ស្រែកទារ​លុយ​ដែល​ជំពាក់ ដក​កាំភ្លើង​ខ្លី​បាញ់​ប្រាវ​២គ្រាប់ ​ត្រូវ​មួយ​គ្រាប់​ធ្លាយ​ប្លោកនោម


ក្រុង​ប៉ោយ​ប៉ែត​ ៖ ស្នូរ​ផ្ទុះ​អាវុធ​២​គ្រាប់​បាន​ឮឡើង​កាល​ពីវេលា​ម៉ោង​៩ និង​៣០​នាទី​ ព្រឹក​ ថ្ងៃទី​២៦ ឧសភា។ ហេតុ​ការណ៍​នេះ​បណ្តាល ​ឱ្យ​បុរស​ម្នាក់​រង​របួស​ធ្ងន់​នាំ​ចូល​មន្ទីរ​ពេទ្យ។ តាម​ការ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ​សុខ ស្រី​នាង​ អាយុ២២ ​ឆ្នាំ ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​​រៀប​រាប់​ថា ប្តីនាង​ឈ្មោះ​វី​រ៉ា អាយុ​២៥​ឆ្នាំ រស់​នៅតាម​​ផ្លូវ​រថ​ភ្លើង​ទល់មុខ​ វត្ត​បា​លិ​លេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត​។ ​មុន​ពេល​កើត​ហេតុ​ប្តី​របស់​នាង​​ឃើញ​ឈ្មោះ​ឡុង មាន អាយុ​ជាង​២០​ឆ្នាំ​ ក៏​​ហៅ​ឱ្យ​ឈប់​ទារ​លុយ​ដែល​ជំពាក់​។ គ្រាន់​តែ​ប្តី​របស់​នាង​និយាយ​ទៅ​កាន់​ជន​នោះ​ថា «ល្មម​សង​លុយ​ហើយ​»ស្រាប់​តែគេ​​ដក​កាំ​ភ្លើង​ខ្លី​ពី​ចង្កេះ​បាញ់​ចំនួន​២​គ្រាប់​ ប៉ុន្តែ​ត្រូវ​តែ​១​គ្រាប់​ប៉ុណ្ណោះ​។

ស្ត្រី​ជា​ប្រពន្ធ​​បន្ត​ថា ក្រោយ​បាញ់​រួច​​​ជន​នោះ​​ដើរ​ទៅថ្នល់​ជាតិ​មាន​ចំងាយ​ប្រមាណ​១០០​ម៉ែត្រ​ ហើយ​ឡើង​ជិះ​ម៉ូតូ​សំដៅ​​ទៅរង្វង់​មូល​មាត់​ច្រក​ប៉ោយ​ប៉ែត​បាត់​ស្រមោល​។ នាង​បាន​យក​ប្តី​ទៅ​សង្គ្រោះ​ក្នុង​គ្លីនិក​នៅ​ជិត​នោះ​តែ​គ្រូេពទ្យ​មិន​ទទួល​ដោយ​សារ​របួស​ធ្ងន់​ពេក​។ នាង​ក៏​បញ្ជូនប្តី​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ដី​ថ្មី​ក្រុង​ប៉ោយ​ប៉េត្រ​ ហើយ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា ប្តី​នាង​ត្រូវ​របួស​១​គ្រាប់​ដោយ​ការ​បាញ់​ចំ​ថ្ងាស​ប្លោក​នោម​ធ្លាយ​ទៅ​​ឆ្អឹង​ខ្នង​ខាង​ក្រោយ​ ។ គ្រូ​ពេទ្យ​​បញ្ជូន​ប្តី​នាង​បន្ត​ទៅ​​មន្ទីរ​ពេទ្យ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជា​បន្ទាន់​​ ពីព្រោះរបួស​ធ្ងន់​ពេក​។

ក្រោយ​ហេតុ​ការណ៍​ភ្លាម​​លោក​វរ​សេនីយ៍​ត្រី​អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត​បាន​បញ្ជា​កំលាំង​នគរ​បាល​ដាក់​បារ៉ាស់​ស្ទើរ​គ្រប់​កន្លែង​ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស​ ប៉ុន្តែ​រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៦ ឧសភា ​មិន​ទាន់​រក​ជន​នោះ​​ឃើញ​នៅ​ឡើយ​ទេ ។​ លោក​អធិការ​ក្រុង​ប៉ោយ​ប៉ែត​មាន​ប្រសាសន៍​ថា ​នេះគឺ​ជា​ករណី​ប៉ុន​ប៉ង​សំលាប់​ដោយ​ចេតនា​ ប៉ុន្តែ​ជន​ល្មើស​បាញ់​ជន​រង​គ្រោះ​មិន​ចំ​គោល​ដៅ​ស្លាប់។ ​ទោះ​ជា​យ៉ាង​ណា​ក្តី​​ សមត្ថ​កិច្ច​​នឹង​ខិត​ខំ​ស្រាវ​ជ្រាវ​តាម​រក​ចាប់ខ្លួន​ជន​ល្មើស​​យក​ទៅ​​ផ្តន្ទា​ទោស​ឱ្យ​ខាង​តែ​បាន​ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​បន្ថែម​ថា ឈ្មោះ​ឡុង​ ដែល​ប្រើ​អាវុធ​បាញ់​មនុស្ស​ដូច​​បាញ់​ចាប​នេះ​ជា​អ្នក​រក​ស៊ី​ចេញ​-ចូល​ផ្សារ​ថៃ​ ហើយ​កាំ​ភ្លើង​ដែល​ប្រើ​នោះ​​ត្រូវ​គេ​សង្ស័យ​ជា​កាំ​ភ្លើង​ខ្លី K59 ច្នៃ​ប្រើ​គ្រាប់​ឡុក​។ ចំពោះ​ការ​ជំពាក់​ប្រាក់​គ្នា​គ្រាន់​តែ​ស្រែក​ទារ​ស្រាប់​តែ​បាញ់​នោះ​តាម​ប្រភព​មិន​ទាន់​ផ្លូវ​ការ​ថា មាន​ចំនួន​ប្រមាណ​៥០​បាត​លុយ​សៀម​ប៉ុណ្ណោះ ៕

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ