ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​គ្រុន​​ឈាម​​មាន​​អត្រា​​រាត​​ត្បាត​​កើន​​ឡើង​​ដែល​​ត្រូវ​​ប្រកាស​​អាសន្ន

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សុខា​ភិបាល​​បាន​និយាយ​ឱ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​​ថា ការ​រាត​ត្បាត​នៃ​ជំងឺ​គ្រុន​ឈាម​បាន​ឈាន​ដល់​ការ​ប្រកាស​អាសន្ន ខណៈ​ពេល​ដែល​មាន​អ្នក​ជំងឺ​គ្រុន​ឈាម​ប្រមាណ​៨៤៥​នាក់​កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ ក្នុង​នោះ​៨​នាក់​បាន​ស្លា.ប់ ប្រៀប​ធៀប​ឆ្នាំ​២០១០ អ្នក​ជំងឺ​មាន​៧៣១​នាក់ ក្នុង​នោះ​ស្លា.ប់​ចំនួន​៤​នាក់

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួង​សុខា​ភិបាល​​បាន​និយាយ​ឱ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​​ថា ការ​រាត​ត្បាត​នៃ​ជំងឺ​គ្រុន​ឈាម​បាន​ឈាន​ដល់​ការ​ប្រកាស​អាសន្ន ខណៈ​ពេល​ដែល​មាន​អ្នក​ជំងឺ​គ្រុន​ឈាម​ប្រមាណ​៨៤៥​នាក់​កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរ​ពេទ្យ ក្នុង​នោះ​៨​នាក់​បាន​ស្លាប់ ប្រៀប​ធៀប​ឆ្នាំ​២០១០ អ្នក​ជំងឺ​មាន​៧៣១​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៤​នាក់។

លោក​វេជ្ជ​បណ្ឌិត ង៉ាន់ ច័ន្ទថា នាយក​រង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​​​ជំងឺ​គ្រុនចាញ់ និង​ជា​នាយក​កម្ម​វិធី​​ជាតិ​ប្រយុទ្ធ​​ជំងឺ​​គ្រុន​ឈាម​ បាន​ឱ្យ​ដឹង​ថា តាម​តួលេខ​ដែល​ទទួល​បាន​ សំខាន់​តួលេខ​​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុន​ឈាម​គឺ​អាច​និយាយ​ថា ជា​ពេល​វេលា​ដែល​យើង​ត្រូវ​ប្រកាស​អាសន្ន ហើយ​រួម​គ្នា​ទប់​ស្កាត់​ឱ្យ​បាន​ទាន់​ពេល​វេលា។ លោក​បញ្ជាក់​ថា ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០១១​នេះ​មាន​ទ្រង់​ទ្រាយ​ធំ​ប្រហាក់​ប្រហែល​គ្នា​​នឹង​ឆ្នាំ​១៩៩៣ និង​ឆ្នាំ​២០០៧ ដែល​មាន​ការ​ប្រកាស​អាសន្ន​ផង​ដែរ។ ប៉ុន្តែ​លោក​គិត​ថា ដោយ​សារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ និង​ណែនាំ​​ជា​ប្រចាំ​របស់​ថ្នាក់​ដឹក​នាំ​ក្រសួង​សុខា​ភិបាល និង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ពិសេស​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​ រួម​ទាំង​កិច្ច​សហ​ការ​គ្នា​ល្អ​ជា​មួយ​មន្ទីរ​សុខា​ភិបាល​ទាំង​២៤​ខេត្ត-​រាជធានី ​យើង​អាច​ក្តាប់​សភាព​ការណ៍​បាន​ទាន់​ពេល​វេលា ដើម្បី​ចាត់​វិធាន​ការ​ទប់​ស្កាត់។

លោក​វេជ្ជ​បណ្ឌិត ង៉ាន់​ ច័ន្ទ​ថា មាន​ប្រសាសន៍​ថា ចាប់​ពី​អាទិត្យ​ទី១ ដល់​អាទិត្យ​ទី​៨ ឆ្នាំ​២០១១ នេះ ស្ថាន​ភាព​នៃ​ជំងឺ​គ្រុន​ឈាម​មាន​លក្ខណៈ​ជា​ប្រកាស​អាសន្ន។ ប៉ុន្តែ​ដោយ​កិច្ច​សហ​ការ​គ្នា​ល្អ​នោះ គឺ​ធ្វើ​ឱ្យ​សភាព​ការណ៍​នៃ​ជំងឺ​គ្រុន​ឈាម​បាន​ធូរ​ស្រាល​ឡើង​វិញ​នៅ​អាទិត្យ​ទី​៩ ឆ្នាំ​២០១១។ លោក​ក៏​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ចាប់​ពី​អាទិត្យ​ទី​១៨ ដល់​អាទិត្យ​ទី​១៩ ស្ថាន​ភាព​បាន​ធ្លាក់​ចុះ​មក​ធ្ងន់​ធ្ងរ​ឡើង​វិញ​ដោយ​សារ​ជា​រដូវ​​ភ្លៀង​ធ្លាក់ ដែល​ធ្វើ​ឱ្យ​មាន​ជម្រក​មូស​គ្រប់​ទីកន្លែង បណ្តាល​ឱ្យ​ដង់​ស៊ីតេ​នៃ​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​ខ្ពស់​តែ​ម្តង។ ដូច្នេះ​ហើយ​ទើប​ក្នុង​អាទិត្យ​ទី២​០​នេះ អត្រា​នៃ​ចំនួន​អ្នក​ជំងឺ​ដែល​បាន​ចូល​មក​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មាន​រហូត​ដល់​៨៤៥​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​៨​នាក់​ដែល​ជា​អត្រា​ខ្ពស់​ប្រៀប​ធៀប​ឆ្នាំ​២០១០ ដែល​អ្នក​ជំងឺ​មាន​ចំនួន​៧៣១​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​៤​នាក់​ប៉ុណ្ណោះ។ ដោយ​ឡែក​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៩ អ្នក​ជំងឺ​សម្រាក​ពេទ្យ​មាន​ចំនួន​១.៦៧៧​នាក់ តែ​អ្នក​ស្លាប់​មាន​តែ​៤​នាក់​ដូច​គ្នា​ឆ្នាំ​២០១០​ដែរ។ យោង​តាម​តួលេខ​ឆ្នាំ​២០១១​នេះ គឺ​ចំនួន​អ្នក​ស្លាប់​មាន​ការ​កើន​ឡើង​ពាក់​កណ្តាល​បើ​ប្រៀប​ធៀប​ឆ្នាំ​២០០៩ និង​ឆ្នាំ​២០១០ ដែល​ចំនួន​នេះ​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ ឬ​អាច​និយាយ​ថា ជា​ការ​ប្រកាស​អាសន្ន​សម្រាប់​ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុន​ឈាម​នេះ គឺ​មិន​មែន​ទ្រង់​ទ្រាយ​ធំ ឬ​ទូទាំង​ប្រទេស​នោះ​ទេ គឺ​កើត​ឡើង​ក្នុង​តំបន់​មួយ​ចំនួន​សំខាន់​តំបន់​ដាច់​ស្រយាល​ប៉ុណ្ណោះ។ ជាក់​ស្តែង​ជំងឺ​គ្រុន​ឈាម​កើត​មាន​នៅ​ឃុំ​​មួយ​ក្នុង​ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ ​បណ្តាល​ឱ្យ​ក្មេង​២​នាក់​ស្លាប់។ ប្រឈម​មុខ​ស្ថាន​ភាព​នោះ ក្រសួង​សុខា​ភិបាល​បាន​បញ្ចុះ​មន្ត្រី​ជំនាញ​ទៅ​កាន់​តំបន់​នោះ ដើម្បី​ធ្វើ​ការ​អប់រំ​ណែនាំ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អំពី​ការ​ថែ​រក្សា​អនា​ម័យ​ រួម​ទាំង​ការ​ពិនិត្យ​ និង​ព្យាបាល​​ជូន​ដល់​អ្នក​ជំងឺ​ដល់​ទីកន្លែង​តែ​ម្តង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជ​បណ្ឌិត ង៉ាន់ ច័ន្ទថា បាន​អះ​អាង​ថា ក្រសួង​សុខា​ភិបាល និង​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធជំងឺ​គ្រុន​ចាញ់ ពិសេស​កម្ម​វិធី​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​ រួម​ជា​មួយ​បណ្តាញ​សុខា​ភិបាល​​ទូទាំង​​ប្រទេស​កំពុង​តែ​សហ​ការ​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់​ស្កាប់​ការ​​រីក​រាល​ដាល​នៃ​ជំងឺ​គ្រុន​ឈាម​យ៉ាង​សកម្ម​​បំផុត។ ប៉ុន្តែ​ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​នៃ​ជំងឺ​គ្រុន​ឈាម​នេះ កត្តា​សំខាន់​បំផុត​នោះ គឺ​ប្រជា​ពល​រដ្ឋ​តែ​ម្តង​ដែល​គាត់​ត្រូវ​អនុ​វត្ត​តាម​ការ​ណែនាំ​​ស្តីពី​ការ​ថែ​រក្សា​អនា​ម័យ និង​កម្ម​វិធី​ដាក់​ថ្នាំ​អាបែត​ក្នុង​ទឹក​ពាងជា​ប្រការ​សំខាន់​បំផុត៕