រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានប្រកាសនាមុននេះបន្តិចថា ទាំងនេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃ ដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា ។

អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា ៖ បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយនៅវេលាម៉ោង៩:០៩ នាទី គ្រឿងចក្រថៃបានបន្ដកាយដី ហើយនៅម៉ោង៩:៥០នាទី មានរថយន្ដថៃ០១គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាន និងលូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន ។

នៅវេលាម៉ោង១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀត បានមកឈូសឆាយ នៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន ។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា ។

ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ ពីដែនអធិបតេយ្យរបស់កម្ពុជា ។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាន និងកំពុងពិភាក្សាគ្នា ៕
ចែករំលែកព័តមាននេះ