ក្រុងប៉ោយប៉ែត ៖ រថយន្តកាមរីដឹកទំនិញមួយគ្រឿងបានបុកគ្នាជាមួយរថយន្តកាម៉ាស្សមួយគ្រឿងទៀតបណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៧និង៥នាទីយប់ថ្ងៃទី២៥ ឧសភា ២០១១ ។ រថយន្តទាំង២គ្រឿងនេះ គឺកាម៉ាស្សជាប្រភេទសណ្តោង ចង្កូតឆ្វេង ពាក់ស្លាកលេខ ក-០៦៩៤ ភព៦ ចំណែកឯកាមរីចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-3084 បានបុកគ្នាលាន់គ្រាំងទ្រហឹងផ្អើលអ្នកភូមិ រួចហើយរថយន្តកាមរីចាប់ផ្តើមឆាបឆេះនៅលើចិញ្ចើមថ្នល់ ឯរថយន្តធំបើកចូលទៅឆេះខាងក្នុងបរិវេណក្រុមហ៊ុនមួយ ។
ពេលរថយន្តទាំង២គ្រឿងនេះឆេះ គ្មាននរណាហ៊ានចូលទៅជិតនោះទេ ព្រោះខ្លាចផ្ទុះកង់ ឬផ្ទុះអ្វីផ្សេងៗក្នុងរថយន្ត បណ្តាលឱ្យគ្រោះថ្នាក់ ហើយការឆាបឆេះនេះបានប្រើពេលជិតមួយម៉ោង ទើបរលត់ទៅវិញ ក្រោយពីអាជ្ញាធរ និងសមត្ថកិច្ចក្រុងធ្វើអន្តរាគមន៍សុំរថយន្តពន្លត់អគ្គិភ័យពីកាស៊ីណូមកជួយពន្លត់នោះ ។ គេឃើញរថយន្តតូច-ធំបានចតត្រៀបត្រាឆ្ងាយពីចំណុចកើតហេតុជាង១០០ម៉ែត្រ ទាំងខាងលិច ទាំងខាងកើត ដោយសមត្ថកិច្ចជំនាញ ប៉ូលិស ប៉េអឹម បានដាក់រថយន្តស៊ីទែន ពាំងបិទផ្លូវមិនឱ្យធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ព្រោះតែខ្លាចកើតបញ្ហាបន្ថែមទៀត ចំណែកមនុស្សម្នាក៏នាំគ្នាទៅចោមរោមមើលពីចម្ងាយយ៉ាងច្រើនកុះករ ។ រថយន្តកាមរីឆេះអស់មួយកំណាត់មុខ ក្នុងរថយន្តដឹកសុទ្ធតែទឹកក្រូច ក្បាលរថយន្តផ្នែកខាងមុខជ្រុងខាងស្តាំ រួញចូលគ្នាបន្តិច។ ឯម្ចាស់បានគេចខ្លួនទៅបាត់ ហើយរថយន្តតូចនេះបើកុំតែមានទឹកក្រូចពេញក្នុងរថយន្ត ម៉្លេះអាចនឹងឆេះទាំងអស់ ព្រោះពេលរថយន្តពន្លត់អគ្គិភ័យទៅដល់ចំណុចកើតហេតុគឺគេរវល់ចូលទៅពន្លត់រថយន្តធំមុន ព្រោះមានទំនិញពេញទាំងមុខទាំងសណ្តោងក្រោយ ។
រថយន្តធំឆេះខ្ទេចចំណុចក្បាលខាងមុខ ឯកង់ទាំងសងខាងក៏ឆេះអស់ដែរ ដោយឡែកឯសណ្តោងខាងក្រោយឆេះតែកង់ខាងឆ្វេង ផ្នែកខាងមុខ២កង់តែប៉ុណ្ណោះ ហើយអ្នកបើកបររថយន្តទាំង២គ្រឿង ពុំមាននរណាម្នាក់រងរបួសឡើយ ។ ការបុកគ្នាបង្កឱ្យមានការឆាបឆេះនេះ បើតាមប្រភពពីអ្នកនៅក្បែរចំណុចកើតហេតុបានឱ្យដឹងថា រថយន្តតូចទំនងជាបន្ថែមល្បឿន ដើម្បីគេចពីគយចល័ត ដែលនៅក្បែរកន្លែងកើតហេតុ ព្រោះដឹកទំនិញពេញខាងក្នុងលុះគាប់ជួននឹងរថយន្តធំមកដល់ ហើយបត់ចូលទៅក្រុមហ៊ុនផង ក៏បុកគ្នាតែម្តង ៕
ចែករំលែកព័តមាននេះ