ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះភ្នំភ្លើង! ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​​ និងជម្លៀសមនុស្សរាប់ម៉ឺននាក់​

1 ឆ្នាំ មុន

​ឥណ្ឌូនេស៊ី ៖ ក្រោយ​ពី​បាន​បង្ហាញ​សញ្ញា​គ្រោះថ្នាក់​អស់​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​នោះ ឈាន​មក​ដល់​

​ឥណ្ឌូនេស៊ី ៖ ក្រោយ​ពី​បាន​បង្ហាញ​សញ្ញា​គ្រោះថ្នាក់​អស់​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​នោះ ឈាន​មក​ដល់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២៤​នេះ​ភ្នំភ្លើង Lewotobi Laki-Laki ដ៏​សកម្ម​នៅ​នៅ​លើ​ដែន​កោះ Flores ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បាន​ផ្ទុះ​ឡើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឱ្យ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ ដោយ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន channelnewsasia នៅ​ថ្ងៃនេះ​។

មន្ត្រី​ក្នុង​តំបន់​បាន​ប្រាប់ AFP នៅ​ថ្ងៃ​ពុធ​នេះ​ថា «​ប្រជាជន​ត្រូវ​បាន​ជម្លៀស​ភ្លាម​ៗ​ទៅ​កាន់​ទីតាំង​ដែល​ស្ថិត​ក្នុង​សុវត្ថិភាព ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដែល​បង្ករ​ដោយ​ក​ម្អែ​ពី​ភ្នំភ្លើង​។ អាជ្ញាធរ​ក្នុង​តំបន់​បាន​បង្កើត​ជម្រក​បណ្តោះអាសន្ន​ចំនួន​ពីរ ដែល​បច្ចុប្បន្ន​កំពុង​ផ្ទុក​មនុស្ស​ប្រហែល ៥០០០​នាក់​។

ប្រធាន​មជ្ឈមណ្ឌល​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ភ្នំភ្លើង និង​ភូគព្ភសាស្ត្រ (PVMBG) លោក Hendra Gunawan បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកស្រុក​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹកជំនន់​ដែល​អាច​កើត​មាន នៅ​ពេល​ដែល​លំហូរ​ភក់​នៃ​ភ្នំភ្លើង​បាន​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​។ លោក​បាន​បន្ថែម​ថា មនុស្ស​គួរតែ​ពាក់​ម៉ាស់ «​ដើម្បី​ការពារ​គ្រោះថ្នាក់​នៃ​ផេះភ្នំភ្លើង​ដល់​ប្រព័ន្ធ​ដង្ហើម​»​។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ក៏​បាន​ប្រកាស​ពី​ស្ថានភាព​ប្រកាស​អាសន្ន​នៃ​ភ្នំភ្លើង​មួយទៀត គឺ​ភ្នំភ្លើង Marapi ដែល​ស្ថិត​នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា ដល់​កម្រិត​ខ្ពស់​បំផុត​ទី​ពីរ និង​បាន​ដាក់​តំបន់ហាមឃាត់​ចម្ងាយ 4.5 គីឡូម៉ែត្រ​ដែល​ជំរុញ​ឱ្យ​មាន​ជន្លៀស អ្នកស្រុក​ជាង ២០០០​នាក់​ទៅ​កាន់​ទីជម្រក​បណ្តោះអាសន្ន​។

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Antara បាន​រាយការណ៍​ថា ផេះភ្នំភ្លើង​ក៏​បាន​បង្ខំ​ឱ្យ​អាកាសយានដ្ឋាន Frans Seda ដែល​មាន​ចំងាយ​ជាង 80 គីឡូម៉ែត្រ​ត្រូវ​បិទ​ចាប់តាំងពី​ថ្ងៃ​ចន្ទ​។

ប្រទេស​ដែន​កោះ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ស្ថិត​នៅ​លើ​ក្រ​វ៉ា​ត់​ភ្លើង​ប៉ា​ស៊ី​ហ្វិ​ក ដែល​ជា​តំបន់​ដែល​មាន​សកម្មភាព​ភ្នំភ្លើង និង​រញ្ជួយ​ដី​ខ្លាំង ដោយ​មាន​ភ្នំភ្លើង​សកម្ម​ជិត​១៣០​។ កាលពី​ខែ​មុន ប​ន្ទុះ​ភ្នំភ្លើង Marapi នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា​បាន​សម្លាប់​មនុស្ស ២៣​នាក់​៕ (ដោយ​៖​អោម ចែត​ច័ន្ទ​ណា​រ៉ា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ