រាជធានីភ្នំពេញ ៖ ម៉ូតូចំនួន០៦គ្រឿង ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បន្តបង្ក្រាបយកម្ចាស់ទៅព្រមាន និងអប់រំ ពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿនក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសំឡេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ លើដងផ្លូវ នេះបើតាមឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
នៅយប់ ថ្ងៃទី២២ ឈានចូល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ បានបន្តធ្វើការឃាត់ម្ចាស់ រួមនិងម៉ូតូ ០៦គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បើកបរល្បឿនលឿន ក្នុងទីប្រជុំជនល្មើសច្បាប់កំណត់ បង្កឲ្យមានការភ័យខ្លាច និងមានសំឡេងរំខានដល់ប្រជាពលរដ្ឋ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈលើដងផ្លូវ នៅចំណុចផ្លូវលេខ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងតំបន់អភិវឌ្ឍន៍កោះនរា ស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក និងខណ្ឌច្បារអំពៅ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជន តទៅទៀត ចំណែកម៉ូតូទាំង ០៦គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌច្បារអំពៅ ៕







ចែករំលែកព័តមាននេះ