ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តទទួលស្វាគមន៍ពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ព្រឹក​នេះ កម្ពុជា​នៅ​តែ​បន្ត​ទទួល​ស្វាគមន៍​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ។ បើ​តាម​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ព្រឹក​នេះ កម្ពុជា​នៅ​តែ​បន្ត​ទទួល​ស្វាគមន៍​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ។

បើ​តាម​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​សរសេរ​រៀបរាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០២៥​នេះ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក​ជំទាវ ម៉េ​ត រ៉ា​វី​ចិត្រ សុខ លូ បាន​អញ្ជើញ​ទទួល​ស្វាគមន៍ និង​ជួយ​សម្របសម្រួល​បងប្អូន​ពលករ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ។

ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ និង​លោក​ជំទាវ បាន​អញ្ជើញ​សំណេះសំណាល សួរសុខទុក្ខ និង​ផ្ដល់​អាហារ​សម្រន់​ជូន​ដល់​ពលករ​ផង​ដែរ ។ ពលករ​ខ្មែរ​ដែល​បាន​មក​ដល់​ស្រុក​កំណើត​វិញ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​សូម​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​ដើម្បី​សុវត្ថិភាព ។

បងប្អូន​ពលករ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់​ការ​យកចិត្តទុកដាក់​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាព​កក់ក្ដៅ និង​ដឹក​ជញ្ជូន​ពួក​គាត់​ទៅ​កាន់​ស្រុក​កំណើត​វិញ​ដោយ​សុវត្ថិភាព ។

ជា​បន្តបន្ទាប់ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ កងកម្លាំង និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​បង្ក​លក្ខណៈ​ងាយស្រួល​និង​ជួយ​សម្របសម្រួល​ដំណើរ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​។

សូម​ជម្រាប​ថា ការ​វិល​ត្រឡប់​របស់​បងប្អូន​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់ បាន​ទទួល​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សម្ដេច​បាន​ផ្ដល់​រថយន្ត​ជា​ច្រើន​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ប្រជា​ពលករ​ទៅ​ដល់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​វិញ​ជា​បន្តបន្ទាប់​ប្រកបដោយ​សុខ​សុវត្ថិភាព​។

រដ្ឋបាល​ខេត្តបាត់ដំបង មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រុម​គ្រូពេទ្យ យុវជន អាជ្ញាធរ និង​កងកម្លាំង​របស់​កម្ពុជា​បាន​ជួយ​សម្របសម្រួល​ជញ្ជូន​អីវ៉ាន់ ការ​រៀបចំ​សណ្ដាប់ធ្នាប់ ការ​ពិនិត្យ​ព្យាបាល​បឋម ការ​រៀបចំ​មណ្ឌល​សំចត ផ្ដល់​អាហារ​សម្រន់ និង​ការ​ប្រឹក្សា​ផ្សេង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ