អ្នកលក់ទុរេនទាំងអនឡាញ និងលក់ផ្ទាល់នៅផ្សារ ឬនៅតាមផ្លូវបានកំពុងតែរីកព្រោងព្រាតរហូតដល់បង្កបាតុភាពសណ្តាប់ធ្នាប់ សមត្ថកិច្ចចុះណែនាំ និងព្រមាន ។ ប៉ុន្តែក៏ស្រាប់តែ មានសហគមន៍មួយចេញមកប្រកាសបង្កក្តីមន្ទិលអំពីប្រភពនៃទុរេននៅលើទីផ្សារទាំងនេះជាថ្មីម្តងទៀត ។ ទុរេនដែលកំពុងតែលក់ព្រោងព្រាត…
អ្នកលក់ទុរេនទាំងអនឡាញ និងលក់ផ្ទាល់នៅផ្សារ ឬនៅតាមផ្លូវបានកំពុងតែរីកព្រោងព្រាតរហូតដល់បង្កបាតុភាពសណ្តាប់ធ្នាប់ សមត្ថកិច្ចចុះណែនាំ និងព្រមាន ។ ប៉ុន្តែក៏ស្រាប់តែ មានសហគមន៍មួយចេញមកប្រកាសបង្កក្តីមន្ទិលអំពីប្រភពនៃទុរេននៅលើទីផ្សារទាំងនេះជាថ្មីម្តងទៀត ។
ទុរេនដែលកំពុងតែលក់ព្រោងព្រាត ហើយកន្លែងដែលមានបាតុភាពរហូតអាជ្ញាធរចុះអប់រំនោះ គឺនៅកំណាត់វិថីព្រះសីហនុ នៅក្នុងរដ្ឋបាលដែនដីគ្រប់គ្រងដោយអាជ្ញាធរខណ្ឌ៧មករា ។

ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់ខាងអាជ្ញាធរខណ្ឌនេះក៏បានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អាជីវកលក់ទុរេនទាំងនោះ ដោយទុកពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់០៩ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃកំណត់ ឲ្យបញ្ឈប់ការធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យបង្កភាពរញ៉េរញ៉ៃធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភ័ណភាព ប៉ុន្តែមិនបានបញ្ជាក់អំពីបញ្ហាគុណភាពឫប្រភពនៃទុរេន ដែលកំពុងតែជន់ឡើងនៅលើទីផ្សារជាបន្តបន្ទាប់នោះនៅឡើយទេ ។
ក្រៅពីទីនោះមកដល់ពេលនេះ ទុរេនត្រូវបានលក់ព្រោងព្រាតពេញរាជធានីតែម្តង កន្លែងខ្លះលក់ជារទេះ កន្លែងខ្លះពលរដ្ឋបើករថយន្តទំនើបៗដឹកលក់ ដោយភាគច្រើនសុទ្ធតែបញ្ជាក់ថា ជាទុរេននៅក្នុង ស្រុក មិនមែនជាទុរេននាំចូលនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការផ្ទុះកំណើនអ្នកចេញលក់ផ្លែឈើប្រចាំរដូវនេះក៏មានប្រភពមួយចេញប្រកាសដែលនាំឲ្យមានការសង្ស័យលើប្រភពនៃទុរេនទាំងនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះ សហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ នៅខាងខេត្តកំពង់ចាម ដែលគេល្បីថា គឺជាសហគមន៍ដែលអាចផ្គត់ផ្គង់ទុរេនស្រស់មួយ ចំណែកនៅក្នុងទីផ្សារនៅក្នុងស្រុកបានចេញ ប្រកាសមួយ ពញាក់អ្នកហូប និងអ្នកលក់ ក៏ដូចជា អាជ្ញាធរឲ្យយកចិត្តទុកដាក់លើប្រភពនៃទុរេនដែលកំពុងតែលក់ពីព្រោះមានសេចក្តីរាយការណ៍នៅលើបណ្តាញសង្គមដោយដាក់ការសង្ស័យទៅលើទុរេនវៀតណាម ដែលកំពុងតែត្រូវបានអាជ្ញាធរចិនមិនអនុញ្ញាតឲ្យនាំចូលទីផ្សារគេដោយសារតែក្តីបារម្ភអំពីបញ្ហាភូតគាមអនាម័យ ជាពិសេស គឺពាក់ព័ន្ធនឹងការរកឃើញសារធាតុគីមី ។
សហគមន៍នេះ បានចេញសេចក្តីជូនដំណឹងជាលិខិតដោយចំហរមួយ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ថា ដោយសង្កេតឃើញថា នាពេលកន្លងមកមានចរន្តលក់ដូរទុរេនមួយចំនួននៅតាមបណ្តាខេត្ត ក្រុង រាជធានី ខេត្តបានផ្សព្វផ្សាយលក់ដោយអះអាងថា ជាទុរេនបែកអន្លូងយ៉ាងកក្រើកទៅដល់ពលរដ្ឋទូទៅជាពិសេស គឺតាមបណ្តាញសង្គមវាអាចធ្វើឲ្យប៉ះពាល់ដល់កសិករដាំទុរេននៅទឹកដីបែកអន្លូងទាំងមូល ។
សហគមន៍ដដែលបានអះអាងថា ទុរេនទាំងនោះមិនមានប្រភពពិតប្រាកដ ឫអាចជាទុរេននាំចូលពីប្រទេសជិតខាងដែលចិនមិនអនុញ្ញាតិឲ្យនាំចូលដោយសារតែការព្រួយបារម្ភអំពីផលប៉ះពាល់សុខភាព អ្នកបរិភោគ ។
ប្រភពដដែលបានបន្តទៀតថា មកដល់ថ្ងៃដែលខ្លួនជូនដំណឹង ទុរេនបែកអន្លូង គឺមិនទាន់ដល់ពេលកាត់ប្រមូលផលបាននៅឡើយទេ ចំពោះពូជទុរេនមាន់ថង ហើយករណីទុរេនមាន់ថងដែលអាចកាត់បាន គឺមានបរិមាណតិចតួចបំផុតដែលមិនអាចដាក់លក់យ៉ាងច្រើនរាប់តោនដូចបច្ចុប្បន្នឡើយ ។ សហគមន៍នេះ ក៏បានជូនដំណឹងដល់អ្នកដែលនិយមបរិភោគទុរេនពីបែកអន្លូងជ្រើសរើសទិញដោយពិចារណា ដើម្បីសុខមាលភាពខ្លួនឯង ។
ការជូនដំណឹងនេះ គឺវាកើតឡើងក្រោយពេលដែលបណ្តាញសង្គមបានចែករំលែកព្រោងព្រាតអំពីបញ្ហាទុរេនវៀតណាមជន់នៅលើទីផ្សារដោយសារតែអាជ្ញាធរចិនហាមឃាត់ ហើយទុរេននៅវៀតណាម ធ្លាក់តម្លៃ ។ ដោយឡែកកាសែតផ្លូវការមួយរបស់វៀតណាម VN Express បានរាយការណ៍ថា ទុរេនពិតជាធ្លាក់ថ្លៃមែន ដោយសារតែចិនរិតបន្តឹងការត្រួតពិនិត្យលើការនាំចូលទុរេន ក្រោយពេលដែលអ្នកនាំចេញទុរេនទៅចិនកាន់តែសម្បូរ ។
កាសែតនេះបានរាយការណ៍ថា តម្លៃទុរេនវៀតណាម កំពុងតែជននៅលើទីផ្សារដោយមួយគីឡូក្រាមថ្លៃត្រឹមពី ១,៣៥ ទៅ ២,៦៩ ដុល្លារប៉ុណ្ណោះ ពោល គឺធ្លាក់ចុះ ៣០ ភាគរយ ឯណោះ ។ កាសែតនេះមិនបានផ្សាយថា ទុរេនវៀតណាម មានផ្ទុកសារធាតុគីមីនោះទេ គឺគ្រាន់តែថា ទុរេនវៀតណាមត្រូវតម្រូវដោយអាជ្ញាធរចិន ដាក់ចត្តាឡីស័ក និងពិនិត្យតឹងរ៉ឹង ដើម្បីពិនិត្យរកសារធាតុ អូរ៉ាមីន ០ ( Auramine O) ដែលជាសារធាតុគឺមីម្យ៉ាងគេប្រើប្រាស់នៅក្នុងការធ្វើចម្ការ តែត្រូវជាប់បម្រាមដោយសារតែវាអាចបង្ករជាជំងឺមហារីក ។
នៅពេលដែលទទួលព័ត៌មានទាំងនេះហើយ អ្នកដែលឃ្លានទុរេន មុននឹងសម្រេចចិត្តទិញគួរតែសួររកប្រភពឲ្យច្បាស់លាស់ ហើយអ្នកលក់ក៏ត្រូវតែស្មោះត្រង់ កុំភូតកុំភរកុំបន្លែកុំបន្លំ ព្រោះតែចង់ចំណេញជ្រុលយកទុរេន ដែលចាល់ពីស្រុកគេយកមកលក់ឲ្យពលរដ្ឋឯងនៅក្នុងស្រុក ។
ក្រៅពីនោះអាជ្ញាធរជំនាញ គួរតែសិក្សាស្រាវជ្រាវហើយ ដើម្បីពិនិត្យមើលថា តើទុរេនទាំងនោះមានប្រភពពីណា ហើយទុរេនដែលមាននៅលើទីផ្សារ តើវាមានសារធាតុដែលអាចបង្ករជំងឺមហារីកមែន ឫអត់ ។ កុំអោបដៃ បណ្តែតបណ្តោយឲ្យពលរដ្ឋរងគ្រោះ ពីព្រោះនៅពេលនេះក្រសួងសុខាភិបាលបាន បង្ហាញហើយជំងឺមហារីកនៅក្នុងមួយឆ្នាំមានអ្នកកើតប្រមាណជា២ម៉ឺននាក់ និងអ្នកស្លា.ប់ប្រមាណជា ១៤.០០០ នាក់ឯណោះ ៕
ចែករំលែកព័តមាននេះ