ទីក្រុងហ្សឺណែវ ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចសន្ទនាអន្តរកម្មជាមួយក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្ត ពាក់ព័ន្ធនឹងទាហានកម្ពុជា ដែលត្រូវបានចាប់ខ្លួនទាំង១៨នាក់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា រាយការណ៍ថា នៅវេលាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចសន្ទនាអន្តរកម្មជាមួយក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្ត ពាក់ព័ន្ធនឹងទាហានកម្ពុជា ដែលត្រូវបានចាប់ខ្លួនទាំង១៨នាក់។
ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តឃុំខ្លួនទាហាន ដែលត្រូវបានចាប់ខ្លួនក្នុងឯកសណ្ឋានដោយប្រទេសថៃ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា។ ស្ថានភាពឈ្លើយសឹករបស់ពួកគាត់ ត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវទីបី។ មាត្រា ១១៨ តម្រូវឱ្យមានការដោះលែង និងមាតុភូមិនិវត្តន៍ “ដោយគ្មានការពន្យារពេលបន្ទាប់ពីការបញ្ឈប់ នៃអរិភាពសកម្ម” ។
ការបន្តឃុំឃាំងណាមួយ ទោះបីក្រោមលេស នៃការសួរចម្លើយ ឬការការពារអរិភាពក្នុងពេលអនាគត ត្រូវចាត់ទុកថា ជាការបង្ខាំងដោយខុសច្បាប់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរ នៃអនុសញ្ញា ដែលមិនត្រឹមតែតម្រូវឱ្យមានការទទួលខុសត្រូវអន្តរជាតិរបស់រដ្ឋ ដែលកំពុងធ្វើការឃុំខ្លួននោះទេ តែក៏តម្រូវឱ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលក្រោមលក្ខន្តិកៈ ទីក្រុងរ៉ូម ស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ផងដែរ ។
ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ការការពារ ដែលត្រូវធ្វើឡើងចំពោះអ្នកឈ្លើយសឹកមិនមែនបញ្ចប់ត្រឹមតែការព្យាបាលដោយមនុស្សធម៌ក្នុងអំឡុងពេលឃុំខ្លួននោះទេ តែក៏រួមបញ្ចូលការដោះលែងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ ។
ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យក្រុមប្រឹក្សាប្រឹក្សាសិទ្ធិមនុស្ស និងក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្តប្រកាន់ភា្ជប់នូវគោលការណ៍ទាំងនេះ និងទាមទារឱ្យដោះលែងទាហានដែលជាប់ឃុំទាំង១៨ ជាបន្ទាន់ ៕


ចែករំលែកព័តមាននេះ