ភ្នំពេញ៖ ករណីសង្ស័យឃាតកម្មសម្លាប់យុវជនជនជាតិចិនម្នាក់រួចដឹកសពទៅទម្លាក់ចោលនៅនៅតាមផ្លូវជាតិលេខ៣ មុខប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ កាលពីចុងខែកក្កដា កន្លងទៅនេះដឹងការពិតហើយ ។ តាមពិតមិនមែនជាអំពើឃាតកម្មនោះទេ គឺជាការចាប់បង្ខាំងរួចដឹកតាមរថយន្តដឹកទៅកាន់កន្លែងអនឡាញលើភ្នំបូកគោ ហើយជនរងគ្រោះ ក៏បានលោតចុះពីលើរថយន្តកំពុងបើកលឿន បណ្ដាលឲ្យបោកក្បាលស្លាប់ ។ ចំណែកជនសង្ស័យ២នាក់ ក៏ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ កាលពីថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ។ គួររំលឹកថា សង្ស័យឃា.តកម្មសម្លា.ប់ជនជាតិចិនម្នាក់ រួចដឹកស.ពទៅទម្លា.ក់ចោលមុខប៉ុស្តិ៍នគរបាល
នគរបាលបានប្រាប់ឲ្យដឹងថា ជនសង្ស័យខាងលើគឺជាជនជាតខ្មែរ ម្នាក់ឈ្មោះនៅ គីមហ៊ាច ភេទប្រុស អាយុ៤៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ សួង រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ ។ ដោយឡែកយុវជនជនជាតិចិនដែលស្លាប់បាត់បង់ជីវិតនោះឈ្មោះ WU YONG LONG អាយុ២៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EQ២០៨០៣៦៨ ហើយពុំត្រូវបានស្គាល់កន្លែងស្នាក់នៅនោះឡើយ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តទៀតថា តាមការសារភាពរបស់ជនសង្ស័យទាំង២នាក់ខាងលើ គឺពួកគេបានចាប់យុវជនរងគ្រោះពីចំណុចមុខអាកាសយាន្តអន្តរជាតិភ្នំពេញ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចដឹកតាមរថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2BS-5069 ក្នុងបំណងយកទៅកាន់កន្លែងអនឡាញលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ពួកគេបានចាប់ដកយកទូរស័ព្ទដៃពីជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបម្រាស់រួចនិងបើកទ្វាររថយន្តលោតចុះទាំងរថយន្តកំពុងបើកលឿន បណ្តាលឲ្យធ្លាក់បោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងទៅ ។
ទោះបីជាបែបណានៅមិនទាន់ដឹងអំពីព័ត៌មានលម្អិតថាតើហេតុអ្វីបានជនសង្ស័យ២នាក់នោះចាប់ជនរងគ្រោះទៅកន្លែងអនឡានដើម្បីអ្វី ហើយមានបញ្ជាពីជនណាផ្សេងទៀតដែរឬបែបណានៅឡើយទេ ពេលនេះនគរបាលកំពុងសាកសួជនសង្ស័យនៅឡើយ ។
សូមរម្លឹកថា សាកសពយុវជនរងគ្រោះខាងលើត្រូវបានបុរសអ្នករត់ម៉ូតូកង់បីម្នាក់ប្រទះឃើញដេកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ នៅលើចិញ្ចើមផ្លូវជាតិលេខ៣ ។ ត្រង់ចំណុចមុខសាលាបឋមសិក្សាទួលកី ហើយក៏ទល់មុខប៉ុស្តិ៍រដ្ឋបាលនគរបាលភ្លើងឆេះរទេះផងដែរ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ខណៈនោះនគរបាលបានចុះទៅពិនិត្យមើលភ្លាមៗ ហើយបានប្រទះឃើញកាបូបស្ពាយពណ៍ប្រផេះ១នៅក្បែរខ្លួនសព ដែលនៅក្នុងកាបូបនោះ លិខិតឆ្លងដែន ,ទូរស័ព្ទដៃម៉ាកIphone14 pro max១គ្រឿង និងកាតធនាគារATM១សន្លឹក ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា តាមរយៈការត្រួតពិនិត្យទៅលើលិខិតឆ្លងដែននោះ ទើបអាចស្គាល់អត្តសញ្ញាជនរងគ្រោះ ហើយបានដឹងថាជនរងគ្រោះរូបនោះ ទើបតែចូលមកដល់ប្រទេសកម្ពុជានិងចុះពីយន្តហោះនាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះប៉ុណ្ណោះ ។ បន្ទាប់មកនគរបាលបានឆែកមើលកាមេរ៉ាសុវត្ថិភាពហើយបានឃើញជនរងគ្រោះធ្លាក់ពីលើរថយន្ត១គ្រឿងទើបសង្ស័យជាអំពើឃាតកម្មសម្លាប់រួចដឹកសពតាមរថយន្តយកទៅទម្លាក់ចោលនៅចំណុចខាងលើ ហើយតាមរយៈការការពិនិត្យលើរាងកាយសពឃើញមានស្នាមរបួសបែកក្បាលពីក្រោយ របួសលើស្មានិងខ្នង ។
សមត្ថកិច្ចខាងលើបានឲ្យដឹងបន្ថែមថា ក្រោយពេលកើតហេតកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើជាបន្តបន្ទាប់ រួចនាំយកទៅធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ។ ក្រោយពេលសួរនាំទើបបានដឹងថា នេះពុំមែនជាអំពើឃាតកម្មនោះទេ ការពិតជាករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស បណ្តាលឲ្យមានមនុស្សស្លាប់ដោយគ្មានបំណងនិងធ្វើឲ្យស្លាប់ (ជនរងគ្រោះលោតពីលើរថយន្តស្លាប់) ៕យន់ សុីថា




អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ