រាជធានីភ្នំពេញ ៖ រថយន្តឃ្លុបដឹកទំនិញមួយគ្រឿងបានទាញចង្កូតគេច ម៉ូតូមួយគ្រឿងបើកកាត់មុខបណ្ដាលឱ្យក្រឡាប់បោកខ្លួនរងការខូចខាត ។ ទោះបីជាយ៉ាងណា គ្រោះថ្នាក់នេះ ពុំបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០ នាទីទៀបភ្លឺថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៦ នៅចំណុចស្តុបផ្លូវចូលវត្តភ្នៀត តាមមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តដែលជួបគ្រោះថ្នាក់ខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ ៣A-៣៥៣២ ជារថយន្តឃ្លុបដឹកទំនិញរបស់កងដឹកជញ្ជូនCT បើកបរដោយបុរសម្នាក់ពុំប្រាប់អោយស្គាល់អត្តសញ្ញាណឡើយ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងខាងលើធ្វើដំណើរតាមផ្លូវបេតុង ចេញពីវត្តភ្នៀត ក្នុងទិសដៅពីលិចទៅកើត នៅពេលធ្វើដំណើរមកដល់ចំណុចស្តុប តាមមហាវិថីឈ្នះឈ្នះក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកវ៉ាឆ្វេងកាត់ពីមុខ ជាហេតុធ្វើឲ្យអ្នកបើកបរទាញចង្កូតគេចមកស្តាំ បណ្ដាលឲ្យរថយន្តខាងលើក្រឡាប់បោកខ្លួន ។ ចំណែកម៉ូតូក៏បានបើកគេចទៅបាត់។
បន្ទាប់ពីមានគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ដោយសារតែពុំប៉ះពាល់ដល់អ្នកដំណើរម្ចាស់រថយន្តក៏បានហៅរថយន្តមកស្ទួច លើកឡើងវិញយកទៅជួសជុលដោយខ្លួនឯង៕







ចែករំលែកព័តមាននេះ