ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់​! ក្រោយ​ឃើញ​សារ​មន្ត្រី​អប្សរា​ស្រី​បង្ហោះ​រឿង​ក្មេង​ប្រុស​លក់​អណ្តើក​រង​ហិ​.​ង្សា​ (វីដេអូ)

3 ខែ មុន
  • សៀមរាប

ដូចដែល​លោក​អ្នក​ជ្រាប​ហើយ​ថា កំ​ហឹ​.​ង​មហាជន​ជុំវិញ​ករណី​ដែល​បង្ក​ឡើយ​ដោយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​ហិ​.​ង្សា​ទៅ​លើ​ក្មេង​ប្រុស​លក់​អណ្តើក​មុខ​ប្រាសាទអង្គរវត្ត​នោះ ត្រូវ​បាន​ពន្លត់​ឱ្យ​ស្ងប់ស្ងាត់​ទៅ​វិញ​ត្រឹម​ព្រឹក

ខេត្តសៀមរាប ៖ ដូចដែល​លោក​អ្នក​ជ្រាប​ហើយ​ថា កំ​ហឹ​.​ង​មហាជន​ជុំវិញ​ករណី​ដែល​បង្ក​ឡើយ​ដោយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ពាក់ព័ន្ធ​ហិ​.​ង្សា​ទៅ​លើ​ក្មេង​ប្រុស​លក់​អណ្តើក​មុខ​ប្រាសាទអង្គរវត្ត​នោះ ត្រូវ​បាន​ពន្លត់​ឱ្យ​ស្ងប់ស្ងាត់​ទៅ​វិញ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៤ បន្ទាប់​មន្ត្រី​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​វា​.​យ​ខ្នោះ និង​វាស់កម្ពស់​បាន​សម្រេច​។

តាម​ធម្មតា ក្រោយ​ភ្លៀង​មេឃ​តែងតែ​ស្រឡះ ប៉ុន្តែ​សម្រាប់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ទើប​រង​ព្រនង់​ធំ​ៗ២ ហើយ​ផ្ទួន​ៗ​ក្នុង​ថ្ងៃ​តែ​មួយ​ពី​មហាជន គឺ ១- រឿង​ប្រើ​ហិ​.​ង្សា និង​២- រឿង​អន់​ខ្សោយ​ទៅ​លើ​ចំណាត់ការ មិន​ទាន់​បាត់​ឈឺក្បាល​ស្រួលបួល​ផង ស្រាប់តែ​ចូល​ដល់​រឿង​ទី​៣ ថ្មី​មួយ​រឿង​ទៀត​ហើយ​។

នេះ​បាន​ហៅ​ថា «​យីអ៊ុន​ដាក់ អារក្ស​ជាន់​» ក្រោយ​ពី​រឿង​ទី​១ ទី​២ ទើបតែ​ស្ងាប់​ស្ងាត់​មិន​ទាន់​បាន​មួយ​ដង្ហើមចង្រិត​ផង ស្រាប់តែ​ផ្ទុះ​រឿង​ទី​៣ ផ្តើម​ចេញពី​មន្ត្រី​ស្រី​នៃ​អាជ្ញាធរ​អប្សរា​ម្នាក់​ទៀត​មានឈ្មោះ យ៉ា​ន់ សុជាតា ដោយ​មន្ត្រី​រូប​នេះ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ហើយ​ប្រើ​ពាក្យ​សម្តី​បែប​លើស​ប៊ី​ចេ​ង ខ្វះ​ការ​អប់រំ តប​ទៅ​កាន់​មហាជន​ដែល​រិះគន់​លើ​ករណី​ហិ​.​ង្សា​ខាងលើ ដោយ​ពាក្យ​មួយ​ឃ្លា​ថា «​ដឹង​ជា​កុមារ​ត្រូវ​គ្រា​.​ប់​អី​ហាស់ ក្បាល​ឡើង​កញ្ចាស់​ហើយនឹង​ណា កុមារ​ៗ​នឹង​អត់​មាន​មើល​មុខ​អា​កុមារ​នឹង​សោះ ចង់​ចាស់​ជាង​មុខ​អា​អ្នក​តែ​ស្ករ រិះគន់ និង​អាណិត​ទៀត​»​។ ត្រង់​ពាក្យ «​កុមារ​ត្រូវ​គ្រា​.​ប់​អី​ហាស់​ក្បាល​ឡើង​កញ្ចាស់​» គឺ​មន្ត្រី​ស្រី​ម្នាក់​នេះ ចង់​សំដៅលើ​កុមារ​រង​គ្រោះ ដែល​ត្រូវ​មន្ត្រី​អប្សរា​ទះកំផ្លៀង ដោយឡែក​ពាក្យ «​អា​អ្នក​តែ​ស្ករ​» មន្ត្រី​ស្រី​ម្នាក់​នេះ ចង់​សំដៅ​ទៅ​លើ​មហាជន​។

ការ​ចេញ​មុខ​មក​ការពារ​មិត្ត​រួមការ​ងារ​ទាំង​ទទឹងទិស ហើយ​ប្រើ​ពាក្យពេចន​ន៍​ខ្វះ​ក្រមសីលធម៌​បែប​នេះ ហាក់បីដូចជា យក​សាំង​ទៅ​ចាក់ ហើយ​កេស​ដែកកេះ​ពីលើ​រងើកភ្លើង​កំ​ហឹ​.​ង​របស់​មហាជន​ដែល​ទើបតែ​រលត់​ឱ្យ​ផ្ទុះ​ឆេះ​ឡើង​វិញ រហូត​ពួក​គាត់​លើក​ឡើង​ថា «​សម្តី​ស​ជាតិ មា​ឃា​ទ​.​ស​ពូជ អនិច្ចា​មន្ត្រី​អប្សរា មន្ត្រី​ប្រុស​ចូល​ចិត្ត​ប្រើ​ហិ​.​ង្សា មន្ត្រី​ស្រី​ចូល​ចិត្ត​ប្រើស​ម្តី​បាត​ផ្សារ​»​។

ក្រោយ​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ខ្លាំង មន្ត្រី​អប្សរា យ៉ា​ន់ សុជាតា ក៏​បាន​លុប​សារ​ចោល​វិញ ប៉ុន្តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ ព្រោះ​សារ​ទាំងនោះ ត្រូវ​បាន​ថត​ទុក និង​បន្ត​ចែករំលែក​យ៉ាង​ផុសផុល ហើយ​មហាជន​មួយ​ចំនួន​ចោទ​ជា​សំណួរ​ទៅ​កាន់​អាជ្ញាធរ​ជាតិ​អប្សរា​ថា បកស្រាយ​មើល នេះ​មែន​ទេ សម្តី​បុគ្គលិក នេះ​មែន​ទេស​ម្តី​អ្នកចេះ​ដឹង ឬ​ក៏​បង់លុយ​ចូល ឬ​ក៏​ចូល​តាម​ខ្សែ វា​ដូច​ជា​ហួសហេតុ​ពេក​ហើយ តើ​នៅ​សល់​មន្ត្រី​ធុន​ៗ​ហ្នឹង​ប៉ុន្មាន​នាក់​ទៀត?

ជុំវិញ​ក្រមសីលធម៌​របស់​មន្ត្រី​នេះ​ផង​ដែរ គេ​នៅ​ចាំ​បាន​ថា ការ​បំភ្លឺ​បកស្រាយ​របស់​អាជ្ញាធរ​អប្សរា​កាលពី​ថ្ង​ទី​១២ ខែមករា ឆ្នាំ​២០២៤ នៅ​ត្រង់​ចំណុច​ទី​២ និង​ចំណុច​ទី​៣ ដែល​បញ្ជាក់​ថា «​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជា​និច្ចកាល​តែងតែបាន​ណែនាំ​ដល់​មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និង​ឆ្មាំ​ង នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ចៀសវាង​ឱ្យ​បានជា​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​។

៣- អាជ្ញាធរ​ជាតិ​អប្សរា​មិន​គាំទ្រ និង​មិន​អាច​ទទួលយក​បានជា​ដាច់ខាត នូវ​រាល់​ការ​ប្រើប្រាស់ អំពើ​ហិ​.​ង្សា​ក្នុង​ការ​អនុវត្ត​ការងារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិន័យ សីលធម៌ និង​គុណធម៌ ដែល​មាន​ជា​ធរមាន​ក្នុង​លក្ខន្តិកៈ​របស់​មន្ត្រីរាជការ​ស៊ី​វិល​-​បុគ្គលិក​សាធារណៈ​។

សូម​បញ្ជាក់​បន្ថែម​ថា យោង​តាម​ការ​បំភ្លឺ​របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​បញ្ជាក់​ថា ក្មេង​ប្រុស​លក់​អណ្តើក​ដែល​ត្រូវ​បាន​មន្ត្រី​អប្សរា​ទះកំផ្លៀង និង​ទាត់​នោះ មិនមែន​ជា​កុមារ គឺ​គេ​មាន​​អាយុ​១៩​ឆ្នាំ​មក​ហើយ និង​មានឈ្មោះ​ថា «​ណុ​ល សំណាង​»​។ ហើយ​អណ្តើក​ដែល​ក្មេង​ប្រុស​លក់​នោះ គឺ​ចាប់ពី​ក្នុង​ក​សិន្ធ​អង្គរ ជាមួយ​គ្នីគ្នា​របស់​គេ​ពីរ​នាក់​ទៀត​។

ដោយឡែក​ជុំវិញ វី​ដេ​អូ​មួយទៀត ដែល​មាន​ក្មេង​លក់​អណ្តើក​ចុះ​ហែល​ឡើង​ក្នុង​ទឹក​ក​សិ​ដ​អង្គរ ដែល​មហាជន​រឿង​ឆ្ងល់​នោះ ត្រូវ​បាន​ស្នងការ​នគរបាល​ខេត្តសៀមរាប បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា គឺជា​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​៣​នាក់​របស់​យុវជន ណុ​ល សំណាង គឺ​ឈ្មោះ បាយ បី​ត អាយុ​២២​ឆ្នាំ​។ ចំពោះ​មូលហេតុ​ដែល​យុវជន​ម្នាក់​នេះ ហក់​ចូល​ទឹក ព្រោះតែ​រត់គេច​ពី​កម្លាំង​សណ្តាប់ធ្នាប់​របស់​អាជ្ញាធរ​អប្សរា ដែល​ដេញចាប់​ពួក​គេ ក្រោយ​ពី​ឃើញ​ពួក​គេ​លក់​កូនអណ្តើក​៥​ក្បាល​បាន​លុយ​៥​ម៉ឺន​រៀល​ទៅ​អោយ​ភ្ញៀវ​ទេសចរ​នៅ​បរិវេណ​រានហាល​អង្គរ​។

គួររំលឹកថាទីបំផុត ! មន្ត្រីអប្សរាប្រើហិ.ង្សាលើកុមារលក់អណ្តើកមុខអង្គរវត្តត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយ

អត្ថបទ​ដោយ ៖ អោម ចែត​ច័ន្ទ​ណា​រ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ