ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅប៉ារីស សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្លោងពាក្យសម្តីឌឺដងដាក់លោក សម រង្ស៊ី

1 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុងប៉ារីស៖ ក្នុងពិធីសំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ នៅទីក្រុងប៉ារីស ប្រទេស​បារាំង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត…

ទីក្រុងប៉ារីស៖ ក្នុងពិធីសំណេះសំណាល​ជាមួយ​បងប្អូន​ខ្មែរ នៅទីក្រុងប៉ារីស ប្រទេស​បារាំង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយមិនចេញឈ្មោះ តែគេដឹងថា សម្តេចសំដៅលើលោកសមរង្ស៊ី ខណៈដែល​លោកសមរង្ស៊ី ជាខ្មែរ មានសញ្ជាតិបារាំង រស់នៅទីក្រុងប៉ារីស បានសរសេរ​លិខិតជូន​ប្រធានាធិបតីបារាំង ថាប្រយ័ត្នចាញ់បោក​សម្តេចធិបតី ហ៊ុន ម៉ាណែត​។

ចំពោះ​លិខិត​របស់​អ្នកនយោបាយចាស់វស្សា មានសញ្ជាតិ២ លើកឡើងដូច្នេះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ដាស់តឿនថា វត្តមាន​របស់​សម្តេច ដែលនឹងបំពេញទស្សនកិច្ច នៅបារាំង ហើយជួប​ពិភាក្សាការងារជាមួយ​​ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នាថ្ងៃទី១៨-១៩ ខែមករា​ខាងមុខនេះ ​គឺ​តបតាមការអញ្ជើញដោយផ្ទាល់របស់ប្រធានាធិបតីបារាំង ដែលគេជឿទុក​ចិត្ត​លើសម្តេច ដើម្បីពង្រឹង​ទំនាក់ទំនងរវាង​កម្ពុជា និងបារាំង​។ ដូច្នេះ​មេបក្សប្រឆាំង ចាស់វស្សា ពេល​នេះ គួរតែ​សប្បាយរីករាយនឹង​ប្រមុខដឹកនាំកម្ពុជា-បារាំង ដែល​នឹងជួបប្រជុំ ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ​​។​

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអញ្ជើញរបស់ប្រធានាធិបតីបារាំង គឺច្បាស់ណាស់ នឹងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយរួចហើយ ដោយមើលឃើញអំពីប្រយោជន៍នៃទំនាក់ទំនងប្រទេសទាំងពីរ។ ដូច្នេះ​អ្នកដែលចេញសារ ចង់ឱ្យរដ្ឋាភិបាលបារាំង មិនទុកចិត្តលើរាជ​រដ្ឋាភិបាលកម្ពុជា ត្រូវគិតពីផលប្រយោជន៍ជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចំពោះទំនាក់ទំនងជាមួយបារាំង និងប្រទេសផ្សេងៗ នៅអឺរ៉ុប នៅតែប្រកាន់ជំហរ ក្នុងការគោរពអធិបតីភាព ឯករាជ្យភាព និងផលប្រយោជន៍ជាតិរួម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ថា ការបោះឆ្នោតកន្លងទៅ នៅកម្ពុជា​ គឺជាការបង្ហាញអំពីការជឿទុកចិត្ត ទៅលើការដឹកនាំរបស់គណបក្សប្រជាជន​កម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍ​កម្ពុជា។

សូម​រម្លឹក​ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងភរិយា បានដឹកនាំប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញទៅបំពេញបេសកកម្ម​ នៅទឹកដីអឺរ៉ុប ចាប់ពីថ្ងៃទី​១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤​។ សម្តេចធិបតី នឹងអញ្ជើញចូលរួម​វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៦-១៧ ខែមករា ហើយសម្តេចធិបតី ក៏នឹងបន្តដំណើរបំពេញទស្សនកិច្ច​ផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ