ខេត្តសៀមរាប ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយពីត្រូវជនសង្ស័យបានបាញ់សម្លាប់នៅមុខផ្ទះរបស់ជនរងគ្រោះ ដែលសង្ស័យថាជារឿងគំនុំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់បានហើយ រួចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០៨និង៤០ នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ត្រង់ ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
បើតាមប្រភពពីសមត្ថកិច្ចខេត្តសៀមរាបបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ថា ករណីឃាតកម្មបង្កឡើងដោយជនសង្ស័យ ម្នាក់ឈ្មោះ ញឹម ម៉ៅ ហៅសាក់ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើសកម្មភាព ដោយយកកាំភ្លើងខ្លី (ពុំទាន់ស្គាល់ម៉ាក) មកបាញ់សម្លាប់ជនរងគ្រោះនៅចំណុចមុខផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ អ៊ុត ថៃ ភេទប្រុស ៥៧ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថា ករណីអំពើឃាតកម្មខាងលើនេះ មូលហេតុបណ្តាលមកពីជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសំដីគ្នា នៅថ្ងៃកើតហេតុ និងធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក ផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការនគរបាលស្រុកស្វាយលើ ចាប់ខ្លួនភ្លាមៗ ដើម្បីបញ្ជូនបន្តទៅកាន់ការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕





ជនសង្ស័យ ត្រូវបានឃាត់ខ្លួន
ចែករំលែកព័តមាននេះ