ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ម្នាក់​ធ្វើ​ជា​ចុងភៅ​មិន​កា.ក់កប បែ.កគំនិត​​ធ្វើ​ចោរ​គា.ស់​ផ្ទះ ១​អាទិត្យ​ក្រោយ​អស់លក្ខណ៍

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​​ម្នាក់​មានមុខ​របរ​ធ្វើ​ជា​ចុងភៅ​មិនសូវ​កាក់កប ក៏​បែកគំនិត​ធ្វើ​ចោរ​គាស់​ផ្ទះ មួយ​កន្លែង​នៅ​ក្នុង​បុរី​ប៉េង ហួត លួច​បាន​ម៉ូតូ​១​គ្រឿង​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង បន្ទាប់​មក​ជិះ​យក​ទៅ​លក់​យក​លុយ​ដើរ​ស៊ី​​ចាយអស់​ ។​លុះ​១​ស​ប្ដា​ហ៍​ក្រោយមក​ញ៉ាម​បាន​ចេញ​ធ្វើ​សកម្មភាព​បន្ត​ទៀត ហើយ​ក៏​អស់លក្ខណ៍…

រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​​ម្នាក់​មានមុខ​របរ​ធ្វើ​ជា​ចុងភៅ​មិនសូវ​កាក់កប ក៏​បែកគំនិត​ធ្វើ​ចោរ​គាស់​ផ្ទះ មួយ​កន្លែង​នៅ​ក្នុង​បុរី​ប៉េង ហួត លួច​បាន​ម៉ូតូ​១​គ្រឿង​និង​ទូរស័ព្ទ​ដៃ​១​គ្រឿង បន្ទាប់​មក​ជិះ​យក​ទៅ​លក់​យក​លុយ​ដើរ​ស៊ី​​ចាយអស់​ ។​លុះ​១​ស​ប្ដា​ហ៍​ក្រោយមក​ញ៉ាម​បាន​ចេញ​ធ្វើ​សកម្មភាព​បន្ត​ទៀត ហើយ​ក៏​អស់លក្ខណ៍ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជើងឯក​និង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈ​សេ​ី​យ៍​ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​បាន ។

បើ​យោង​តាម​កាមេរ៉ា​សុវត្ថិភាព ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​ម៉ោង​១​និង​៣៨​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​៥២ ផ្លូវ​លេខ​១១ បុរី​ប៉េង ហួត ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​ជា​ជនសង្ស័យ​រូប​នោះ​ឈ្មោះ​លូ ជៀន (LIU JIAN ) អាយុ​៤៣​ឆ្នាំ​មុខរបរ​ចុងភៅ ស្នាក់​នៅផ្ទះ​លេខ​៦១ ផ្លូវ​M១១ បុរី​ប៉េង ហួត ភូមិ​ព្រែ​ថ្លឹង សង្កាត់​ជើងឯក ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ហង្ស ធីតា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥២ ផ្លូវ​លេខ​១១ ដែល​ជាទី​តាំង​កើតហេតុ​ខាងលើ ។ ផ្ទះ​របស់​គាត់​បាន​រង​ការ​គាស់​ទម្លុះទម្លាយ​ទ្វារ​ក្រោយ​ចំហៀង​ខាង​និង​បាន​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក​Honda Zoomer-X ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IL-1521 និង​ទូរស័ព្ទ​ដៃ​ម៉ាក​Vivo១​គ្រឿង ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦ មុន​ពេល​កើតហេតុ​ជាង​១​ខែ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ខាងលើ​បាន​ចាក​ចេញពីផ្ទះ​ទៅ​កាន់​ក្រៅប្រទេស ប៉ុន្តែ​ពុំ​ដឹង​ថា​គាត់​ទៅ​ប្រទេស​ណាមួយ​នោះ​ទេ ។ ដោយ​គាត់​បាន​ទុក​ម៉ូតូ​និង​ទូរស័ព្ទ​ដៃ​នៅ​ក្នុងផ្ទះ​ខាងលើ ហើយ​បាន​ចាក់សោ​ទ្វារផ្ទះ​ត្រឹមត្រូវ មិនតែប៉ុណ្ណោះ​ស្ត្រី​រូប​ក៏​បាន​ផ្ដាំផ្ញើរ​ឲ្យ​ក្មួយ​ប្រុស​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ​ជួ ប៉េង​ហាក់ អាយុ​៤៤​ឆ្នាំ​ឲ្យ​ជួយ​មើល​ផ្ទះ​ឲ្យ​គាត់​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ អ្នក​ជិតខាង​បាន​ខ​ល​ទៅ​ប្រាប់​គាត់​ដែល​កំពុង​នៅ​ក្រៅប្រទេស​នោះ​ថា ផ្ទះ​របស់​គាត់​មាន​ស្នាម​គាស់​ទម្លុះទម្លាយ ទើប​ស្ត្រី​ម្ចាស់ផ្ទះ​ខាងលើ​ខ​ល​ទៅ​ប្រាប់​ក្មួយ​ប្រុស​របស់​គាត់​ឈ្មោះ​ជួ ប៉េង​ហាក់​ឲ្យ​ទៅ​មើល ។ លុះ​ក្មួយ​ប្រុស​ទៅ​ដល់ ក៏​ឃើញ​មាន​ស្នាម​គាស់​ផ្ទះ​មែន និង​បាត់​ម៉ូតូ​១​គ្រឿង​ខាងលើ ព្រមទាំង​ទូរស័ព្ទ​ដៃ​ផង​ដែរ ទើប​បុរស​ជា​ក្មួយ​ខ​ល​ប្រាប់​សន្តិសុខ​យាម​បុរី​ឲ្យ​ទៅ​ពិនិត្យ​មើល និង​ឆែ​កាមេរ៉ា​សុវត្ថិភាព ។ ខណៈ​នះ​ក៏​បានឃើញ​ជនសង្ស័យ​ជនជាតិ​ចិន​ឈ្មោះ​លូ ជៀន​នោះ​ជា​អ្នក​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ផ្នែក​ខាងក្រោយ​ចូល​លួច​យក​ម៉ូតូ​និង​ទូរស័ព្ទ​ទៅ​បាត់ ។

សមត្ថកិច្ច​បាន​ប្រាប់​បន្ថែម​ថា បន្ទាប់​មក​បុរស​ជា​ក្មួយ​ប្រុស​រូប​នោះ​ក៏​បាន​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ជើងឯក ហើយ​លោក​វរៈសេនីយ៍ឯក​ជឹ​ម សុ​ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​និង​បញ្ជា​កម្លាំង​នគរ​ប​ល​ប៉ុស្តិ៍​ជើងឯក និង​នគរបាល​ខណ្ឌ ចុះ​ធ្វើការ​ស្រាវជ្រាវ ដុតដៃដុតជើង ។ លុះដល់​វេលា​ម៉ោង​១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ១​ស​ប្ដា​ហ៍​ក្រោយ​ពេល​កើតហេតុ ស្រាប់តែ​ជនសង្ស័យ​ចេញ​ធ្វើ​សកម្មភាព​នៅ​ក្នុង​បុរី​ប៉េង ហួត​ដដែល​នោះ​ម្ដងទៀត ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខាងលើ​ធ្វើការ​ឃាត់ខ្លួន​បាន ។

ប​គ​របាល​បាន​បញ្ជា​ប្រាប់​បន្ថែម​ទៀត​ថា បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ខាងលើ​លួច​បាន​ម៉ូតូ​និង​ទូរស័ព្ទ​មែន ។ ក្រោយ​ពេល​លួច​បាន ខ្លួន​បាន​យក​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន​ដូច​គ្នា​មិន​ស្គាល់​អត្ត​សញ្ញា​ម្នាក់​បាន​ប្រាក់​ចំនួន​២៤០​ដុល្លារ រួច​យក​លុយ​ទៅ​សុ​ី​ចាយ​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ