រៀលដែលជារូបិយប័ណ្ណជាតិ បានកំពុងតែបោះជំហានទៅមុខមួយជំហានបន្ថែមទៀត លុកលុយចូលទៅក្នុងប្រព័ន្ធនៃការទូទាត់នៅក្នុងវិស័យអប់រំ ខណៈដែលបច្ចុប្បន្ន កំពុងតែកាន់កាប់ប្រតិបត្តិការដោយប្រាក់ដុល្លារ ។
នេះគឺជាការបោះជំហានមួយថ្មីនៅក្នុងដំណើរការលើកកម្ពស់ឧត្តមភាពឧបករណ៍ទូទាត់ជាតិរបស់កម្ពុជាឡើងវិញ ចាប់តាំងពីវាបាត់បង់ឧត្តមភាពតាំងពីពេលដែលប្រាក់ដុល្លារបានហូរចូលមកក្នុងប្រទេសនៅដើមទស្សវត្សរ៍នៃឆ្នាំ១៩៩០ មក ។
ប្រាក់រៀលដែលបានធ្លាក់ចុះឧត្តមភាពជាបន្តបន្ទាប់ពីប្រព័ន្ធទូទាត់របស់ប្រទេស ដោយសារតែប្រាក់ដុល្លារ បានកំពុងតែពង្រឹងឡើងវិញនៅក្នុងរយៈកាលប្រហែលជា១០ឆ្នាំចុងក្រោយដោយនៅពេលនេះ សាធារណៈជននៅលើទីផ្សារបានកំពុងតែពង្រឹងការទូទាត់តាមប្រាក់រៀល ។
នៅក្នុងដំណើរការទូទាត់នៅតាមទីផ្សារដោយរួមទាំងផ្សារទំនើប គឺបានកំពុងតែលើកកម្ពស់ ហើយនៅពេលនេះ ធនាគារជាតិនៃកម្ពុជាបានកំពុងតែចាប់ដៃជាមួយនឹងក្រសួងអបរំ យុវជននិងកីឡា ដើម្បីបន្តវាយលុករំដោះខ្លួនចេញពីដុល្លារូបនីយកម្មនេះជាបណ្តើរៗចេញពីវិស័យអប់រំនៅក្នុងប្រទេសដែលជាស្ថាប័នកសាង និងអភិវឌ្ឍនមូលធនធនធានមនុស្សសម្រាប់ប្រទេស ។
យោងទៅតាមសេចក្តីណែនាំរួមរបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញកាលពីពេលថ្មីៗនេះ ស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់នៅតាមគ្រឹះស្ថានសិក្សាបានបញ្ជាក់ថា លុយរៀលបានកំពុងតែលើកទឹកចិត្តឲ្យប្រើប្រាស់ជាទូទៅនៅក្នុងប្រតិបត្តិការហិរញ្ញវត្ថុនានានៅក្នុងគ្រឹះស្ថានអប់រំទាំងអស់ ។
ស្ថាប័នទាំងពីរអះអាងថា សេចក្តីណែនាំនេះ គឺដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់ប្រាក់ឲ្យកាន់តែមានប្រសិទ្ធភាពនិងប្រកបដោយបរិយាបន្ន។ ស្ថាប័នជាតិដ៏សំខាន់ទាំងពីរ បានប្រាប់ទៅគ្រឹះស្ថានអប់រំទាំងអស់ ឲ្យពិនិត្យលទ្ធភាពបើកគណនីប្រាក់បញ្ញើ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល និងបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារជូនដល់គ្រប់បុគ្គលិកអប់រំទាំងអស់ រួមមានទាំងបុគ្គលិកពេញម៉ោងបុគ្គលិកកិច្ចសន្យា និងបុគ្គលិកតាមវេលាកាល ទាំងជាតិ និងបរទេស ។
មិនតែប៉ុណ្ណោះគ្រឹះស្ថានអប់រំទាំងអស់ ក៏គួរតែបង្ហាញតម្លៃសិក្សានិងសេវានានាជាប្រាក់រៀល ជារូបិយប័ណ្ណចម្បងលើការកំណត់តម្លៃសិក្សា ខណៈដែលតម្លៃសិក្សាជាប្រាក់ដុល្លារ គឺត្រូវគណនាដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការ ។
ស្ថាប័នទាំងពីរក៏បានលើកទឹកចិត្តឲ្យគ្រឹះស្ថានអប់រំទាំងអស់ រៀបចំយន្តការសម្របសម្រួលនិងលើកទឹកចិត្តដល់បុគ្គលិក សិស្សានុសិស្ស មាតាបិតាឫអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធក្នុងការធ្វើប្រតិបត្តិការទៅគណនីធនាគារជាប្រាក់រៀលក្នុងសកម្មភាពផ្សេងៗ ដូចជាការបង់ថ្លៃសិក្សា និងសេវាទូទាត់ផ្សេងៗទៀត ។
សេចក្តីជូនដំណឹងនេះ មិនមែនមានក្របខណ្ឌតែនៅរាជធានីទេ គឺស្ថាប័នទាំងពីរបានបញ្ជាក់ថា គឺវាគ្រប់ដណ្តប់ទាំងគ្រឹះស្ថានសាធារណៈនិងឯកជន ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់នៅទូទាំងប្រទេស ។
ជាការពិត ប្រព័ន្ធទូទាត់នៅតាមគ្រឹះស្ថានអប់រំនៅកម្ពុជានានាដែលធ្លាប់បានគ្របដណ្តប់ប្រតិបត្តិការហិញ្ញវត្ថុជាប្រាក់ដុល្លារ នៅពេលដែលរៀបចំកែតម្រូវទៅជាប្រាក់រៀលវានឹងបណ្តាលឲ្យមានបញ្ហាខ្លះៗដោយចៀសមិនរួច ។
បញ្ហាចម្បងគឺអារម្មណ៍និងទឹកចិត្តបុគ្គលិករលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានអប់រំឯកជនដែលធ្លាប់តែទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែជាប្រាក់ដុល្លារ ។ បញ្ហាមួយទៀតគឺអារម្មណ៍របស់មាតាបិតាឫអាណាព្យាបាលសិស្សានុសិស្សទូទៅ នៅពេលដែលពួកគេមួយចំនួនធំនៅធ្វើការការងារនៅតាមស្ថាប័នឯកជន និង អង្គការក្រៅរដ្ឋាភិបាលទទួលប្រាក់បៀវត្សរ៍ជាប្រាក់ដុល្លារដល់មកបង់ថ្លៃសិក្សាជាប្រាក់រៀល ពួកគេ មានអារម្មណ៍ខាតបង់ជាមួយនឹងការលម្អៀងនៃអត្រានៃការប្តូរប្រាក់ពីដុល្លារមកប្រាក់រៀល ។
ម្យ៉ាងទៀតការទូទាត់ជាប្រាក់រៀលនេះក៏អាចនឹងធ្វើឲ្យពួកគេតប់ប្រមល់នឹងអារម្មណ៍ដែរ ដោយសារតែប្រាក់រៀលនិងដុល្លារវាខុសគ្នាឆ្ងាយពេក ។
ឧទាហរណ៍ពួកគេធ្លាប់តែកាន់លុយដុល្លារទៅបង់ថ្លៃសាលាកូនមួយឆ្នាំ ១ពាន់ឫ២ពាន់។ ចំនួននេះ មិនច្រើនទេ តែដល់គិតជាប្រាក់រៀល វាដូចជាច្រើន ដោយ១ពាន់ដុល្លារវាប្រហាក់ប្រហែលនឹង៤លានរៀល ហើយដល់ទៅ ២ពាន់គឺវាឡើងដល់ទៅ៨ លានរៀល។ ចុះអ្នកខ្លះសន្សំលុយដាក់កូនរៀនសាលាដែលមានតម្លៃ ៤ទៅ ៥ពាន់ដុល្លារ។ ពេលនោះវាមើលទៅច្រើនមែន ! ។
ក្រៅពីនោះ បុគ្គលិកផ្នែកហិរញ្ញវត្ថុរបស់គ្រឹះស្ថានអប់រំនានាអាចនឹងមានបញ្ហាកំហុសខ្លះៗដោយសារតែកម្រិតលម្អៀងនៃអត្រាប្តូរប្រាក់ ដែលអាចនាំឲ្យពួកគេរងនូវការពិន័យផ្សេងៗតាមច្បាប់ផ្ទៃក្នុងរបស់គ្រឹះស្ថាន ។
សរុបមក កាលណាយើងកែរទម្លាប់ហើយព្យាយាមអភិវឌ្ឍន៍ឫក៏ធ្វើការកំណែទម្រង់ វារមែងមានគុណសម្បត្តិនិងគុណវិបត្តិ។ ប៉ុន្តែជារួមគម្រោងរួមគ្នារបស់ស្ថាប័នទាំងពីរ គឺវាមិនមែនជាផលប្រយោជន៍របស់ស្ថាប័នទាំងពីរនេះទេ វាគឺជាផលប្រយោជន៍ជាតិ និងឧត្តមភាពរបស់យើងទាំងអស់គ្នា។ ដូច្នេះនៅពេលដែលយើងចង់ឲ្យប្រទេសជាតិរីកចម្រើន នៅពេលដែលទទួលផលប៉ះពាល់បន្តិចបន្តិចដោយបញ្ហាណាមួយសូមលះបង់ ។
នៅលើពិភពលោក ការប្រើប្រាស់រូបិយប័ណ្ណជាតិនៅក្នុងប្រព័ន្ធទូទាត់គឺជាប្រតិបត្តិការដែលគេអនុវត្តជាសាកលនៅលើពិភពលោក លើកលែងតែប្រទេសមួយចំនួន ដោយរួមទាំងកម្ពុជា។ ដូច្នេះហើយបានជាយើងបានកំពុងតែធ្វើយុទ្ធនាការលើកកម្ពស់ប្រាក់រៀលនេះជាបន្តបន្ទាប់ ។
ចែករំលែកព័តមាននេះ