ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង Online Scam ក្នុង​បុរី​ពិភព​ថ្មី​ផ្សារ​ដី​ហុយ ឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស ៦​នាក់

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam មួយ​កន្លែង នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា…

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​ចម្រុះ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam មួយ​កន្លែង នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​ក្នុង​បុរី​ពិភព​ថ្មី​ផ្សារ​ដី​ហុយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

ប្រតិបត្តិការ​ប​ង្រា​ប​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពីលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តន៍​ផ្ទាល់​ដោយ​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ជនសង្ស័យ​ជា​ជនជាតិ​បង់​ក្លា​ដេ​ស ​ចំនួន ០៦​នាក់ ក្នុង​នោះ​មាន​ម្នាក់​គ្មាន​លិខិតឆ្លងដែន រួម​ជាមួយ​វត្ថុ​តាង​មាន កុំព្យូទ័រ All In One ០១​គ្រឿង និង​ទូរសព្ទ​ដៃ​បម្រើ​ការងារ​ចំនួន ១៦​គ្រឿង​ ។

តាម​ការ​សន្និដ្ឋាន​បឋម របស់​សមត្ថកិច្ច​ជំនាញ បានឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម Facebook Page ឈ្មោះ “BD service” និង “ক্ষুদ্র ঋন প্রকল্প” ដើម្បី​ផ្សព្វផ្សាយ​សេវា​កម្ចី​ប្រាក់​ក្លែងក្លាយ​។ ពួក​គេ​បាន បន្លំ​អត្តសញ្ញាណ​ខ្លួន​ជា​បុគ្គលិក ធនាគារពិភពលោក (World Bank)​។ ក្លែងបន្លំ​ឯកសារ​ផ្សេង​ៗ ដើម្បី​ឱ្យ​ជន​រង​គ្រោះ​ជឿ​ទុកចិត្ត​។ តម្រូវ​ឱ្យ​ជន​រង​គ្រោះ​បង់ “​ប្រាក់​សេវា​រត់ការ​” ជា​មុន ទើប​អនុម័ត​កម្ចី​។ គោលដៅ​ចម្បង​របស់​ក្រុម​នេះ គឺ​បោកប្រាស់​ប្រជាជន​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដេ​ស ដោយ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ ជាទី​តាំង​ប្រតិបត្តិការ​ ។

បច្ចុប្បន្ន​ចំពោះ​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​នេះ ត្រូវ​បាន​ប្រគល់​ជូន​សមត្ថកិច្ច​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ និង​ឈាន​ទៅ​កំណត់​មុខសញ្ញា​មេខ្លោង​ពាក់ព័ន្ធ​ជា​បន្ត​ទៀត​។ អាជ្ញាធរ​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ជួល​ទាំងអស់ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ស្នាក់​នៅ​របស់​ជនបរទេស​ដែល​ខុសច្បាប់ និង​សង្ស័យ​មានការ​ពាក់ព័ន្ធ​នឹង​បទល្មើស​បច្ចេកវិទ្យា​ ។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា​នៅ​ត្រឹម​ខែមេសា ឆ្នាំ​២០២៦ ។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ