ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

សមាសធាតុ​នៃ​គណៈប្រតិភូ​ជំនាញ​កម្ពុជា​១៩​រូប​បាន​ចាក​ចេញពី​កម្ពុជា​ដើម្បី​បើក​ការ​ចរចា​បញ្ហា​ពន្ធ​បដិការ​កម្ពុជា​-​សហរដ្ឋអាមេរិក​នៅ​ចុង​ស​ប្តា​ហ៍​ទី​២​នៃ​ខែឧសភា​នេះ​។ ទោះ​លទ្ធផល​យ៉ាងណា​ក្តី យើង​ត្រូវ តែ​ត្រៀម​ចិត្ត និង ត្រៀម​កាយ​ដើម្បី​ទប់ទល់​ស្ថានការណ៍​នេះ​ឲ្យ​បាន ដោយសារ​ការ​ចរចា​រមែង​មានជោគ​ជ័យ​និង​បរាជ័យ ដោយសារ​តែ​យើង​ក៏​ចង់​ការពារ​ផលប្រយោជន៍​របស់​យើង​គេ​ក៏​ចង់​ការពារ​ផល ប្រយោជន៍​របស់​គេ​។ លោក…

សមាសធាតុ​នៃ​គណៈប្រតិភូ​ជំនាញ​កម្ពុជា​១៩​រូប​បាន​ចាក​ចេញពី​កម្ពុជា​ដើម្បី​បើក​ការ​ចរចា​បញ្ហា​ពន្ធ​បដិការ​កម្ពុជា​-​សហរដ្ឋអាមេរិក​នៅ​ចុង​ស​ប្តា​ហ៍​ទី​២​នៃ​ខែឧសភា​នេះ​។ ទោះ​លទ្ធផល​យ៉ាងណា​ក្តី យើង​ត្រូវ តែ​ត្រៀម​ចិត្ត និង ត្រៀម​កាយ​ដើម្បី​ទប់ទល់​ស្ថានការណ៍​នេះ​ឲ្យ​បាន ដោយសារ​ការ​ចរចា​រមែង​មានជោគ​ជ័យ​និង​បរាជ័យ ដោយសារ​តែ​យើង​ក៏​ចង់​ការពារ​ផលប្រយោជន៍​របស់​យើង​គេ​ក៏​ចង់​ការពារ​ផល ប្រយោជន៍​របស់​គេ​។

លោក ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ​ចំពោះ​កិច្ច​បំពេញបេសកកម្ម​ការងារ​ចរចា​លើ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ កម្ពុជា​-​សហរដ្ឋអាមេរិក​នេះ ហើយ​កាលពី​វេលា​ម៉ោង ១២​និង​៣៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៥​ដោយសារ​តែ​ការ​ចរចា​មានការ​កែប្រែ​ខ្លះ​ៗ​ដោយ​ដំបូង​គឺ​គ្រោង​នឹង​ធ្វើ​ពី​ថ្ងៃ​ទី ១៤ ដល់ ១៥ ឧសភា ប៉ុន្តែ​មានការ​កែប្រែ បន្តិចបន្តួច​ដោយ​កិច្ចចរចារ​នេះ​គឺ​ត្រូវ មក​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ និង ១៤ ពេល​រសៀល​ហើយ ដល់ ថ្ងៃ​ទី ១៥ គឺ​បាន​កិច្ចចរចារ​នេះ​គឺ​ដំណើរការ​ពេញ​មួយ​ថ្ងៃ​។

នៅ​មុន​ពេល​ចាកចេញ​លោក ឧបនាយករដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​ពិភាក្សា​នៅ​ពេល​ខាង​មុខ​នេះ​មួយ​ចំនួន​មិន​ទាក់ទង​នឹង​អត្រាពន្ធ​ទាំងអស់​ទេ​។ ដូច្នេះ​ហើយ​បានជា​កម្ពុជា បាន​ត្រៀម​សមាសភាព​មក​ពី​គ្រប់​វិស័យ​ដើម្បី​ត្រៀម​ដោយ​មាន​តាំងពី គយ សន្តិសុខ ធនាគារ ការ​បរទេស ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។​ល​។

លោក​បាន​បញ្ជាក់​ប្រាប់​ថា ការ​ចាកចេញ​របស់​គណប្រតិភូ​កម្ពុជា​ទៅ​ចរចា​នៅ​សហរដ្ឋអាមេរិក​នេះ កម្ពុជា​មាន​សង្ឃឹម មិនមែន​អត់​សង្ឃឹម​នោះ​ឡើយ ។ លោក​បាន សង្កតធ្ងន់​ថា បើ​អត់​សង្ឃឹម​ទេ យើង​នឹង​មិន​ទៅ​ចរចា​ឡើយ ។ យើង​បាន​ធ្វើ​កិច្ចការ​ច្រើន​នៅ​ក្នុង​ការងារ​ចរចារ​នេះ ហើយ​ក្រៅពី​សមាជិក​ក្រុមការងារ​នេះ យើង​ក៏​បាន​ត្រៀម​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន បញ្ចុះបញ្ចូល ដែល​គេ​ហៅ​ថា lobbying firm ផង​ដែរ ។

លោក​ក៏​បាន​បន្ត​ទៀត​ថា មក​ដល់​ពេល​នេះ កម្ពុជា​គឺជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ពី ១៨ ទៅ ២០ ដែល​មាន​ឆ​ន្ទះ​ពិតប្រាកដ​នៅ​ក្នុង​ការ​ធ្វើការ​ចរចា​ជាមួយនឹង​សហរដ្ឋអាមេរិក​ហើយ​សហរដ្ឋ អា​មេ​រិ​ក​ក៏​បាន​យល់ព្រម​ទទួល​និង​បើកទ្វារ​ទទួល​គណប្រតិភូ​កម្ពុជា​ទៅ​ចរចា​ជាមួយ​គេ​ដោយ​ផ្ទាល់ ។ លោក​បាន​បញ្ជាក់​ថា កម្ពុជា​មាន​ឆ​ន្ទះ​នៅ​ក្នុង​ការ​ចរចា​ពិតប្រាកដ​។ ដូច្នេះ​ហើយ​បានជា​យើង​នៅ​តែ មាន​សង្ឃឹម ។

លោក​ក៏​បាន​បង្ហើប​ផង​ដែរ​ថា តាម​ការ​ជួប​ចរចា​កន្លង​ទៅ​ជា​បន្តបន្ទាប់​តាម​ប្រព័ន្ធ​ហ្សូ​ម (Zomm) សហរដ្ឋអាមេរិក​ក៏​បាន​យល់​ពី​ស្ថានភាព​របស់​កម្ពុជា​ជា​ពិសេស​គឺ​ទៅ​លើ​អំណាច​នៃ​ការ​បញ្ជា​ទិញ​របស់​កម្ពុជា ។ សហរដ្ឋអាមេរិក​ក៏​បានដឹង​យ៉ាង​ច្បាស់​ហើយ​ថា កម្ពុជា​ពិតជា​មិន​មាន​មូលដ្ឋាន​ណាមួយ​នៅ​ក្នុង​ការ​បង្កើន​តុល្យភាព​ពាណិជ្ជកម្ម ដែល​សហរដ្ឋអាមេរិក​ថា យើង​នាំ​ចេញ​ទៅ​គេ ជាង​ជាង ១២ ពាន់​លាន ហើយ​យើង​នាំ​ចូល​ពី​គេ​តែ ៣០០ លាន​នោះ​ទេ ពីព្រោះ​ការ​រីក​ចម្រើន ប្រទេស​នីមួយ​ៗ វា​ខុស​គ្នា​។ ភាគី​សហរដ្ឋអាមេរិក ដឹង​បញ្ហា​នេះ​។ ភាគី​សហរដ្ឋអាមេរិក​ក៏​បាន​លើក​ឡើង​ថា គេ​ចង់​ឲ្យ​កម្ពុជា​ទិញ​ទំនិញ ពី​សហរដ្ឋអាមេរិក​បន្ថែម​ទៀត ហើយ​គេ​ក៏​សុំ​ឲ្យ​កម្ពុជា​ជួយ​ការពារ​កម្មសិទ្ធិបញ្ញា​របស់​សហរដ្ឋអាមេរិក កំណត់​បញ្ហា​ប្រភព​នៃ​ទំនិញ​ដែល​ដឹក​ចេញពី​កម្ពុជា ជា​ពិសេស​គឺ ដើម​កំណើត​នៃ​ទំនិញ នេះ​ជាដើម ។

មក​ដល់​ពេល​នេះ កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​រង​ការ​កំនត់​ពន្ធ​ខ្ពស់​ជាងគេ​នៅ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​អ​គ្នេ​យ៍​ដោយ​សហរដ្ឋអាមេរិក ។ ការ​កំណត់​ពន្ធ​បដិការ​ដ៏​ខ្ពស់​ដែល​មាន​កម្រិត​ដល់​ទៅ ៤៩ ភាគរយ គឺ​ពិតជា​ខ្ពស់​ណាស់ ហើយ​វា​អាច​ធ្វើ​ឲ្យ​ទីផ្សារ​នាំ​ចេញ​កម្ពុជា រង​ផល​ប៉ះពាល់ ជា​ពិសេស​គឺ​ឧស្សាហកម្ម​កាត់ដេរ ដែល​គេ​ដឹង​ថា វិស័យ​នេះ​បាន​កំពុង​តែ​ផ្តល់​ការងារ​ធ្វើ​ជូន​កម្ម​ការ​នី និង កម្មករ​ប្រមាណ​ជា ១ លាន​នាក់ និង អ្នក​ដែល​ទទួលផល​ដោយ​ប្រយោល​ជា​ច្រើន​បន្ថែម​ទៀត ។

នៅ​ក្នុងអំឡុងពេល​នេះ​ស្ថានភាព​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​គឺ​នៅ​តែ​បន្ត​មាន​កំណើន​ដ៏​វិជ្ជមាន ដោយសារ​តែ​រដ្ឋបាល​របស់​សហរដ្ឋអាមេរិក​បាន​ពន្យា​ពេល​អនុវត្ត​នូវ​ការ​កំណត់​ពន្ធ​នេះ​រហូត​ដល់​រង្វង់ ប្រហែលជា ចុង​ស​ប្តា​ហ៍​ទី​១​នៃ​ខែកក្កដា ខាង​មុខ ដើម្បី​ទុក​ពេល​ចរចារ​។

នៅ​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២៥​នេះ កម្ពុជា​អាច​សម្រេច​បានការ​នាំ​ចេញ​ប្រមាណ​ជា ៦,៨​ពាន់ លាន​ដុល្លារ ដោយនៅ​ក្នុង​នោះ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ប្រមាណ​ជា ២,៤ ពាន់​លាន​ដុល្លារ ទៅ​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ី ក៏​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ហើយ​អឺរ៉ុប គឺ​ប្រមាណ​ជា ១,២ ពាន់​លាន​ដុល្លារ ។

ផ្អែក​តាមតែ​តួរ​លេខ​ត្រឹមតែ​ដើមឆ្នាំ​នេះ យើង​ឃើញ​ថា វា​នឹង​រង​ផល​ប៉ះពាល់​មិន​តិច​ទេ នៅ​ក្នុង​ករណី​ការ​ចរចារ​រឿង​ពន្ធ​បដិការ​នេះ​ជាមួយនឹង​សហរដ្ឋអាមេរិក​មិន​សម​តាម​បំណង​របស់​យើង​។ ដូច្នេះ​យើង​ក៏​សង្ឃឹម ថា ក្រុម​មន្ត្រី​ជំនាញ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​អាច​ការពារ​ផលប្រយោជន៍​របស់​ជាតិ​មាតុភូមិ​យើង ហើយ​ក៏​សង្ឃឹមថា សហរដ្ឋអាមេរិក​នឹង​យោគយល់​កម្ពុជា​នៅ​ក្នុង​នាម​ជា​ប្រទេស មួយ​តូច ដែល​មាន​សមានចិត្ត​និង​ឆ​ន្ទះ​ពិតប្រាកដ​នៅ​ក្នុង​ការ​ធ្វើការ​ជាមួយនឹង​សហរដ្ឋអាមេរិក​ដោយ​ឈរ​នៅ​លើ​កត្តា​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក តាម​រូបមន្ត​ឈ្ន​ឈ្នះ​។

យើង​ដឹង​ថា នេះ​គឺ​មិនមែន​ជា​កិច្ចការ ងាយស្រួល​នោះ​ទេ ទោះ​រង​សំពាធ​យ៉ាងណា​សូម​អត់​ធ្ន​ត់​ញញឹម និង ខិតខំ​ប្រឹងប្រែង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​កិច្ចការ​ចរចា​នេះ​អាច​ទទួល​បាន​លទ្ធផល​មួយ ដែល​អាច​ទទួល​បាន​ទាំង​សងខាង ។ ដោយឡែក​ក្រៅពី​ក្រុម​អ្នកជំនាញ​ដែល​ទៅ​ចរចា យើង​ដែល​ជា​អ្នក​កំពុង​តែ​រង់ចាំ​លទ្ធផល​ក៏​ត្រូវ​តែ​ត្រៀមខ្លួន​គ្រប់​វិធានការ​ទាំង​ការ​ចរចារ​ជោគជ័យ និង ការ​ចរចារ​បរាជ័យ ដើម្បី លៃលក​សម្រួល​ស្ថានការណ៍​យ៉ាងណា អាច​បន្ត​ដំណើរការ​ប្រក្រតី​ភាព​នៃ​ទីផ្សារ​នាំ​ចេញ និង ដើម្បី​ឲ្យ​រោងចក្រ​ឧស្សាហកម្ម ដែល​បម្រើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​របស់​យើង អាច​នឹង​ដំណើរការ​ទៅ​មុខ បន្ត​ទៅ​ទៀត នៅ​ក្នុង​ជំហាន​មួយ ទោះបីជា​វា​មិន​ស្ទុះ​លឿន​ក៏​ដោយ តែ​នៅ​តែ​ទៅ​មុខ​សន្សឹម​ៗ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​យើង​ទាំងអស់​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ