ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូង​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​បាន​លោ​.​ត​ក្នុង​ចង្វាក់​តែ​មួយ ក្នុង​ការ​សម្រេចចិត្ត ដើម្បី​យក​រឿង​ព្រំដែន​នៅ​ក្នុង​តំបន់​មុំ​បី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និង​ប្រសាទ​តា​ក្របី​ទៅ​ដោះស្រាយ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ នេះ…

បេះដូង​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​បាន​លោ​.​ត​ក្នុង​ចង្វាក់​តែ​មួយ ក្នុង​ការ​សម្រេចចិត្ត ដើម្បី​យក​រឿង​ព្រំដែន​នៅ​ក្នុង​តំបន់​មុំ​បី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និង​ប្រសាទ​តា​ក្របី​ទៅ​ដោះស្រាយ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ។ នេះ គឺជា​សារ​ដែល​ថា កម្ពុជា​ស្រឡាញ់​យុត្តិធម៌ សច្ចភាព និង​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដែល​មាន​អាជ្ញាកណ្តាល​ដែល​អាច​ទុកចិត្ត​បាន ។

តាម​ពិត​នេះ គឺជា​រឿង​ធម្មតា ដែល​នៅ​ពេល​មនុស្ស​ពីរ​នាក់ មាន​ទំនាស់​ហើយ​មិន​អាច​ដោះស្រាយ​ជាមួយ​គ្នា​បាន គេ​ចាំបាច់​ត្រូវ​តែ​រក​ភាគី​ទី​បី ជា​អាជ្ញាកណ្តាល ឬ​តុលាការ ដែល​យល់​ថា អាច​ពឹងពាក់​បាន ។ តុលាការ​យុត្តិធម៌​អន្តរជាតិ គឺជា​តុលាការ​ដែល​មនុស្ស​គ្រប់​គ្នា​ក្នុង​ភិ​ភព​លោក​ទទួលស្គាល់​ពី​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ។ ដូច្នេះ​ភាគី​ថៃ​មិន​គួរ​ខ្លាច​ទេ បើសិនជា​ថៃ​យល់​ថា អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ គឺ​ត្រឹមត្រូវ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យោធា​ថៃ ប្រើ​វិធី​គាបសង្កត់​ដោយ​ប្រកាស​បិទ​ព្រំដែន​មួយ​ចំនួន​ជា​ឯកតោភាគី ដែល​ប៉ះពាល់​ដល់​ប្រជាជន​រវាង​ប្រទេស​ទាំងនេះ ។ នេះ​មិនមែន​ជា​វិធី​ល្អ​ទេ នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ ។

ឥឡូវនេះ រដ្ឋាភិបាល​ថៃ​ហាក់ដូចជា រលាស់​ខ្លួន​ចេញពី​ទំនួល​ខុស​ត្រូវ​រឿង​ភាព​តានតឹង​នៅ​ព្រំដែន​ជាមួយនឹង​កម្ពុជា ហើយដោយ​ប្រគល់​តួនាទី និង​ការ​សម្រេចចិត្ត​ជូន​កងទ័ព ហើយ​ម្សិលមិញ​នេះ កងទ័ព​ថៃ​បាន​បិទ​ព្រំដែន​មួយ​ចំនួន​ជា​ឯកតោ​គី ។ រឿង​កងទ័ព​ថៃ​បិទ គឺជា​សិទ្ធិ​របស់​គេ ប៉ុន្តែ​នៅ​កម្ពុជា​យើង​ក៏​មាន​សិទ្ធិ​ឆ្លើយ​តប​វិញ​ដែរ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ យើង​គួរតែ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ។

ក្រោយ​ពេល​ដែល​កងទ័ព​ថៃ​ប្រ​ពឹ​ត្តិ​ការ​បិទ​ព្រំដែន​ជា​ឯកតោភាគី​បែប​នេះ ពលរដ្ឋ​នៅ​កម្ពុជា​ប្រតិកម្ម ហើយ​បាន​បញ្ចេញយោបល់ និង​ទស្សនៈ​ព្រោង​ព្រា​ធ​នៅ​លើ​បណ្តាញ​សង្គម​រហូត​ដល់​សម្តេច​តេ​ជោ ដែល​ជា​ព្រឹទ្ធបុរស​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​តំបន់​បាន​ចេញ​មុខ​ភ្លាម ដោយ​ព្យាយាម​ប្រាប់​ពលរដ្ឋ​ឲ្យ​ចេះ​ចាស់ទុំ​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ។

សម្តេច​តេ​ជោ បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ថា​« ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​ជនរួមជាតិ រក្សា​នូវ​ភាព​ថ្លៃថ្នូរ ភាព​ចាស់ទុំ ទន់ភ្លន់ សុភាព​រាបសារ តែ​ហ្មឺ​ង​ម៉ាត់ មិន​ទុក​ឲ្យ​បរទេស​ប្រមាថ​» ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា នាយក​រដ្ឋមន្ត្រី សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត និង​ខ្លួន​សម្តេច​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សូមកុំ​ពង្រីក​ទំនាស់​ឲ្យ​រីក​រាលដាល​ដល់​វិស័យ​ផ្សេង​រហូត​ដល់​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ការ​ដែល​កងទ័ព​ថៃ​បាន​បិទ​ច្រក​ប៉ោយ​ប៉ែ​ត​ជា​ឯកតោភាគី មុន​ម៉ោង​កំណត់ គឺ​ទុក​ឲ្យ​ភាគី​ថៃ​ទទួលខុសត្រូវ ។ សម្រាប់​ជនរួមជាតិ​កម្ពុជា​ត្រូវ​មាន​ភាព​ចាស់ ទុំ​ថ្លៃថ្នូរ និង​សូមកុំ​បង្កហេតុ ។

សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា សម្តេច​គ្រាន់តែ​ចង់​រំលឹក​ដល់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា ប្រជាជន​ថៃ​ឲ្យ​បាន​ជ្រាប​ថា ប្រសិនបើ​គ្មាន​ទំនិញ​ថៃ​លើ​ទីផ្សារ​កម្ពុជា​មិនមែន​មក​ពី​កម្ពុជា​ពហិការ​មិន​ប្រើ​ទំនិញ​ថៃ​នោះ​ទេ តែ​ជា​លទ្ធផល​នៃ​ការ​បិទ​ច្រកព្រំដែន ព្រោះ​បើ​បិទ​មនុស្ស​ច្បាស់​ជា​បិទ​ទាំង​ទំនិញ ។ ប៉ុន្តែ​កុំ​ភ្លេច​ថា ទំនិញ​កម្ពុជា​ទៅ​ថៃ​តែ​មួយ​ភាគ​ទេ ប៉ុន្តែ​ទំនិញ​ថៃ​ហូរ​ចូល​កម្ពុជា គឺ​ច្រើន ។ នេះ គឺជា​សក្ខីកម្ម​ពិតប្រាកដ ហើយ​នៅ​ក្នុង​ករណី​ដែល​ថៃ​បិទ​ព្រំដែន​កុំ​គិត​ថា កម្ពុជា​ខ្វះ​ទំនិញប្រើប្រាស់​ពីព្រោះ​នៅ​ពេល​នេះ ច្រក​នាំ​ចេញ​នាំ​ចូល​កម្ពុជា គឺ​ទូលំទូលាយ​ច្រើន​ជាង​ពី​មុន​ខ្លាំង​ណាស់ ប៉ុន្តែ​សួរ​ថា ការ​បិទ​នេះ​ប៉ះ ឬ​មិន​ប៉ះ គឺ​វា​ប៉ះ​ទាំង​សងខាង​គ្រាន់តែ​ខាង​ណា​ធ្ងន់​ជាង គឺ​យើង​អាច​ដឹង​បាន ។

ពាក់ព័ន្ធ​នឹង​ទំនាស់​នេះ​ដែរ កាលពី​ថ្ងៃ​សៅរ៍ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង ដោយ​សេចក្តី​សង្ឃឹមថា នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី ។ សម្តេច​ធិ​បតី​លើក​ឡើង​ថា កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​រក្សា​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ប្រទេស​ថៃ ។ សម្តេច​បាន​បន្ថែម​ថា ការ​សម្រេចចិត្ត​របស់​កម្ពុជា​យក​តំបន់​រសើប​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អចិន្ត្រៃយ៍​ចំពោះ​បញ្ហា​ព្រំដែន​នៅ​ក្នុង​តំបន់​ទាំងនោះ​ជា​ជាង​ការ​ទុក​បញ្ហា​ឱ្យ​នៅ​មាន​ភាព​មិន​ច្បាស់លាស់ ក្នុង​រយៈពេល​យូរ ដែល​អាច​នាំ​ឱ្យ​មាន​ជម្លោះ​ប្រដាប់​អា​វុ​.​ធ​ថ្មី ។

សម្តេច​ធិ​បតី នៅ​តែ​បន្ត​ដដែល​ៗ​ថា កម្ពុជា​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​ជំរុញ​ការ​វាស់វែង​ព្រំដែន និង​កំណតព្រំដែន​ដែល​នៅ​សល់​ដោយ​ប្រើ​យន្តការ​ទ្វេរ​ភាគី​ដដែល​ទេ ។

ទន្ទឹម​នឹង​នេះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នៅ​ក្នុង​នាម​ជា ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២៥ បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម X​កាលពី​ថ្ងៃ​សុក្រ​ថា លោក​បាន​សុំ​អោយ​កម្ពុជា និង​ថៃ​ដោះស្រាយ​ភាព​តានតឹង​ព្រំដែន​ដោយ​សន្តិភាព ។ លោក អាន់​វ៉ា បាន​និយាយ​ថា «​ខ្ញុំ​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា និង​ថៃ បន្ត​អនុវត្ត​ការ​អត់ធ្មត់​ចាត់វិធានការ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​ធ្វើការ​ឆ្ពោះទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​ទូលំទូលាយ​» ។

សរុបសេចក្តី​ទៅ យើង​គួរ​ពង្រឹងគោលជំហរ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​ត្រៀមខ្លួន​ឲ្យ​ហើយ​ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​ដែល​អាច​នឹង​វិវត្តន៍​ទៅ​មុខ​ធ្ងន់ធ្ងរ​ជាង​នេះ ដោយ​ម៉ឺងម៉ាត់​កុំ​ឆេ​ង​កុំ​ឆាវ ហើយ​កុំ​ធ្វើ ឬ​សម្តែង​អ្វី​ដែល​ជា​ឥរិយា​បទ​យក​សាំង​ទៅ​ជះ​ដាក់​លើ​ភ្លើង ។

នៅ​ក្នុង​សភាពការណ៍​នេះ រក្សា​ជំហរ និង​ប្រុងប្រៀប​គ្រប់​យុទ្ធវិធី ទាំង​ពលរដ្ឋ​និង​រដ្ឋាភិបាល ឆ្លើយ​តប​នឹង​បញ្ហា​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព គឺជា​រឿង​សំខាន់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ