- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសយើងបានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យស្លា.ប់ជាមធ្យម៤ ទៅ៥នាក់ និងរបួសជាង១០នាក់ក្នុងមួយថ្ងៃៗ ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតលើអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូ ។…
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសយើងបានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យស្លា.ប់ជាមធ្យម៤ ទៅ៥នាក់ និងរបួសជាង១០នាក់ក្នុងមួយថ្ងៃៗ ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតលើអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូ ។…
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសយើងបានកើតឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យស្លា.ប់ជាមធ្យម៤ ទៅ៥នាក់ និងរបួសជាង១០នាក់ក្នុងមួយថ្ងៃៗ ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតលើអ្នកបើកបរ និងធ្វើដំណើរតាមម៉ូតូ ។ មូលហេតុស្ទើរតែទាំងអស់បង្កឡើងដោយមនុស្ស គឺជាអ្នកបើកបរតែម្តង ។ ដូច្នេះយើងត្រូវដោះស្រាយ កត្តាមនុស្សនេះជាមុនតាមរយៈការអប់រំ ការពិន័យ និងដាក់ទណ្ឌកម្មតាមច្បាប់កំណត់ ។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា ក្នុងរយៈពេលមួយសប្ដាហ៍នៅដើមឆ្នាំ២០២៤ គិតពីថ្ងៃទី១ មករា ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន៧៥លើក បណ្ដាលឲ្យស្លា.ប់៣១នាក់ និងរងរបួស១០១នាក់ ។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ នៅថ្ងៃទី១ ខែមករា ដែលជាថ្ងៃឈប់សម្រាក និងចូលឆ្នាំសកលដែលគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរហូតដល់១៨លើក បណ្តាលឱ្យស្លា.ប់៩នាក់ និងរបួស២៤នាក់ ។
ចំណែកមូលហេតុ ដែលនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ត្រូវបានប៉ូលិសកត់ត្រាថា បង្កឡើងដោយសារតែកត្តាមនុស្ស គឺអ្នកប្រើប្រាស់យានយន្តដែលបានបើកបរលឿន មិនគោរពសិទ្ធិប្រជែងគ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ។
មិនខុសពីឆ្នាំ២០២៣ នោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាយើងនៅតែជាប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាស់ម៉ូតូតែម្ដង គឺជួបគ្រោះថ្នាក់ច្រើនជាងគេដដែល ។ ជាទិសដៅអាទិភាព ក្រសួងមហាផ្ទៃបានដាក់បញ្ហាចរាចរណ៍ជាទិសដៅអាទិភាពក្នុងចំណោមទិសដៅអាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិទី៧នេះ ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ។
អ្នកនាំពាក្យរងរូបនេះ បានទទួលស្គាល់ថា ចំនួនអ្នកស្លា.ប់ និងរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលក្នុងនោះបណ្ដាលមកពីការបើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ មិនយោគយល់គ្នាលើដងផ្លូវ ។ ជារួមគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាយើងកើតឡើងដោយសារតែកង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ជាដើម ។ល។ ដែលទាមទារឱ្យមានការចូលរួមព្រមគ្នា ដើម្បីដោះស្រាយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០២៣ នៅកម្ពុជាបានកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២ ដែលវានៅតែបង្កក្តីព្រួយបារម្ភនៅក្នុងសង្គម និងធ្វើឱ្យកម្ពុជា ខាតបង់សេដ្ឋកិច្ចជាង៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ។
របាយការណ៍ដដែលបង្ហាញថា ឆ្នាំ២០២៣ នៅកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសជាង៣០០០ករណី ដែលកើនឡើង១១% បើធៀបនឹងឆ្នាំ២០២២ ដែលមានប្រមាណ២៩៧០ករណី ។ ក្នុងឆ្នាំ២០២៣ ចំនួនអ្នកស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១៥០០នាក់ ដែលថយចុះ ៧%។ ចំណែកអ្នករងរបួសធ្ងន់មានជាង២៧០០នាក់ ដែលកើនឡើង ៧%។ អ្នករងរបួសស្រាលមានជាង១៧០០នាក់ ដែលកើនឡើង២១% ។ ក្នុងឆ្នាំ ២០២៣ ជាមធ្យម ក្នុងមួយថ្ងៃមនុស្សយ៉ាងតិច៥នាក់ស្លា.ប់ និងជាង១០នាក់ រងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ។ មូលហេតុដែលបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍ នៅតែបន្ដកើតមាននៅកម្ពុជាយើង ដោយសារតែប្រជាពលរដ្ឋបើកបរលឿន មិនគោរពសិទ្ធិ បត់ជែងមិនប្រុងប្រយ័ត្ន និងជិះបញ្ច្រាសទិសផ្លូវជាដើម ។ ក្រៅពីកត្តាមនុស្សក៏មានកត្តាយានយន្ដ និងកត្តាផ្លូវ រួមផ្សំគ្នាផងដែរ ។
អ្នកជំនាញ កត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើតឡើងដោយសារកត្តាមនុស្សច្រើនជាងគេ គឺរហូតដល់៩៦% ទៅ៩៧% ដោយក្នុងនោះពាក់ព័ន្ធនឹងឥរិយាបថរបស់ប្រជាពលរដ្ឋដូចជា ការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការប្រើប្រាស់ថ្នាំ ឬការបើកបរដោយអាការៈអស់កម្លាំង ការបត់ជែងយានយន្តធ្វេសប្រហែសជាដើម ។ ក្នុងនោះ ការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងទូលំទូលាយ នាពេលបច្ចុប្បន្ននេះ ក៏ជាឫសគល់ចម្បង ដែលធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ ។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាយើង ទាំងពលរដ្ឋ ទាំងសាលារៀន ទាំងអាជ្ញាធរ និងក្រសួងពាក់ព័ន្ធនានាត្រូវតែយកចិត្តទុកដាក់ និងដោះស្រាយរួមគ្នាព្រោះថា ពលរដ្ឋមួយចំនួនមិនទទួលស្គាល់ថា ខ្លួនខ្វះខាតចំណេះដឹងពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវ និងច្បាប់ចរាចរណ៍នោះទេ ។
ក្នុងនោះ ការបញ្ចូលមេរៀនចរាចរណ៍នៅតាមសាលារៀន ក៏ជាជ្រុងមួយ ដែលអាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ មេរៀនចរាចរណ៍ដាក់បញ្ចូលតាំងពីថ្នាក់មតេយ្យ បឋមសិក្សា រហូតដល់ចប់ថ្នាក់វិទ្យាល័យ ។ សព្វថ្ងៃ សិស្សសាលា ចាប់ពីថ្នាក់បឋមមួយចំនួនបានបើកបរម៉ូតូដោយខ្លួនឯង ទាំងមិនដឹងពីស្លាកសញ្ញាចរាចរណ៍ពីច្បាប់ចរាចរណ៍ និងមិនទាំងស្គាល់ផ្លូវផង ។
ប្រជាជនមួយចំនួន ពិសេសយុវជនជាច្រើនផងមិនទាំងស្គាល់ច្បាប់ចរាចរណ៍ និងទាំងស្គាល់ស្លាកសញ្ញាចរាចរណ៍ឡើយ ។ សូម្បីតែនិស្សិតមហាវិទ្យាល័យខ្លះ ក៏មិនដឹងពីស្លាកសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ដែលពេលណា ត្រូវដើរឆ្លងផ្លូវ?ហើយត្រូវដើរលើគំនូសកាត់ទទឹងផ្លូវសម្រាប់ថ្មើរជើងនោះទេ។
ចំណែកប្រជាពលរដ្ឋសាមញ្ញវិញ ក៏ដឹងតែជិះម៉ូតូត្រឹមតែមួលហ្គែ កាច់ចង្កូតប៉ុណ្ណោះ ។ កុំថាឡើយត្រូវពាក់មួកសុវត្ថិភាព ដើម្បីការពារក្បាលនោះ គឺពេលបត់ត្រូវស៊ីញ៉ូមុន ហើយមើលឆ្វេងស្តាំ ក៏មិនទាំងងាកមើល ឬក៏មើលកញ្ចក់មើលក្រោយផង ។ នេះហើយជាមូលហេតុដែលអ្នកបើកបរមួយចំនួនមិនចូលរៀនបើកបរឱ្យបានត្រឹមត្រូវ ហើយសប្បាយនឹងការលើកលែងមិនឱ្យមានបណ្ណបើកបរសម្រាប់អ្នកបើកបរម៉ូតូកម្លាំងក្រោម១២៥CC។ ដូច្នេះយើងបន្តអង្គុយបក់ផ្សែង គឺរាប់តួលេខនៃគ្រោះថ្នាក់ចរាចរណ៍រៀងរាល់ថ្ងៃ ហើយក្រសួង និងមន្ត្រីជំនាញ នៅតែបន្តស្រែកអំពាវនាវរៀងរាល់ថ្ងៃ ។
ជាសរុបទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺយើងម្នាក់ៗត្រូវចូលរួម ពិសេសអ្នកបើកបរយានយន្តផ្ទាល់ ។ កូនៗ ត្រូវគ្រប់អាយុ១៨ឆ្នាំ ហើយឆ្លងកាត់ការរៀនបើកបរនៅសាលាត្រឹមត្រូវមិនថា ឡាន ឬម៉ូតូនោះទេ ។ រៀនបើកបរចប់ត្រូវចូលប្រឡងដោយសមត្ថភាព ដើម្បីបានបណ្ណបើកបរមិនមែនបង់លុយសម្រាប់ទទួលបានបណ្ណបើកបរនោះទេ ។
ច្បាប់ចរាចរណ៍ ក៏ត្រូវកែលើចំណុចដាក់ទោសចំពោះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លា.ប់មនុស្ស ។ នោះគឺមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោកសព្វថ្ងៃបានចែងថា «ជនណា ដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញតិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យស្លា.ប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ពិន័យជាប្រាក់ពី៤០០០០០០ (បួនលាន)រៀល ទៅ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល»។
ដូច្នេះត្រូវកែត្រង់មាត្រា ៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ដោយកំណត់ទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ហើយពិន័យជាប្រាក់ឱ្យច្រើន ។ ក្រៅពីនោះ ត្រូវអនុវត្តឱ្យបានដូចការប្រកាសរបស់នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ កាលពីពេលថ្មីៗនេះ គឺករណីបើកបរឡានម៉ូតូ បុកមនុស្សស្លា.ប់ មិនអាចបង់លុយដល់ជនរងគ្រោះហើយ រួចខ្លួននោះទេ ។ ពោល គឺសំណងត្រូវតែសងហើយ តែក៏ត្រូវជាប់ពន្ធនាគារតាមច្បាប់កំណត់ ។ បើប៉ូលិស និងតុលាការ ហ៊ានដោះលែងអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបុកមនុស្សស្លា.ប់ គឺត្រូវចាប់ប៉ូលិស និងមន្ត្រីតុលាការ ព្រះរាជអាជ្ញា និងចៅក្រមនោះ មកកាត់ទោសដាក់ពន្ធនាគារជំនួសជនល្មើសវិញ ។
តទៅថ្ងៃមុខ សង្ឃឹមថា មន្ត្រីជំនាញយើង មើលឃើញពីចំណុចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយមិនអង្គុយបក់ផ្សែង រាប់តែតួលេខ ហើយស្រែកអំពាវនាវដូចកន្លងមកទៀតទេ ។ គ្មានអ្វីយើងធ្វើមិនបានទេឱ្យតែយើងធ្វើ។ អ្វីដែលធ្វើមិនបាន ដោយសារតែយើងមិនបានធ្វើប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ