ខេត្តកណ្តាល ៖ អណ្តាតភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់អស់ចំនួន៣ខ្នង ដោយខូចខាតអស់ទព្យសម្បត្តិជាង៣០ម៉ឺនដុល្លារឯណោះ ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីទៀបភ្លឺថ្ងៃទី០៤ មករា ២០២៤ ដោយផ្តើមចេញពីចំណុចផ្ទះរបស់ឈ្មោះឡាច ជរ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (មុខផ្សារអ្នកលឿងត្រើយខាងលិចផ្លូវចូលអតីតក្បាលសាឡាងចាស់) ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុកលើកដែកបានបញ្ជាក់ថា ករណីអគ្គិភ័យនេះ គឺឆេះដោយសារឆ្លងចរន្តអគ្គិសនីពីទូទឹកកកមក ទើបបង្កឱ្យក្លាយទៅជាអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះឈ្មោះឡាច ជរ ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរធ្វើកង់លក់ មានទីលំនៅភូមិ-ឃុំខាងលើ បណ្តាលអោយខូចខាតផ្ទះធ្វើអំពីឈើដំបូលប្រក់សង្ក័សីទំហំ5,5X50ម៉ែត្រ និងសម្ភារក្នុងផ្ទះឆេះអស់ទាំង បើគិតសរុបជាទឹកប្រាក់អស់ប្រមាណជា៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ដោយសារតែស្ថានភាពអណ្តាតភ្លើងឆេះឡើងខ្លាំងធ្វើអោយភ្លើងឆេះរាលដាលទៅដល់ផ្ទះក្បែរគ្នាចំនួន២ខ្នងទៀតរួមមាន ៖ទី១-ផ្ទះឈ្មោះហាំង សេងហុង ភេទប្រុស អាយុ៥២ឆ្នាំ ។ ទី២-ផ្ទះ ឈ្មោះ ឡុង នី ភេទប្រុស អាយុ៦៩ឆ្នាំ ។

សូមបញ្ជាក់ទៀតថា ករណីនេះមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់់ឡើយ ។ ចំពោះមូលហេតុ បើតាមការបំភ្លឺពីម្ចាស់ផ្ទះឈ្មោះ ឡាច ជរ បញ្ជាក់ថា មកពីឆ្លងចរន្តអគ្គិសនីពីទូទឹកកក ។ ក្នុងនោះផងដែរ កម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន១២ឡានទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃដដែល ។





ចែករំលែកព័តមាននេះ