រាជធានីភ្នំពេញ ៖ ចូលដល់ឆ្នាំ២០២៤នេះ ទាំងប្រជាជនកម្ពុជា និងរដ្ឋាភិបាលចាត់ទុកថា ជាឆ្នាំដ៏ល្អសម្រាប់វិស័យទេសចរណ៍ ។ ប៉ុន្តែយើងទាំងអស់ត្រូវធ្វើអ្វីខ្លះ ដើម្បីធានាក្តីសង្ឃឹមនេះនឹងសម្រេចផលបានច្រើនសម្រាប់ប្រជាជន និងប្រទេសកម្ពុជា?
ជាដំបូង សូមយើងមើលទេសចរណ៍ប្រទេសជិតខាងយើង ។ ថៃបានដាក់ចេញនូវគោលនយោបាយទាក់ទាញអ្នកទេសចរដែលក្នុងនោះ ថៃ និងចិន បានសម្រេចលើកលែងកាតព្វកិច្ចទិដ្ឋាការបែបអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ មីនាខាងមុខនះទៅ សម្រាប់ប្រជាជននៃប្រទេសទាំង២ ។

សេចក្ដីសម្រេចនេះ ក្រៅពីរួមចំណែកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរក៏ផ្ដល់ឱកាសដល់អ្នកទេសចររបស់ប្រទេសទាំង២ផងដែរ ។ ក្នុងនោះថៃក៏ត្រៀមទទួលអ្នកទេសចរចិនតាមរយៈការលើកលែងទិដ្ឋាការនេះផងដែរ ។ ថៃជាប្រទេសដំបូងគេដែលផ្ដល់ការលើកលែងទិដ្ឋាការដល់អ្នកទេសចរចិន និងកាហ្សាក់ស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់មកថៃក៏បានលើកលែងទិដ្ឋាការដល់ជនជាតិឥណ្ឌា និងពលរដ្ឋកោះតៃវ៉ាន់ ។ ក្នុងឆ្នាំ២០២៣ អ្នកទេសចរបរទេស ដែលធ្វើដំណើរទៅកាន់ប្រទេសថៃមានដល់ជាង២៨លាននាក់ ដែលនាំចំណូលបានដល់ជាង៣២ពាន់លានដុល្លារ ។ សម្រាប់កម្ពុជាយើងវិញទទួលបានភ្ញៀវទេសចរ៤,៤លាននាក់ នៅ១០ខែដំបូង ឆ្នាំ២០២៣ ។ នេះបើតាមសម្តីរបស់ លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងពិធីបុណ្យសមុទ្រ នៅចុងឆ្នាំ២០២៣ ។

ក្រៅពីវិធានការនានា ដើម្បីទាក់ទាញអ្នកទេសចរកម្ពុជាក៏ត្រូវតែអនុវត្តនូវការលើកលែង ទិដ្ឋាការសម្រាប់អ្នកទេសចរបរទេសមួយចំនួន ពិសេសអ្នកទេសចរចិន ។ ក្រៅពីវិធានការរបស់រាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចតាមព្រលានយន្តហោះរហូតដល់ប្រជាពលរដ្ឋខ្មែរ នៅសហគមន៍ទេសចរណ៍ទាំងអស់ក៏ត្រូវចូលរួមដើម្បីទាក់ទាញអ្នកទេសចរមិនថាទេសចរបរទេស ទេសចរចិន ឬក៏អ្នកទេសចរក្នុងស្រុកជាខ្មែរយើងនោះទេ ។
ការផ្តល់នូវសុវត្ថិភាពដល់អ្នកទេសចរជាជនបរទេសសំខាន់បំផុត ។ នៅពេលគេចុះពីយន្តហោះ ឬក៏ឆ្លងដែនចូលទឹកដីកម្ពុជា អាជ្ញាធរសមត្ថកិច្ចនៅព្រលានយន្តហោះ និងនៅតាមព្រំដែន សំខាន់ជាងគេដែលបានជួបស្វាគមន៍អ្នកទេសចរមុនគេ ។ សូមកុំកា.ប់កោរ គា.ប ហើយកុំឃើញអ្នកទេសចរបរទេសជាសាច់ជ្រូក ដែលត្រូវកា.ប់ចិញ្ច្រាំរកលុយឱ្យសោះ ។

ចេញពីការឆែកឆេរ ត្រួតពិនិត្យតាមព្រំដែន និងតាមព្រលានយន្តហោះហើយ អ្នកបើកបរ ដឹកជញ្ជូនភ្ញៀវទេសចរក៏យកថ្លៃសេវាសមរម្យ ។ ដាច់ខាតកុំកា.ប់ កុំកោរគេ ។ ចូរកុំភ្លេចថា កា.ប់កោរគេ បានតែម្តងទេ ហើយនឹងបាត់អតិថិជនរហូត ។ មកដល់កន្លែងស្នាក់នៅ កន្លែងដើរកម្សាន្ត និងភោជនីយដ្ឋានជាដើម ក៏ត្រូវតែលក់ដូរ ផ្តល់សេវាតាមធម្មតា ។ ស៊ូចំណេញតិចៗ តែមានភ្ញៀវច្រើន ។ នេះជាទ្រឹស្តីចិនលក់ចាប់ហ៊ួយ ដែលរកស៊ីស្រុកខ្មែរ ធ្វើមានធ្វើបាន ។

ក្រៅពីក្រុមអ្នកមានសមត្ថកិច្ច និងអ្នកផ្តល់សេវាអនុវត្តនូវគោលការណ៍សីលធម៌វិជ្ជាជីវៈហើយនោះប្រជាពលរដ្ឋខ្មែរយើងទូទៅ ពិសេសប្រជាពលរដ្ឋនៅសហគមន៍ និងតំបន់ទេសចរណ៍ក៏ត្រូវតែចូលរួមផ្តល់នូវសុវត្ថិភាពសម្រាប់អ្នកទេសចរ ។ ឧទាហរណ៍សាមញ្ញមួយ គឺពេលទេសចរដើរតាមផ្លូវ ឆ្លងផ្លូវ យើងជាខ្មែរទាំងអស់គ្នាគួរតែផ្តល់អាទិភាពឱ្យពួកគាត់ឆ្លងផ្លូវ ដោយផ្តល់នូវស្នាមញញឹមផង ។ កាយវិការបន្តិចៗនេះ តែអាចផ្តល់នូវគុណតម្លៃផង និងជាការផ្តល់នូវភាពកក់ក្តៅផងដល់ក្រុមអ្នកទេសចរ ។

សេវាកម្មនានា រួមទាំងម្ហូបអាហារក៏មិនត្រូវលក់ថ្លៃ កា.ប់កោរគេនោះទេ ។ បទពិសោធន៍កា.ប់កោរគេមិនដាក់ទឹក មានរួចហើយនៅតាមរមណីយដ្ឋាន តំបន់កម្សាន្តនានា នាពេលកន្លងមកនៅក្នុងប្រទេសយើងដែលនាំឱ្យក្សត់ភ្ញៀវ មិនថាបរទេស ឬក៏ភ្ញៀវខ្មែរទេ ។ ខូចកេរ្តិ៍ឈ្មោះ ហើយទម្រាំស្តាឡើងវិញ ត្រូវប្រើពេលច្រើនឆ្នាំ ។

ដូច្នេះហើយ ជាសរុបទៅ ក្រៅពីគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ដើម្បីទាក់ទាញអ្នកទេសចរ ក៏ទាមទារឱ្យប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប ត្រូវមានកាតព្វកិច្ច ចូលរួមស្វាគមន៍ និងផ្តល់ភាពកក់ក្តៅទាំងសុវត្ថិភាពផ្លូវចិត្ត និងផ្លូវកាយ ដល់ក្រុមអ្នកទេសចរ ។ សំខាន់បំផុត គឺអ្នកលក់ដូរ មិនត្រូវកា.ប់កោរតាមទម្លាប់អាក្រក់កន្លងមក ដែលអ្នកលក់ខ្លះ ខិលខូចនាំឱ្យខូចឈ្មោះ ហើយបំផ្លាញនូវការប្រឹងប្រែងរបស់អាជ្ញាធរសមត្ថកិច្ច ក្នុងការទាក់ទាញអ្នកទេសចរនោះឡើយ ៕
ចែករំលែកព័តមាននេះ