ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Asian Cup ៖ គ្រូ​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន​ថា កីឡា​ករ​​ពិបាក​ផ្តោតអារម្មណ៍​លើ​ការ​ប្រកួត

3 ខែ មុន

ប៉ា​ឡេ​ស្ទី​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់

ប៉ា​ឡេ​ស្ទី​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣ ទល់​នឹង​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់ នា​ថ្ងៃ​ទី​១៤ ខែមករា ឆាប់​ៗ​ខាង​មុខ​នេះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​រហូត​មក​ទល់​នឹង​ពេល​នេះ កីឡាករ​ប៉ា​ឡេ​ស្ទី​ន​កំពុង​ជួប​ការ​លំបាក​លើ​ការ​ផ្តោតអារម្មណ៍​ជុំវិញ​ស្ថានភាព​ដ៏​អាក្រក់ ដែល​ជា​លទ្ធផល​នៃ​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា​។

ប៉ា​ឡេ​ស្ទី​ន​មានការ​ប្រកួត​ចំនួន ៣ នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល C រួម​មាន​ជាមួយនឹង​អ៊ី​រ៉​ង់ អា​រ៉ាប់​រួម និង ហុងកុង នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១២ ខែមករា រហូត​ដល់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ ដែល​កា​តា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ប៉ា​ឡេ​ស្ទី​ន​ត្រូវ​ជួប​អ៊ី​រ៉​ង់​នៅ​ថ្ងៃ​ទី​១៤ មក​រា ហើយ​បន្ត​ជួប​អា​រ៉ាប់​រួម នៅ​ថ្ងៃ​១៨ មក​រា មុន​ពេល​ជួប​ហុងកុង នៅ​ថ្ងៃ​ទី​២៣ មក​រា ដែល​ជា​ជំនួប​បិទ​វគ្គ​ចែក​ពូ​ល​។

ក្រុម​ប៉ា​ឡេ​ស្ទី​ន​បាន​មក​ដល់​មូលដ្ឋាន​ហ្វឹកហ្វឺន​របស់​ខ្លួន​រួច​ហើយ ប៉ុន្តែ​សមាជិក​ទាំងអស់​ជួប​ការ​លំបាក​លើ​ការ​បែងចែក​ការ​ផ្តោតអារម្មណ៍​រវាង​បាល់ទាត់ និង​ស្ថានភាព​ជម្លោះ ដែល​ពួក​គេ​កំពុង​តែ​ប្រឈម​មុខ​ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣ កន្លង​មក​។ លោក Makram Daboub គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ប៉ា​ឡេ​ស្ទី​ន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ពី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​កន្លែង​កីឡាករ​លោក​កំពុង​ហ្វឹកហាត់​ថា «​មនុស្ស​គ្រប់​គ្នា​ត្រូវ​បាន​ស្អិត​ជាប់​ជាមួយនឹង​ព័ត៌មាន​មុន និង​ក្រោយ​ពេល​ហ្វឹកហាត់​លើ​ឡានក្រុង ឬ​នៅ​ក្នុង​សណ្ឋាគារ​»​។

ចាប់តាំងពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣ កន្លង​មក សកម្មភាព​បាល់ទាត់​នៅ​ហ្គា​ហ្សា (Gaza) និង​វ៉ែ​សបែង (West Bank) ត្រូវ​បាន​ផ្អាក​ទាំងស្រុង​។ កីឡាករ​មួយ​ចំនួន​មិន​អាច​បំភ្លេច​គ្រួសា​ពួក​គេ​បាន​ទេ អារម្មណ៍​ពួក​គេ​ជាប់​នៅ​ហ្គា​ហ្សា ហើយ​មិនដឹង​ថា ពេល​ណា​ពួក​គេ​នឹង​បែងចែក​អារម្មណ៍​បាន​ទេ​។
ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​នៃ​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន​សរសេរ​ថា «​អ្នកគាំទ្រ​ប៉ា​ឡេ​ស្ទី​ន​កំពុង​ពឹងផ្អែក​លើ​ក្រុម​ជម្រើសជាតិ ដើម្បី​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​នៅ Asian Cup បើ​ទោះបីជា​មាន​ស្ថានភាព​លំបាក​ដែល​ប្រជាជន​របស់​យើង​កំពុង​ជួប​ប្រទះ​ដោយសារ​ការ​ឈ្លានពាន​របស់​អ៊ី​ស្រា​អែ​ល ដែល​នាំ​ឱ្យ​មានការ​ផ្អាក​ការ​ប្រកួត​យ៉ាងណា​ក៏​ដោយ​»​។

មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​បង្ខំ​ឱ្យ​ភៀសខ្លួន​ចេញពី​កន្លែង​ជម្លោះ និង​ស្វែងរក​ទី​សុវត្ថិភាព​។ វា​ច្បាស់​ណាស់​ថា ការ​ផ្តោតអារម្មណ៍​របស់​កីឡាករ​ទាមទារ​ខ្លាំង​សម្រាប់​ការ​ប្រកួត ខណៈ​ដែល​ពានរង្វាន់ Asian Cup ទាមទារ​ប្រភេទ​នៃ​ការ​រៀបចំ​ផ្សេង​គ្នា​។ បើ​តាម​របាយការណ៍​អង្គការសហប្រជាជាតិ (UN) បាន​បង្ហាញ​ថា ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ ៨៥% នៃ​តំបន់​ហ្គា​ហ្សា​ត្រូវ​បាន​ផ្លាស់​ទីលំនៅ ដូច្នេះ​នឹង​ពិបាក​ខ្លាំង​សម្រាប់​កីឡាករ​ទាំងអស់​ផ្តោតអារម្មណ៍ នៅ​ពេល​ការ​ប្រកួត​ទល់​នឹង​អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ទី​១៤ ខែមករា ខាង​មុខ​នេះ​។

ប្រធាន​សមាគម​កីឡាបាល់ទាត់​ប៉ា​ឡេ​ស្ទី​ន លោក Jibril Rajub បាន​លើក​ឡើង​អំពី​មនោសញ្ចេតនា​ទាំងនេះ ដោយ​ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជម្លោះ​បាន​ជះ​ឥទ្ធិពល​លើ​ចលនា​កីឡា និង​យុវជន​។ អ្នកមាន​ទេព​កោសល្យ​វ័យក្មេង​ជា​ច្រើន​នាក់​បាន​មើលឃើញ​ថា អាជីព​កីឡា​ពួក​គេ​ត្រូវ​បាន​បាត់បង់ ហើយ​ត្រូវ​បង្ខំ​ឱ្យ​គេច​ចេញពី​ស្ថានភាព​ដ៏​អាក្រក់ ហើយ​ផ្លាស់​ទី​ទៅ​កន្លែង​មាន​សុវត្ថិភាព​។

មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​បាន​ចោទប្រកាន់​កងកម្លាំង​អ៊ី​ស្រា​អែ​ល​ថា កំណត់​គោលដៅ​ក្លិប​កីឡា​ប៉ា​ឡេ​ស្ទី​ន ដែល​នេះ​គឺជា​ការ​រំលោភ​លើ​ធម្មនុញ្ញ​អូ​ឡាំ​ពិ​ក​។ លោក​បាន​ចង្អុល​ទៅ​បញ្ហា​នៅ​កីឡដ្ឋាន​បាល់ទាត់ Yarmouk នៅ​ហ្គា​ហ្សា ដែល​ទាហាន​អ៊ី​ស្រា​អែ​ល​ប្រែក្លាយ​ទីនោះ​ទៅ​ជា​កន្លែង​ឃុំឃាំង ការ​រំលោភ​បំពាន និង​ការ​សួរ​ចម្លើយ​៕ (​ប្រភព ៖ Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ