ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និទស្សន៍​ពាណិជ្ជកម្ម​ដែល​កម្ពុជា​អាច​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា អាច​សម្រេច​រហូត​ដល់​ទៅ​២៥,៥ ពាន់​លាន​ដុល្លារ ដែល​ជា​សមិទ្ធផល​សេដ្ឋកិច្ច​ដ៏​ធំ​ដែល​កម្ពុជា​អាច​សម្រេច​បាន​។ ដូច្នេះ​ប្រសិនបើ កម្ពុជា​អាច​បន្ត​ហែល​ព្យុះ​ភ្លៀង​នៃ​បញ្ហា​ក្តៅ​ៗ​នានា​បាន​នោះ កម្ពុជា​ពិតជា​អាច​នឹង​ក្លាយទៅជា​ខ្លា​នៃ​សេដ្ឋកិច្ច​មួយ​នៅ​ក្នុង​តំបន់ ។ ឈាន​ចូល​ដល់​ឆ្នាំ​២០២៥​នេះ ពិភពលោក​ពិតជា​បាន​ឆ្លងកាត់​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន…

និទស្សន៍​ពាណិជ្ជកម្ម​ដែល​កម្ពុជា​អាច​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០២៥​កន្លង​ទៅ​នេះ​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា អាច​សម្រេច​រហូត​ដល់​ទៅ​២៥,៥ ពាន់​លាន​ដុល្លារ ដែល​ជា​សមិទ្ធផល​សេដ្ឋកិច្ច​ដ៏​ធំ​ដែល​កម្ពុជា​អាច​សម្រេច​បាន​។ ដូច្នេះ​ប្រសិនបើ កម្ពុជា​អាច​បន្ត​ហែល​ព្យុះ​ភ្លៀង​នៃ​បញ្ហា​ក្តៅ​ៗ​នានា​បាន​នោះ កម្ពុជា​ពិតជា​អាច​នឹង​ក្លាយទៅជា​ខ្លា​នៃ​សេដ្ឋកិច្ច​មួយ​នៅ​ក្នុង​តំបន់ ។

ឈាន​ចូល​ដល់​ឆ្នាំ​២០២៥​នេះ ពិភពលោក​ពិតជា​បាន​ឆ្លងកាត់​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន ដែល​រួម​មាន​ផល​ប៉ះពាល់​នៃ​សំណល់​ដោយ​ការ​រីក​រាលដាល​ដោយ​មេរោគ​កូ​វី​ដ​១៩ ការ​អូស​បន្លាយ​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ ហើយ​អ្វី​ដែល​ថ្មី​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ជុំ​ថ្មី​រវាង​សហរដ្ឋអាមេរិក​និង​ចិន បញ្ហា​របាំង​នៃ​គំនាប​ពន្ធ​បដិការ​របស់​សហរដ្ឋអាមេរិក​មក​លើ​ពិភពលោក​ជា​ពិសេស​គឺ ទីផ្សារ​សំខាន់​ៗ​របស់​កម្ពុជា និង សង្គ្រាម​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ដែល​ជា​រដ្ឋ​មាន​អាវុធ​នុយក្លេអ៊ែរ​។

នៅ​ក្នុង​បរិបទ​នេះ ពាណិជ្ជកម្ម​កម្ពុជា​ឃើញ​ថា គឺ​អាច​សម្រប​ហើយ​បន្សាំ​ខ្លួន​បាន​យ៉ាង​ប្រសើរ​បំផុត​ដោយ​មិន​ត្រឹមតែ​រក្សា​ជញ្ជីងពាណិជ្ជកម្ម​មិន​អោយ​ធ្លាក់​ចុះ​ទេ គឺ​អាច​សម្រេច​បាន​នូវ​កំណើន​គួរ​ជាទី​មោ​ទ​នៈ​ផង​ដែរ ។

យោង​តាម​ស្ថិតិ​ដែល​ទទួល​បាន​ពី​ក្រសួងពាណិជ្ជកម្ម​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​បានឱ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​ជាមួយនឹង​បណ្តា​ប្រទេស​នានា គឺ​អាច​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម សរុប ២៥,៥០ ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ ។
ទំហំ​ពាណិជ្ជកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សម្រេច​បាន​នូវ​កំណើន​ប្រមាណ​ជា​១៨ ភាគរយ ធៀប​នឹង​២១,៦១​ពាន់​លាន​ដុល្លារ​ដែល​កម្ពុជា​អាច​សម្រេច​បាន​កាលពី​អំឡុង​រយៈពេល​ដដែល​កាលពី​ឆ្នាំ ២០២៤​កន្លង​ទៅ ។

ការ​នាំ​ចេញ​សម្រេច​បាន​លទ្ធផល​សរុប​ប្រមាណ​ជា​ជាង​១២ ពាន់​លាន​ដុល្លារ ហើយ​នាំ​ចូល​ប្រមាណ​ជា ១៣,៤៨ ពាន់​លាន​ដុល្លារ​។ ការ​នាំ​ចេញពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៥​នេះ​មាន​កំណើន​ប្រមាណ​ជា​ជិត ១៨ ភាគរយ​ដែរ ហើយ​ការ​នាំ​ចូល​មក​វិញ​គឺំ​មាន​កំណើន​ជាង ១៨ ភាគរយ ។
ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​កម្ពុជា​គឺ បណ្តា​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ដែល​មាន​សមាជិក​១៥​ប្រទេស សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ជាដើម ។

នេះ​គឺជា​អ្វី​ដែល​កម្ពុជា​អាច​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​៥​ខែ​កន្លង​ទៅ ហើយ​ក្រៅពី​បញ្ហា​ជា​ប្រពៃណី​ដែល​រៀបរាប់​ខាងលើ ផល​ប៉ះពាល់​នៃ​សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល​និង​អ៊ី​រ៉​ង់​ដ៏​ក្តៅ​គគុក​នៅ​ម​ជ្ឈឹ​ម​បូព៌ា ការ​អនុគ្រោះ​ពន្ធ​បដិកា​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា បូក​ផ្សំ​និង​បញ្ហា​តានតឹង​នៅ​ព្រំដែន ដែល​នាំ​អោយ​មានការ​រអាក់រអួល​ចរន្ត​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ ថ្មី​ៗ​នេះ ក៏​ជា​បញ្ហា ប្រឈម​ថ្មី​ដែល​នឹង​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​លើកកម្ពស់ ការ​យកចិត្តទុកដាក់​ដើម្បី​រក្សា​លំហូរ​ពាណិជ្ជកម្ម​បន្ត​ផង​ដែរ ។

អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ចុងខែ​ឧសភា និង ពាក់កណ្តាល​ខែមិថុនា ហើយនឹង​កើតឡើង​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​២​នៃ​ខែកក្កដា​ខាង​មុខ វា​គឺជា​សុទ្ធតែ​ជា​ការ​ប្រឈម​ថ្មី ដែល​ត្រូវ​តែ​កម្ពុជា​ហែល​ឆ្លង ប៉ុន្តែ​គេ​ជឿជាក់​ថា កត្តារួម​ផ្សំ​ដទៃ​ទៀត​អាច​បន្ត​ឲ្យ​កម្ពុជា ហែល​ឆ្លង​បញ្ហា​នៅ​ពេល​ខាង​មុខ​បាន ។
កត្តា​ទាំងនោះ​ត្រូវ​បាន​គេ​លើក​ឡើង​ថា ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា បាន​ក្លាយជា​កត្តា​ជំរុញ​ដ៏​សំខាន់​ក្នុង​ការ​ទាក់ទាញ​ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស និង​ក្នុងស្រុក​។ លំហូរ​ចូល​នេះ​បាន​រួមចំណែក​ដល់​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​ការ​នាំ​ចេញ​ផលិត និង​កែ​ច្នៃ​របស់​ប្រទេស​ទៅ​កាន់​ទីផ្សារ​ផ្សេង​ៗ​ទូលំទូលាយ​។

ក្រៅពី​នោះ​ការទូត​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ដ៏​សកម្ម​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​បន្តវេន​បាន​កំពុង​តែ​ជំរុញ​ទំនាក់ទំនង​យ៉ាង​រឹង​មាំ​ជាមួយ​ដៃគូ​អន្តរជាតិ និង​កំពុង​បង្កើត​ចំណាប់អារម្មណ៍​ជា​វិជ្ជមាន ដល់​កម្ពុជា​។

នៅ​ពេល​នេះ ក្រៅពី​បន្ត​រក​ទីផ្សារ​នាំ​ចេញ​ផលិតផល​ជា​វត្ថុធាតុដើម កម្ពុជា​ក៏​កំពុង​តែ​បង្កើន​សន្ទុះ​និង​ការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នៅ​ក្នុង​ការ​កៃ​ច្នៃ​និង​វេច​ខ្ចប់​ផលិតផល​នៅ​ក្នុងស្រុក​ដើម្បី​បង្កើន តម្លៃបន្ថែម​ដល់​ការ​នាំ​ចេញ ឧទាហរណ៍​ដូច​ជា​ការ​កែ​ច្នៃ​គ្រាប់ស្វាយចន្ទី ការ​បង្កើត​រោងចក្រ​ផលិត​សំបក​កង់ ដែល​ប្រើប្រាស់​វត្ថុធាតុដើម​នៅ​ក្នុងស្រុក ។​ល​។

សរុប​ទៅ​ជាមួយនឹង​ការ​កើនឡើង​នូវ​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​និង​នៅ​ក្នុងស្រុក​ដែល​មាន​ស្រាប់ បូក​ផ្សំ​នឹង​បរិយាកាស​នយោបាយ​ប្រកបដោយ​ស្ថេ​រ​ភាព និង ការ​ទទួល​ការ​កញ្ចប់​លើក​ទឹក ចិត្ត​ផ្សេង​ៗ ដែល អំណោយផល​ដល់​ការ​ស្វែងរក​ប្រាក់​ចំណេញ ប្រទេស​កម្ពុជា​ពិតជា​នឹង​បន្ត​រក្សា​បាន​នូវ​ទីតាំង​ល្អ​ក្នុង​ការ​ពង្រឹង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដែល​កំពុង​រីក​ចម្រើន​នៅ​ក្នុង​តំបន់ ។ កំណើន​នេះ​ស្រប​ហើយ​ពិតជា​អាច​នឹង​រក្សា​បាន​តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​សេដ្ឋកិច្ច​ដ៏​ស្វាហាប់ ជាមួយនឹង​មូលដ្ឋាន​នាំ​ចេញ​ចម្រុះ​។

ការ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​បន្ត​កំណែទម្រង់ និង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​ក៏​ជា​ចំណុច​វិជ្ជមាន​ឆ្លើយ​តប​នឹង​បញ្ហា ។ ជា​ការ​ពិត រលក​នៃ​បញ្ហា​វា​ពិតជា​បោកបក់​ខ្លាំង ប៉ុន្តែ​ប្រសិនបើ​យើង​អាច​បន្សាំ​ហើយ ឈាន​ទៅ​រក​ការ​ពង្រឹង​ជំហរ​មួយ​ច្បាស់លាស់ កំណើន​នៃ​ពាណិជ្ជកម្ម​នឹង​បន្ត ដំណើរ​ទៅ​មុខ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ