ខេត្តបាត់ដំបង ៖ ពិតជាមិនសរសើរមិនបាន ចំពោះព្រះគណម្ចាស់មួយអង្គស្មូតបទ «តាជូជក់ បំពេរនាងអមិតធីតា» ទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ទាំងក្នុង និងក្រៅពី ព្រោះតែសម្លេងរបស់ព្រះគណម្ចាស់។
ជាការពិតណាស់ ការស្មូតមិនមែនជារឿងដែលចេះស្មូតទៅបានពីរោះនោះឡើយ ពោលគឺដូចជាព្រះគណម្ចាស់រូបនេះទៀតសោត ដោយព្រះអង្គអាចស្មូតបានប៉ុណ្ណេះ មិនមែនជារឿងងាយស្រួលនោះឡើយ ក្នុងនោះឃើញថា ជាញឹកញាប់ព្រះគណម្ចាស់តែងតែចែករំលែកការស្មូតដល់មហាជន ក៏ដូចជាការសម្តែងធម៌ទេសនា ព្រមទាំងស្មូតបែបបទផ្សេងៗទៀត។

តាមរយៈបទដែលព្រះអង្គស្មូតភាគច្រើន គឺសុទ្ធតែពីរោះ ទោះបីជាព្រះអង្គមានព្រះជន្មតិចក៏ពិតមែន តែសម្លេងវិញគឺមិនធម្មតាឡើយ ហើយអាចធ្វើមហាជនខ្លះព្រឺសម្បុរខ្ញាកៗតែម្ដង ខណៈនៅពេលបានស្តាប់ក្នុងចិត្តហើយកាន់តែជ្រះថ្លា ជាមួយសម្លេងក៏ក្រអួនក្រអៅរបស់ព្រះអង្គ។
គួរបញ្ជាក់ដែរថា បទ «តាជូជក់បំពេរអមិតធីតា» មានអ្នកទស្សនារហូតដល់ទៅ ៣.២លាននាក់ ក្រោយពេលដែលព្រះអង្គបានធ្វើការចែករំលែកនៅក្នុងបណ្តាញសង្គមយក្ស Tik Tok របស់ព្រះគណម្ចាស់ ដែលមានព្រះនាមថា «ឡុង គឹមហុង»។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ព្រះគណម្ចាស់ ឡុង គឹមហុង បានមានសង្ឃដីការថា «គណម្ចាស់ពិតជាមានក្តីសោមនស្សរីករាយ នៅពេលមានបងប្អូនទស្សនាច្រើនចំពោះការស្មូតរបស់គណម្ចាស់នោះ»។
ព្រះគណម្ចាស់ ឡុង គឹមហុង មានសង្ឃដីការថា «ការស្មូតនេះ ព្រះអង្គអាចស្មូតវបានច្រើនដែរ ក្នុងនោះមានបែបបទ «ពាក្យ ៤ ៧ ៨» ហើយបន្ថែមពីនេះមាន «បែបទំនួញ» និង «បំពេរ» ជាដើម»។

តាមរយៈការស្មូតនេះ ព្រះអង្គបន្តថា «ព្រះអង្គរៀនស្មូតតាមពីព្រះសង្ឃចាស់ៗ ដូចជាសិស្សច្បង និងលោកគ្រូផ្សេងៗទៀត»។ ព្រះអង្គបានបន្តថា «ការស្មូតនេះ ព្រះអង្គរៀនស្មូតតាំងពីក្មេង ចាប់តាំងពីព្រះជន្ម១២វស្សា និងឥឡូវ១៨វស្សាហើយ»។
ជាការពិតណាស់ ព្រះអង្គមានសង្ឃដីការ បន្តថា «ព្រះអង្គ ទើបតែចេះចាំស្ទាត់ប្រមាណជា២ឆ្នាំនេះតែប៉ុណ្ណោះ។ ហើយក្នុងបែបបទការស្មូតនេះ ព្រះអង្គឈ្វេងយល់ថា ការស្មូតរបស់ព្រះអង្គមិនទាន់ប្រសើរ ល្អក្រាស់ក្រៃនោះឡើយ ពោលគឺបែបបទខ្លះនៅធ្វើមិនទាន់បានល្អនៅឡើយទេ»។

ព្រះអង្គ ឡុង គឹមហុង មានសង្ឃដិការ បន្តទៀតថា «ព្រះអង្គក៏អាចតែងកំណាព្យបានខ្លះ ដូចជាកាលពីកន្លងទៅ ធ្លាប់បានតាក់តែងពីវត្តផងដែរ»។ ក្រៅពីការរៀនសូត្រជាប្រចាំ គណម្ចាស់បន្តថា «ព្រះអង្គក៏ឆ្លៀតពេលបង្រៀននេនតូចៗ ថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ ដើម្បីជាការសម្រួលដល់គ្រូផងដែរ»។
គុណម្ចាស់ ឡុង គឹមឡុងបានបន្តថា «តាមរយៈការស្មូតកាលពីកន្លងទៅ គណម្ចាស់ក៏ធ្លាប់ត្រូវគេរិះគន់ផងដែរ ចំពោះសម្លេង តែព្រះអង្គមានតែការខិតខំប្រឹងប្រែងរៀនស្មូត ក៏ដូចជាស្មូតយ៉ាងណាឱ្យត្រូវតាមបែបបទ ដូចដែលមហាជនបានស្តាប់នាពេលនេះ»។

គួរបញ្ជាក់ផងដែរថា ព្រះអង្គ ឡុង គឹមហុង គង់នៅវត្ត «អន្លង់វិល» ដែលទីតាំងស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ហើយនាពេលបច្ចុប្បន្ននេះ ព្រះអង្គក៏ស្មូត និងតែងតែសម្តែងធម្មទេសនាផងដែរ ក្រៅពីការស្មូតនោះ។
ជាចុងក្រោយ ព្រះអង្គ ពិតជាអរគុណខ្លាំងណាស់ ចំពោះការគាំទ្រការស្មូតរបស់ព្រះអង្គ ហើយព្រះអង្គក៏សំណូមពរដល់អ្នកដែលយកវីដេអូគណម្ចាស់ទៅផុស សូមកុំសរសេរអ្វីដែលលើសពីសមត្ថភាពរបស់ព្រអង្គអី ព្រោះការស្មូតនេះ ព្រះអង្គនៅមានកម្រិតនៅឡើយទេ៕
អត្ថបទដោយ ៖ លីហួ គីមឆាយ
ចែករំលែកព័តមាននេះ