់ប្រយោជន៍លេងបណ្តាញសង្គម ។

ខ្មែរមិនអានខ្មែរ ហើយខ្មែរមិនអភិវឌ្ឍន៍អក្សរខ្មែរអាចជាផលវិបាក អាក្រក់ដល់អនាគតភាសាខ្មែរយើង ។ ខ្មែរមិនស្គាល់ខ្មែរ គឺជារឿងដ៏គ្រោះថ្នាក់ ។ ដូច្នេះ យើងគ្រប់គ្នាត្រូវតែលើកកម្ពស់ការអាន និង អភិវឌ្ឍន៍ភាសាខ្មែរតាមរយៈការបង្កើតស្នាដៃអក្សរខ្មែរអោយបានច្រើន តាមដែលអាចធ្វើទៅបាន ។
ក្រសួងបានប្រកាសថា ក្រៅពីស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លីហើយក៏នឹងមានការប្រឡងកំណាព្យរឿងផងដែរ ដើម្បីប្រកួតគ្នាដណ្តើមពានរង្វាន់ « ព្រះនាងឥន្ទ្រទេរីឆ្នាំ ២០២៤»នេះ ។
ប្រភពដដែលបានបន្តថា ស្នាដៃដែលអាចនឹងយកមកចូលរួមប្រឡងបានមិនមានការរឹងតឹងឡើយ គឺគេកំណត់លក្ខខណ្ឌសេរី ដោយគ្រាន់តែថា ផ្ទៃនៃរឿងដែលនឹងអាចយកមកប្រឡងបាននោះ គឺផ្ទៃរឿងទាំងមូលត្រូវមានលក្ខណៈសមស្រប ពោល គឺត្រូវមានអត្ថន័យយ៉ាងហោច បីចំណុច ដែលមានសច្ចធម៌ សីលធម៌ និងគុណធម៌ ។ ក្រៅពីនោះចំណុចសំខាន់មួយទៀត គឺអត្ថរូបដែលជាស្នាដៃគួរតែមានវិធីតែង រចនាបថ និងសិល្បៈសោភ័ណនៅក្នុងការតែងនិពន្ធ ។ ចំណុចសំខាន់ចុងក្រោយនោះ គឺអត្ថរស ដែលជាស្នាដៃ តម្រូវឲ្យបង្ហាញពីការអប់រំ ការអភិវឌ្ឈ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ ។

ប្រភពដដែលបានបន្តទៀតថា ស្នាដៃនោះក៏ត្រូវតែសរសេរមិនច្រើនទេ គឺប្រហែលជា១៥ ទៅ៣០ទំព័រ ហើយប្រើប្រាស់ពាក្យពេចន៍ដោយគោរពទៅតាមវចនានុក្រមខ្មែរ សម្តេចសង្ឃរាជ ជួន ណាត ជោតញ្ញាណោ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភាសាខ្មែរ ហើយកាល បរិច្ឆេទឈប់ទទួលពាក្យប្រកួតនោះ គឺនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ តាមដែលក្រសួងបានប្រកាសជ័យលាភីលេខ១ ដល់លេខ៣ នឹងទទួលពានរង្វាន់១ និងអមដោយទឹកប្រាក់ ហើយក្រៅពីនោះក៏នឹងមានរង្វាន់កិត្តិយសពីលេខ៤ ដល់លេខ៥ ដែលនឹងទទួលបានបណ្ណសរសើរ និងអមដោយទឹកប្រាក់ ។

ក្រសួងមិនបានលម្អិតថា រង្វាន់នោះប៉ុន្មាននោះទេ ប៉ុន្តែយើងខ្ញុំជឿជាក់ថា ប្រហែលជាមិនច្រើនប៉ុន្មានឡើយ ប៉ុន្តែអស់លោក/លោកស្រីដែលជាអ្នកនិពន្ធគួរតែចូលរួមឲ្យបានផុលផុស ដើម្បីបង្ហាញពីការយកចិត្តទុកដាក់នៅក្នុងការការពារអក្សរសាស្ត្រជាតិខ្មែរយើង ដែលមកដល់ ពេលនេះ គួរតែជាមោទកៈភាពសម្រាប់ជាតិដែលយើង អាចរក្សាភាសាយើងបានទាំងអក្សរ និងនិយាយបានរហូតដល់សព្វថ្ងៃ ។
កន្លងមកអក្សរសាស្ត្រយើងបានឆ្លងកាត់នូវបញ្ហាជាច្រើនដែលរហូតមកដល់ពេលនេះ នៅតែហាក់ដូចជា មានបញ្ហាសណ្តាប់ធ្នាប់នៅក្នុងការសរសេរនៅឡើយ ដែលយើងទាំងអស់គ្នាគប្បីបន្តយកចិត្តទុកដាក់បន្ថែមទៀត ហើយឆ្លងតាមរយៈការចូលរួមរបស់អស់លោក/លោកស្រី នៅពេលខាងមុខនេះក៏នឹងជាបច្ច័យមួយបន្ថែមទៀតដែលនឹងលើកកម្ពគុណភាព នៅក្នុងការសរសេរ ។

ក្រៅពីសំណេរដែលយើងក៏នៅមានបញ្ហាតាំងពីវេយ្យាករណ៍ក៏ដូចជាអក្ខរាវិរុទ្ធ និងឃ្លារឃ្លោងហើយនោះអំណាននៅក្នុងចំណោមប្រជាពលរដ្ឋយើងជាពិសេស គឺក្មេងៗជំនាន់ក្រោយក៏នៅមានបញ្ហាច្រើនដែរទាំងសំនៀង និងសូរ្យសៀងដោយសារតែភាគច្រើននៅក្នុងសង្គមខ្មែរ យើងមិនសូវចាប់អារម្មណ៍នឹងអំណាន ។
មកដល់ពេលនេះ កម្មវិធីពាក់ព័ន្ធនឹងយុទ្ធនាការលើកកម្ពស់អំណាន ពិធីតាំងពិពណ៌សៀវភៅ គឺហាក់មានមនុស្សចូលរួមច្រើនដែរ ហើយក៏មានអ្នកដែលចូលរួមព្រមទាំងដើរប្រមូលសៀវភៅតាមរយៈការជាវក្តី អំណោយពីអ្នកនិពន្ធក្តី គឺកាន់តែច្រើនឡើងៗ ។ ប៉ុន្តែធាតុពិត គឺចូលរួមបានត្រឹមតែចូល ហើយប្រមូលនោះ គឺបានត្រឹមតែយកមកគរទុក ប៉ុន្តែប្រសិនបើរសួរ គឺទៅភាគរយនៃអ្នកដែលអាន គឺនៅតែទាបនៅឡើយ ដោយសារតែហេតុមួយទេ គឺរវល់ប៉ុណ្ណោះឯង ។

សរុបសេចក្តីទៅយើងសង្ឃឹមថា អ្វីដែលក្រសួងវប្បធម៌បានរៀបចំនៅពេលខាងមុខនេះនឹងមានការគាំទ្រ និងចូលរួមកាន់តែច្រើន ហើយពលរដ្ឋយើងក៏ត្រូវតែលើកកម្ពស់វិស័យអំណាន ឡើងវិញផងដែរ ។ សូមយកពេលទំនេរអាននេះអាននោះប្រសើរជាងយកពេលទំនេរទៅមើលគេជេរគ្នាតាមបណ្តាញសង្គម ដែលមានតែបញ្ហាទាំងសេចក្តីថ្លៃថ្នូរ តម្លៃជាមនុស្ស និងបញ្ហាសីលធម៌ ៕ ដោយៈ ហេង ចេស្តារ

ចែករំលែកព័តមាននេះ