ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​​សម្ព័ន្ធ​​កីឡា​​បាល់​ទះ​ជន​​ពិការ​​ផ្តល់​​​អំណោយ​ស្បៀង​​ដល់​​កង​ទ័ព

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ អង្គ​ការ​សម្ព័ន្ធ​កីឡា​បាល់​ទះ​ជន​ពិការ​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗកន្លង​​មក​នេះ​បាន​នាំ​យក​អំណោយ​មាន​ដូច​ជា ​អាវយឺត​ មី ទឹក​ស៊ីអ៊ីវ​ ទឹក​បរិសុទ្ធ​ បារី និង​ថវិកា​មួយ​ចំនួន ទៅ​ប្រគល់​ជូន​ដល់​នាយក​ដ្ឋាន​អង្គរ​ក្ស​សម្តេច​តេជោ​ ហ៊ុន សែន ស្ថិត​នៅ​បន្ទាយ​តា​ខ្មៅ​ដើម្បី​នាំ​យក​ទៅផ្តល់​​ជូន​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ដែល​កំពុង​ឈរ​ជើង​

ខេត្ត​កណ្តាល​ ៖ អង្គ​ការ​សម្ព័ន្ធ​កីឡា​បាល់​ទះ​ជន​ពិការ​កម្ពុជា​ កាល​ពី​ពេល​ថ្មីៗកន្លង​​មក​នេះ​បាន​នាំ​យក​អំណោយ​មាន​ដូច​ជា ​អាវយឺត​ មី ទឹក​ស៊ីអ៊ីវ​ ទឹក​បរិសុទ្ធ​ បារី និង​ថវិកា​មួយ​ចំនួន ទៅ​ប្រគល់​ជូន​ដល់​នាយក​ដ្ឋាន​អង្គរ​ក្ស​សម្តេច​តេជោ​ ហ៊ុន សែន ស្ថិត​នៅ​បន្ទាយ​តា​ខ្មៅ​ដើម្បី​នាំ​យក​ទៅផ្តល់​​ជូន​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​បូរណ​ភាព​ទឹក​ដី​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​។ ពិធី​ប្រគល់​ និង​ទទួល​នា​ឱកាស​នោះ​មាន​ការ​ចូល​រួម​ពី​​លោក​ឧត្តម​សេនីយ៍​ទោ សួស ស៊ីណា មេ​បញ្ជា​ការ​រងកង​​អង្គ​រក្ស​ តំណាង​លោក​នាយ​ឧត្តម​សេនីយ៍​ហ៊ឹង ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេ​បញ្ជា​ការ​កង​អង្គ​រក្ស​ លោក​​វរ​សេនីយ៍​ទោ គឹម​ តុលា និងមន្ត្រី​សំខាន់​ៗជា​ច្រើន​រូប​ទៀត​។

លោក​គ្រីស្ទ​ មិន​កូ ប្រធាន​អង្គការ​សម្ព័ន្ធ​កីឡា​បាល់​ទះ​ជន​ពិការ​​កម្ពុជា​មាន​ប្រសាសន៍​ថា អង្គ​ការ​របស់​លោក​មិន​មែន​ជា​អង្គ​ការ​រក​ប្រាក់​ចំណេញនោះ​ទេ ម្យ៉ាង​វិញ​ទៀត​អង្គ​ការ​របស់​លោក​បាន​មក​ធ្វើ​ការ​នៅកម្ពុជា​បម្រើ​ដល់​ផល​ប្រយោជន៍​ជន​ពិការ​កម្ពុជា​​​​ជាង​១៥​ឆ្នាំ​មក​ហើយ​ក្នុង​បំណង​តែ​មួយ​គត់​ គឺ​ជួយ​ដល់​ជន​ពិការ​កម្ពុជា។ លោក​ស្រឡាញ់​កម្ពុជា ដូច្នេះ​អ្វី​ដែល​លោក​បាន​ប្រមែ​​ប្រមូល​ពី​សប្បុរស​ជន​នានា​យក​មក​ប្រគល់​ជូន​ដល់​កង​អង្គ​រក្ស​នៅ​ថ្ងៃ​នេះ​ជា​សន្តាន​ចិត្ត​របស់​លោក ព្រម​ទាំង​សហ​ការី​ ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​សមរ​ភូមិ​មុខ​តែ​ប៉ុណ្ណោះ​។ លោក​បាន​មាន​ប្រសាសន៍​ទៀតថា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ។ លោក​គិត​ថា អំណោយ​ទាំង​នេះ​តិច​តួច​មែន​ តែ​លោក​​សន្យា​ថា នឹង​ខិត​ខំ​ស្វែង​រក​ឱ្យ​បានច្រើន​ថែម​ទៀត។

លោក​ឧត្តម​សេនីយ៍​សួស ស៊ីណា ​បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សន្តាន​ចិត្ត​របស់​លោក​គ្រីស្ទ​​ មិន​​កូ និង​សហ​ការី​ ហើយ​លោក​​សន្យា​ថា នឹង​នាំ​យក​អំណោយ​ទាំង​នេះ​ទៅផ្តល់​​ជូន​ដោយ​​ផ្ទាល់ និង​ដល់​ដៃ​យុទ្ធ​ជន​របស់​យើង​នៅ​សមរ​ភូមិ​ជួរ​មុខ​ច្រក​​តា​ថាវ​ ដែល​កំពុង​ឈរ​ជើង​ការ​ពារ​យ៉ាង​រឹង​មាំ​មិន​ឱ្យ​បាត់​​បង់​ទឹក​ដី​ឡើយ​។ លោក​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ទំនុក​បម្រុង​ពីសម្តេច​តេជោ និង​លោក​ជំទាវ​​បណ្ឌិតប៊ុន រ៉ានី ហ៊ុន​ សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ បង​ប្អូននៅ​​សមរភូមិ​ជួរ​មុខ​របស់​យើង​មាន​ហូប​គ្រប់​គ្រាន់​សម្លៀក​បំពាក់​សម​រម្យ​មាន​ជម្រក​​ស្នាក់​នៅ​ល្អ ដូច្នេះ​វីរ​កង​ទ័ព​របស់​យើង​មិន​ខ្លាច​លះ​បង់​កំលាំង​កាយ​ចិត្ត​ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​យើង​ឡើយ ៕