ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​យើង​ដឹង​ពី​គ្រោះថ្នាក់​បង្ក​ដោយ​គ្រឿង​ស្រវឹង ពោល គឺ​កើត​ចេញ​ស្រា ។ ពេល​នេះ​ទៀត ក្រសួង​ព័ត៌មាន និង​ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​ជា​លាយលក្ខណ៍​នូវ​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​កើត​ចេញពី​គ្រឿង​ស្រវឹង…

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​យើង​ដឹង​ពី​គ្រោះថ្នាក់​បង្ក​ដោយ​គ្រឿង​ស្រវឹង ពោល គឺ​កើត​ចេញ​ស្រា ។ ពេល​នេះ​ទៀត ក្រសួង​ព័ត៌មាន និង​ក្រសួងសុខាភិបាល​បាន​ចេញផ្សាយ​ជា​លាយលក្ខណ៍​នូវ​គ្រោះថ្នាក់ និង​ផល​ប៉ះពាល់​កើត​ចេញពី​គ្រឿង​ស្រវឹង ឬ​ស្រា ។

ក្នុង​លិខិត​ចំហរ ផ្ញើ​ទៅ​កាន់​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្រុមហ៊ុន​ផលិត ចែកចាយ​នាំ​ចូល និង​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់ កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រសួង​ព័ត៌មាន​បាន​សង្កេត​ឃើញ​មានការ​ផ្សាយពាណិជ្ជកម្ម ផលិតផល​គ្រឿង​ស្រវឹង តាម​រយៈ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង មាន​ផ្តល់​រង្វាន់​ផ្សងសំណាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ធ្វើ​បទ​សម្ភាស​ជាមួយ​អ្នក​ត្រូវ​រង្វាន់​ដោយ​ប្រើ​សកម្មភាព​ជំរុញ លើកទឹកចិត្ត និង​ប្រើ​រូបភាព ដើម្បី​អូស​ទាញ​ឱ្យ​ប្រជាពលរដ្ឋជា​ពិសេស​ក្នុង​ស្រទាប់​យុវជន​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹងប្រកបដោយ​គ្រោះថ្នាក់ ដើម្បី​ផ្សង​យក​រង្វាន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​យុវជន​កម្ពុជា​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី ។

មួយវិញទៀត លោក​រដ្ឋមន្ត្រី​ព័ត៌មាន ក៏​បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ដល់​សង្គម​មួយ​ផ្នែក កើត​ចេញពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង ដោយ​ខ្វះ​ការ​ទទួលខុសត្រូវ ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍ អំពើ​ហិ​.​ង្សា​ក្នុង​គ្រួសារ សង្គម និង​ប៉ះពាល់​សុខភាព​ជាដើម ។ នៅ​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ ក្រសួងសុខាភិបាល​ក៏​បាន​ចេញផ្សាយ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ផល​ប៉ះពាល់​សុខភាព​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ។ នោះ គឺ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ផ្តល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព សេដ្ឋកិច្ច និង​សង្គម ជា​ពិសេស​សមាជិកគ្រួសារ មិត្តភក្តិ​រួមការ​ងារ និង​អ្នក​ដទៃ​ផង​ដែរ ។

តាម​ក្រសួងសុខាភិបាល ជាតិ​អាល់កុល ក្នុង​ផលិតផល​គ្រឿង​ស្រវឹង ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ភ្លាម​ៗ និង​រយៈពេល​យូរ ។ ក្នុង​រយៈពេល​តែ​២ ទៅ​៣​នាទី​តែ​ប៉ុណ្ណោះ ជាតិ​អាល់កុល អាច​ជ្រាប​ចូល​ដល់​ខួរក្បាល ហើយ​អាច​បង្ក​រោគ​សញ្ញា​ទៅ​តាម​កំហាប់​ជាតិ​អាល់កុល ការ​ចាប់ផ្តើម​និយាយ​ច្រើន ចលនា​អន់​ថយ គំហើញ​ថយ​ចុះ និង​ក្អួតចង្អោរ ឬ​បាត់បង់​ស្មារតី ហើយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក អាច​បង្ក​ឱ្យ​សន្ល​.​ប់ ប្រឈម​នឹង​ជំងឺឆ្លង​ដូច​ជា ជំងឺអេដស៍ និង​ជំងឺ​ផ្សេង​ៗ​ទៀត ។

ក្រសួងសុខាភិបាល ក៏​បាន​លើក​បង្ហាញ​ថា គ្រឿង​ស្រវឹង ក៏​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​រយៈពេល​វែង​ដូច​ជា ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម ជំងឺមហារីក ដូច​ជា មហារីក​មាត់ បំពង់ក បំពង់​អាហារ ថ្លើម ពោះវៀនធំ សុដន់​។​ល ។ ជំងឺមហារីក​ឈាម ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ងាយ​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ការ​បង្ក​រោគ បញ្ហា​សុខភាព​ផ្លូវចិត្ត ជំងឺ​ថប់​បារម្ភ ជំងឺ​ធ្លាក់​ទឹកចិត្ត មាន​ជំងឺ​វង្វេង​ពេល​ឈាន​ចូល​វ័យ​ចំណាស់ ក្លាយជា​បុគ្គល​ញៀ​.​ន​គ្រឿង​ស្រវឹង អសមត្ថភាព​ផ្លូ​.​វ​ភេ​.​ទ ជំងឺ​បេះដូង និង​សរសៃឈាម ជំងឺ​សរសៃឈាម​ខួរក្បាល ( ស្ទះ ឬ​បែក​សរសៃឈាម​ខួរក្បាល ) ជំងឺ​ខ្សោយ​សាច់ដុំ និង​ឆ្អឹង​ទារក​មានការ​លូតលាស់​មិន​ប្រក្រតី នៅ​ក្នុង​ផ្ទៃ​ស្ត្រី​ប្រើប្រាស់​គ្រឿង​ស្រវឹង អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ជំងឺមិនឆ្លង​ផ្សេង​ៗ​ទៀត​ដូច​ជា លើស​ជាតិ​អាស៊ីត លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម លើស​ជាតិ​ស្ករ (​ជំងឺ​ទឹកនោមផ្អែម​) អាច​វិ​វត្ត​ទៅ​រក​ផលវិបាក ធ្ងន់ធ្ងរ និង​ស្លា​.​ប់​មុន​អាយុ​។​ល​។

លើស​ពី​នេះ​ទៀត ក្រសួងសុខាភិបាល ក៏​បាន​ប្រកាស​ថា គ្រឿង​ស្រវឹង ក៏​អាច​បណ្តាល​ឱ្យ​យុវវ័យ​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន និង​ថ្នាំជក់ ដែល​ប្រាស​បាក​ពី​សីលធម៌​សង្គម ។ ទន្ទឹម​នឹង​នេះ​ដែរ គ្រឿង​ស្រវឹង បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា​អំពើ​ហិ​.​ង្សា​ការ​ប្រព្រឹត្ត​បទ​ឧ​ក្រិ​.​ដ្ឋ ជម្លោះ​បុគ្គល​ការ​ចំណាយ​ថវិកា ទៅ​លើ​ការ​ទិញ​គ្រឿង​ស្រវឹង ការ​ព្យាបាល​សុខភាព គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ខាតបង់​ផ្សេង​ៗ​។

តាម​រយៈ​ការ​លើក​ឡើង​ពី​ផល​ប៉ះពាល់ ដែល​បង្ក​ដោយ​គ្រឿង​ស្រវឹង​ខាងលើ​នេះ សូម​សាធារណជន​ទាំងអស់ ពិសេស​យុវវ័យ ត្រូវ​ចៀសវាង​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ។ ចំពោះ​អ្នក​មិន​ធ្លាប់​ប្រើប្រាស់​គ្រឿង​ស្រវឹង សូមកុំ​សាកល្បង​។ ចំណែក​អ្នក​កំពុង​ប្រើប្រាស់​គ្រឿង​ស្រវឹង សូម​កាត់​បន្ថយ​ឱ្យ​បានជា​អតិបរមា ដើម្បី​សុខភាព​របស់​អ្នក និង មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ។ សូមកុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​បើកបរ ឬ​នៅ​ពេល​កំពុង​បើកបរ ឬ​កំពុង​បញ្ជា​គ្រឿង​ម៉ាស៊ីន​ផ្សេង​ៗ ពេល​កំពុង​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន ឬ​អ្នកមាន​បញ្ហា​សុខភាព​ផ្សេង​ៗ ។

អង្គការ​សុខភាព​ពិភពលោក បាន​បង្ហាញ​ភស្តុ​តាង​ថ្មី​ៗ នេះ​ថា មិន​មាន​កម្រិត​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ ហើយ​គ្រប់​ផលិតផល​គ្រឿង​ស្រវឹង​សុទ្ធតែ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន គ្រួសារ សាលារៀន និង​សហគមន៍ សូម​ចូលរួម​បង្កើត​បរិយាកាស កាត់​បន្ថយ​នូវ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដូច​ជា អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​លើកទឹកចិត្ត​គាំទ្រ​អ្នក​ប្រើ ប្រាស់ គ្រឿង​ស្រវឹង​ឱ្យ​លះបង់​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ។

ស្ថាប័ន​ផ្សេង​ទៀត ក៏​សូម​ចូលរួម​ជួយ​គាំទ្រ និង​ទប់ស្កាត់​ការ​ប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង តាម​រយៈ​ការ​ឆ្លើយ​តប​ពហុ​វិស័យ ដោយ​ផ្តោត​លើ​ការ​រៀបចំ​លិខិត​ប​ដ្ឋា​ន គតិ​យុ​ត្ត​ពាក់ព័ន្ធ​ផ្សេង​ៗ​ក្នុង​ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​បុគ្គល គ្រួសារ សហគមន៍ ឱ្យ​ជ្រើសរើស​ទម្លាប់​រស់នៅ ដោយ​គ្មាន​ផលិតផល​គ្រឿង​ស្រវឹង ។ ក្នុង​នោះ អាជ្ញាធរ​ដែនដី ក៏​ត្រូវ​សហការ​គ្រប់គ្រង​ការ​ដាក់ ស្លាក​ប៉ាន់​ណូ​ផ្សព្វផ្សាយ អំពី​ផល​ប៉ះពាល់​សុខភាព​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ។

សំខាន់​ជាងគេ​បំផុត គឺ​បុគ្គល​ផ្ទាល់ខ្លួន​ម្នាក់​ៗ​ពិសេស​អ្នក​ផឹកស្រា​ទាំងអស់ ត្រូវ​ភ្ញាក់​ខ្លួនឯង​តែ​ម្តង ។ សូមកុំ​យក​លុយ​ទៅ​ទិញ​ជំងឺ ។ ផឹកស៊ី សប្បាយ​តែ​មួយ​ភ្លេ​ត​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ ពេល​ស្វាង​ស្រា​មានរឿង​ជា​ច្រើន​កើតឡើង ហើយ​រឿង​ខ្លះ​នឹក​ស្មាន​មិន​ដល់ នាំ​ឱ្យ​បុគ្គល​អ្នក​ផឹកស្រា​នោះ នឹក​ខ្មាស​ខ្លួនឯង និង​ស្តាយក្រោយ​ថែម​ទៀត​ផង​។ រឿង​នេះ មាន​តែ​អ្នក​ផឹក​ទេ ទើប​យល់​អារម្មណ៍​ក្រោយ​ស្រវឹង ។

ដូច្នេះ​ដើម្បី​កុំឱ្យ​ស្តាយក្រោយ គឺ​ងាយស្រួល​បំផុត គឺ​កុំ​ផឹកស្រា នៅ​ថ្ងៃនេះ នោះ​នៅ​ថ្ងៃស្អែក អ្នក​មិន​ស្តាយក្រោយ អ្នក​មិន​ឈឺក្បាល អ្នក​មិន​ខក​ការងារ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ