ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Werner ត្រឡប់​មក EPL ម្តងទៀត ខណៈ Real ចង់បាន​កីឡាករ​កំពូល​ល្បឿន​របស់ Bayern

3 ខែ មុន

អន្តរជាតិ ៖ ក្លិប Tottenham Hotspur កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ បាន​ចុះហត្ថលេខា​លើ​ខ្សែ

អន្តរជាតិ ៖ ក្លិប Tottenham Hotspur កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៤ បាន​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Timo Werner ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប RB Leipzig រហូត​ដល់​ចប់​រដូវ​កាល​នេះ​។ ស្រប​ពេល​ដែល​ក្លិប Real Madrid ចង់បាន​ខ្សែការពារ​ឆ្វេង Alphonso Davies របស់ Bayern Munich សម្រាប់​រដូវ​កាល​ក្រោយ​។

ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្លិប​អា​ល្លឺ​ម៉​ង់ RB Leipzig ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​អា​ល្លឺ​ម៉​ង់ Timo Werner មក​កាន់​ទឹកដី​អង់គ្លេស​សារ​ជា​ថ្មី​ម្តងទៀត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​នេះ រួម​ជាមួយ​ជម្រើស​ទិញ​ផ្តាច់​នៅ​រដូវក្តៅ​នេះ​។

សមាជិក​ក្រុម​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​២៧​ឆ្នាំ​រូប​នេះ នឹង​ក្លាយ​ជម្រើស​ខ្សែប្រយុទ្ធ​របស់ Spurs ខណៈ​ដែល​ខ្សែប្រយុទ្ធ Son Heung-min ជាប់​បំពេញភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​កូរ៉េ​ខាងត្បូង​សម្រាប់​ព្រឹត្តិការណ៍ Asian Cup ស្រប​ពេល​ដែល​ខ្សែបម្រើ​ប្រយុទ្ធ James Maddison អវត្តមាន​ដោយសារ​របួស​។

ជា​រឿង​ល្អ​សម្រាប់ Spurs ដោយសារ​តែ Werner ធ្លាប់​មានបទពិសោធន៍​នៅ​ក្នុង​លី​គ​កំពូល​អង់គ្លេស Premier League ជាមួយ Chelsea បន្ទាប់​ពី​ត្រូវ​ក្លិប​រហស្សនាម​តោ​ខៀវ​មួយ​នេះ​នាំ​យក​ពី RB Leipzig នៅ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga ក្នុង​តម្លៃ​៤៥​លាន​ផោន កាលពី​ឆ្នាំ​២០២០​។ Werner បាន​ស៊ុត​បញ្ចូល​ទី​បាន​២៣​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​៨៩​ប្រកួត​សម្រាប់ Chelsea ដោយ​បាន​ឈ្នះ​ពានរង្វាន់ UEFA Champions League, Super Cup និង Club World Cup មុន​ពេល​ត្រឡប់​មក Leipzig វិញ នៅ​ក្នុង​ឆ្នាំ ២០២២​។

ដោយឡែក​ថ្ងៃ​ជាមួយ​គ្នា​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​កីឡា​ធំ​ៗ​ជា​ច្រើន​បាន​រាយការណ៍​ថា ក្លិប​អធិរាជ​ស Real Madrid ចង់បាន​ខ្សែការពារ​ឆ្វេង​សញ្ជាតិ​កា​ណា​ដា Alphonso Davies ពី​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich សម្រាប់​រដូវ​កាល​ក្រោយ​។

សមាជិក​ក្រុម​ជម្រើសជាតិ​កា​ណា​ដា ដើម​កំណើត​ហ្គា​ណា​វ័យ​២៣​ឆ្នាំ​រូប​នេះ ជាប់​កុងត្រា​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៥ ជាមួយ​ក្រុម​ជើងឯក​អា​ល្លឺ​ម៉​ង់ Bayern ។ លោក Carlo Ancelotti អ្នកចាត់ការ​ក្រុម Real Madrid ត្រូវ​បាន​រាយការណ៍​ថា ចង់​យក​ខ្សែការពារ​បារាំង Ferland Mendy និង​ខ្សែការពារ​អេ​ស្ប៉ា​ញ Fran Garcia របស់​ខ្លួន ដើម្បី​ជា​ការ​ដោះ​ដូរ​ជាមួយនឹង​ខ្សែការពារ​កំពូល​ល្បឿន Davies ខណៈ endy និង Garcia សុទ្ធតែ​លេង​តំណែង​ការពារ​ឆ្វេង​ដូច​គ្នា​។

ខ្សែការពារ Alphonso Davies ដែល​កើត​ក្នុង​ជំរុំ​ជនភៀសខ្លួន​នៅ​ប្រទេស​ហ្គា​ណា​ឆ្នាំ ២០០០ បាន​ផ្លាស់​ពី Vancouver Whitecaps មក​ចូលរួម​ជាមួយ Bayern កាលពី​ខែមករា ឆ្នាំ ២០១៩ នៅ​ក្នុង​តម្លៃ ១៣.៥​លាន​ដុល្លារ​។ Davies ស៊ុត​បញ្ចូល​ទី ៨​គ្រាប់​ពី​ការ​បង្ហាញខ្លួន ១៧៦​ប្រកួត​សម្រាប់ Bayern និង​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ១៣ រួម​ទាំង Bundesliga ៥​ដង និង UEFA Champions League នៅ​ឆ្នាំ ២០២០ ផង​ដែរ​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ