សហរដ្ឋអាមេរិក ៖ ក្នុងវិធានការថ្មីមួយទៀត សំដៅពង្រឹងការត្រួតពិនិត្យអន្តោប្រវេសន៍ អាជ្ញាធរអាមេរិក នាពេលឆាប់ៗខាងមុខ ទាមទារឲ្យមានការបង់ប្រាក់ធានា១៥.០០០ដុល្លារ ពីសំណាក់អ្នកស្នើសុំទិដ្ឋាការមួយចំនួន។
គម្រោងពិសេសនោះ ត្រូវបានលើកឡើងកាលពីថ្ងៃទី៤ សីហា ដោយក្រសួងការបរទេសអាមេរិក ហើយត្រូវផ្សព្វផ្សាយនាថ្ងៃទី៥ សីហា មុនចូលជាធរមានគ្រោង១៥ថ្ងៃខាងមុខទៀត ។
វិធានការបណ្ដោះអាសន្ននោះ ដែលមានរយៈពេល១២ខែ គឺសម្រាប់ជនជាតិរបស់បណ្ដាប្រទេសដែលចាត់ទុកថា មានអត្រាខ្ពស់នៃការស្នាក់នៅយូរហួសកាលកំណត់អនុញ្ញាត ដែលប្រព័ន្ធត្រួតពិនិត្យត្រូវបានអាជ្ញាធរកុងស៊ុលយល់ថា មិនគ្រប់គ្រាន់។ វិធានការនោះទាក់ទិននឹងទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការសម្រាប់ការធ្វើដំណើរចេញចូលរកស៊ី។
នៅមិនទាន់មានបញ្ជីឈ្មោះប្រទេសដែលទាក់ទិននឹងវិធានការនោះនៅឡើយ។ យោងតាមតួលេខចេញផ្សាយដោយអាជ្ញាធរថា ក្នុងឆ្នាំ២០២៣មានការបំពានលើការស្នាក់នៅលើសកាលកំណត់ទិដ្ឋាការដល់ទៅមនុស្សប្រមាណជា៥០០.០០០នាក់៕
ចែករំលែកព័តមាននេះ